អាជ្ញាធរ​គ្រោង​ឱ្យ​សាច់​ញាតិ​យក​សព​អ្នក​ស្លាប់​ដោយ​​កូវីដ-១៩​បញ្ចុះ​ខ្លួន​ឯង​ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​បូជា

ក្រុមអ្នកជំនាញសុខាភិបាលបានរៀបចំសាកសពអ្នកស្លាប់ដោយសារកូវីដ-១៩ យកទៅបូជានៅក្បែរជើងភ្នំមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

អភិបាលរងរាជធានីភ្នំពេញ អះអាងថា អាជ្ញាធរគ្រោងអនុញ្ញាតឱ្យក្រុមគ្រួសារឬសាច់ញាតិអាចយកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែមិនអនុញ្ញាតឱ្យយកសពនោះទៅបូជាឡើយ ដោយថា ការបូជានៅ​កន្លែងមិនត្រឹមត្រូវ អាចប្រឈមនឹងការចម្លងជំងឺនេះ​ទៅអ្នកដទៃបន្ថែមទៀត។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ក្រុមគ្រួសារអាចស្នើសុំយកសពសាច់ញាតិដែលស្លាប់ដោយសារជំងឺកូវីដ-១៩ទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែត្រូវអនុវត្តនិងគោរពតាមវិធានការសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ទៅកាន់អ្នកដទៃក្នុងពេលបញ្ចុះសព។

ចំពោះការយកសពអ្នកស្លាប់ដោយជំងឺ​កូវីដ-១៩ទៅបូជាដោយខ្លួនឯងវិញនោះ លោកបញ្ជាក់ថា អាជ្ញាធរមិនអនុញ្ញាតឡើយ ព្រោះការបូជាសពអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមមួយនេះដោយ​មិនមានបច្ចេកទេសត្រឹមត្រូវនោះ ប្រឈមនឹងការចម្លងជំងឺទៅកាន់អ្នកដទៃ។

លោកថា៖ «គោលការណ៍បូជា គេមានកម្រិតអនាម័យរបស់គេ អ៊ីចឹងយើងមានកន្លែងបូជា! គាត់មិនអាចយកទៅបូជានៅផ្ទះទេ ព្រោះវាឆ្លង​ ព្រោះ​ពេលយើងបូជាទៅ អាថង់​យើងរុំសពវារហែក អ៊ីចឹងពេលរហែក វានឹងឆ្លង!​ អ៊ីចឹងការបូជា គេប្រយ័ត្នប្រយែង។ បើបញ្ចុះ ​​យើងរុំសពហើយ គឺចប់ហើយ ចូលក្នុងក្ដារមឈូសហើយ។ មានន័យថា ពេលបូជា ថង់រុំ​នឹងរហែក តើអាច​ឆ្លងអត់? អ៊ីចឹងអត់បានទេ! អាហ្នឹងបូជា កន្លែងគេរៀបចំ​ជូន។ ជាទូទៅ យើងមិនទាន់អនុញ្ញាតឱ្យក្រុមគ្រួសារចូលជិតបានទេ។ ប៉ុន្តែគាត់អាចមើលពីចម្ងាយបាន ឧទាហរណ៍ គេបូជានៅវត្តណា គាត់ទៅមើល​បាន​ ដោយឈរពីចម្ងាយ»។

អភិបាលរងរាជធានីភ្នំពេញរូបនេះ បន្តថា អាជ្ញាធរនឹងប្រជុំក្នុងសប្ដាហ៍នេះ អំពីនីតិវិធីនៃការបញ្ចុះសពនិងការរក្សាអនាម័យបែបណា ដើម្បីកុំឱ្យ​ជំងឺកូវីដ-១៩ ឆ្លងទៅក្រុមគ្រួសារសពនិងអ្នកដទៃទៀត។ លោកបញ្ជាក់ថា ការសម្រេចអនុញ្ញាតឱ្យគ្រួសារឬសាច់ញាតិអាចយកសពទៅបញ្ចុះដោយខ្លួនឯងបាន ធ្វើឡើងបន្ទាប់ពីមានការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង សុំមិន​ធ្វើអត្ថាធិប្បាយលម្អិត ដោយថា ខាងអនុគណៈកម្មការបាន​រៀបចំនីតិវិធីនេះរួចហើយ។

លោកថា៖ «ដូចជានៅខាងក្រសួងធម្មការ​អីដែរ ដែលគាត់​កាន់ខាងហ្នឹង! ពីរឿងនីតិវិធីនៅក្នុងការបញ្ចុះសពហ្នឹង! អ៊ីចឹងខ្ញុំមិន​នេះ[និយាយ]ទេ ដោយសារគេមានអនុគណៈកម្មការជំនាញរបស់គេក្នុងហ្នឹង។ ខាងអនុគណៈកម្មការគាត់បានជម្រាបហើយពីរឿងការណែនាំ​ ពាក់ព័ន្ធនឹងការគ្រប់គ្រងសាកសព។ ខ្ញុំទុកឱ្យខាងគាត់ជាអ្នកនេះ[ជម្រាប]ចុះ ពីព្រោះគេមានអនុគណៈកម្មការជំនាញរបស់គេ»។  

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បង្ហាញក្ដីបារម្ភចំពោះហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នឹងអាចកើតមានឡើង បើសិនជាក្រុមគ្រួសារឬសាច់ញាតិសពអនុវត្តតាមវិធានការសុខាភិបាលមិនបានត្រឹមត្រូវនោះ។

 លោកថា៖ «បើសិនជាអាជ្ញាធរធ្វើដូច្នោះ លុះត្រាតែជួយគាត់​ធ្វើម៉េចពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព​ ជួយហ្នឹងគឺជួយក្នុងការណែនាំគាត់​ពីបញ្ហាសុវត្ថិភាព ឬជួយបំពាក់ឧបក​រណ៍មួយចំនួនដែលពាក់ព័ន្ធនឹងសុវត្ថិភាព​របស់ក្រុមគ្រួសារអ្នកដែលចាត់ចែងសពផ្ទាល់ នេះជារឿងមួយសំខាន់! អ៊ីចឹងរឿងទាំងអស់នេះហើយដែលជាការព្រួយបារម្ភ ដែលត្រូវការចូលរួមពីអាជ្ញាធរ​ ហើយបើធ្វើដូច្នេះ ទាល់តែឱ្យអាជ្ញាធរនៅសង្កាត់នោះ​មានជំនាញ មានសមត្ថភាព​ ដើម្បីជួយ អាហ្នឹងប្រហែលជាអាចដំណើរការទៅដោយមិនមានហានិភ័យខ្ពស់»។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ឱ្យដឹងកាលពីម្សិលមិញថា មួយរយៈពេលចុងក្រោយនេះ អត្រាអ្ន​​​​​កស្លាប់ដោយជំងឺកូវីដ-១៩កើនឡើង ដែលធ្វើឱ្យ​ដំណើរការបូជាសពមានភាពយឺតយ៉ា​វ ក្នុងនោះ សពអ្នកជំងឺកូវីដ-១៩ ចំនួន៥០នាក់កំពុងដាក់ក្លាសេរង់ចាំការ​បូជា។

​​លោក កើត ឆែ បន្តថា ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ ដែលរដ្ឋាភិបាលផ្ដល់ឱ្យកាលពីខែមីនា ឆ្នាំ២០២១ សម្រាប់រៀបចំបូជាសពនោះ មានចម្ងាយឆ្ងាយពេក និងមិនទាន់មានហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្ន​ល់ងាយស្រួលនៅឡើយ។

កាលពីដើមខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បានបញ្ជាឱ្យក្រសួងបរិស្ថាន និងគណៈកម្ម​ការជាតិ​ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យយកឈើល្មើសច្បាប់ទាំងអស់ដែលបង្ក្រាបបានទៅធ្វើក្តារមឈូស​ទុកសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩។ លោកថែមទាំងបានបញ្ជាឱ្យអភិបាលខេត្ត-ក្រុង និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ចេញកញ្ចប់ថវិកា ដើម្បីទិញក្តា​រមឈូស​បន្ថែមទៀតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ