សង្គម​​ស៊ី​វិល​​បារម្ភ​ជា​ថ្មី​ពី​សុវត្ថិ​ភាព​សត្វ​ព្រៃ​ ខណៈ​ជន​ល្មើស​នៅ​បន្ត​ដាក់​អន្ទាក់​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រៃ

អន្ទាក់ដែលក្រុមមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីបរិស្ថាន បានដោះចេញពីក្នុងព្រៃ កាលពីអំឡុងដើមឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Wildlife Alliance Cambodia – អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ)

អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ (Wildlife Alliance Cambodia) ​នៅ​តែ​មាន​ក្ដី​បារម្ភចំ​ពោះ​សុវត្ថិភាព​សត្វ​ព្រៃ​គ្រប់​ប្រភេទ​​ ខណៈ​​អន្ទាក់​នៅ​តែ​បន្ត​មាន​គ្រប់​ទី​កន្លែង​នៅ​ក្នុ​ងព្រៃ​ បើ​ទោះបី​ជាកន្លងមកមានការដកហូត​​អន្ទាក់​បាន​យ៉ាងច្រើនជាហូរហែមកហើយ​ក៏ដោយ។

ប្រធាន​ថែទាំ​ និង​​សង្រ្គោះ​សត្វព្រៃ នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ លោក និក ម៉ាក្ស បាន​ប្រាប់ ​​វីអូឌី ​​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​មាន​ការ​បារម្ភចំពោះ​ចំនួន​អន្ទាក់​សត្វ​​ព្រៃ​ដ៏​ច្រើន​លើសលុបដែល​ជនល្មើសនៅបន្តដាក់នៅក្នុងព្រៃ​ ហើយ​អន្ទាក់ទាំងនោះ អាច​បណ្ដាល​ឱ្យមានការ​​​បាត់​បង់​សត្វ​ព្រៃ​ទាំង​ស្រុង​​នាពេល​​អនាគត ប្រសិន​បើអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការទប់ស្កាត់​ទេនោះ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​បារម្ភ [អំពី] អន្ទាក់ មក​ពី​មាន​មូល​ហេតុ​ច្រើន​ ប៉ុន្តែ​ថ្ងៃក្រោយ ​សត្វ​ព្រៃ [អាច​នឹង​] ​អស់​រលីង​ ប្រសិន​យើង​អត់​ការពារ​សត្វ​ព្រៃ​ពី​អន្ទាក់​។ [ទី] មួយ​ ព្រាន​ព្រៃ​ដាក់​អន្ទាក់​ច្រើន​ណាស់​នៅ​ក្នុង​ព្រៃ​ […]  មួយទៀត​អន្ទាក់​អាច​ចាប់​​​ជ្រូក​ព្រៃ​! គេ [ព្រានព្រៃ] អាច​ចាប់សត្វ​ទាំង​អស់​ [ដូចជា] កូន​ដំរី​ សត្វកម្រ​ ទន្សោង​ ខ្ទីង​​។ ថ្ងៃក្រោយ ​គេ​ [សត្វព្រៃទាំងនេះ​] នឹង​ងាប់​»។

លោក​បាន​លើក​ឡើង​ថា​ អន្ទាក់​ទាំង​នេះ​មាន​តម្លៃថោក​ដែល​​អាចឱ្យ​ព្រាន​ព្រៃ​អាច​​​បន្តដាក់​អន្ទាក់​សត្វ​ព្រៃ​​នៅ​គ្រប់​ទី​កន្លែង។

លោក​បាន​បន្តថា​៖ «​ក្រុម​ល្បាត​​យើង​និង​ក្រុម​ល្បាត​​អង្គការ​ទាំងអស់​ [បាន] ​ចូល​ក្នុង​ព្រៃ​រក​អន្ទាក់​ ប៉ុន្តែ​ [ដោយសារ​] អន្ទាក់​ [មានតម្លៃ​] ថោក​ៗ​ [ដូច្នេះ] ព្រាន​ព្រៃ​ចូល​ក្នុ​ង​ព្រៃ​ម្តង​ទៀត​ [ដើម្បី​] ដាក់​អន្ទាក់​បន្ថែម​ទៀត​ និង​ គេ [ព្រានព្រៃ​] ​អត់​ដាក់​អន្ទាក់​តែ​មួយ​ [ឬ] ពីរ​បី [តែ​] គេ​ដាក់​អន្ទាក់​រាប់​រយ​នៅ​ក្នុ​ងព្រៃ​គ្រប់​កន្លែង»។

វីអូឌី​ មិន​អាច​សុំ​ការ​អធិប្បាយ​ពីអ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក នេត្រ ភក្រ្ដា​ បាន​ទេ​ នៅ​ថ្ងៃ​នេះ។ ​

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​ ថ្មីៗ​នេះ សត្វ​ខ្ទីង​មួយ​ក្បាលក៏​បាន​​ងាប់​ ដោយ​សារ​វា​មាន​របួស​ធ្ងន់​ធ្ងរ​បន្ទាប់​ពីជាប់​អន្ទាក់​ព្រានព្រៃ។ ​​

យោង​តាម​​របាយការណ៍​​​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ (Wildlife Alliance Cambodia) បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​បុក​ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា​ ឆ្នាំ​២០២១​​​ ថា​ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ និងក្រុម​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ បាន​ដក​អន្ទាក់​ចេញ​ប្រមាណ១០ ០០០អន្ទាក់​ពីក្នុងព្រៃតំបន់ការពារ គិត​ត្រឹម​រយៈពេល​៥ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ