គ្រោះ​ថ្នាក់​ចរា​ចរណ៍​​កើត​ឡើង​​ភាគ​​ច្រើន​​បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់

ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​​ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ភាគច្រើនកើតឡើងដោយសារ​ការបើកបរលើសល្បឿនកំណត់។

របាយការណ៍ស្តីពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២១ ​ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក​កាលពីសប្តាហ៍មុន បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២១​នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង​ចំនួន១ ២៦១លើក ក្នុងនោះ ជាង៥០ភាគរយកើតឡើងពេលយប់។ របាយការណ៍បន្តថា អត្រាគ្រោះថ្នាក់នេះបណ្ដាលឱ្យ​មនុស្សចំនួន​៧០៩​នាក់ស្លាប់ និងរបួសធ្ងន់​ស្រាលចំនួន១ ៧៩២នាក់។

ប្រភពដដែលបន្តទៀត​​ថា តួលេខនេះបើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០ បានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ។

យ៉ាងណា របាយការណ៍នេះបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនជាងគេ គឺការបើកបរលើសល្បឿនកំណត់។

ទំព័រហ្វេសប៊ុកលោក ស ខេង ថា៖ «មូលហេតុនៃគ្រោះថ្នាក់ គឺពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ»។

អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឺមខឿន ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ការបើកបរ​លើសល្បឿនកំណត់ភាគច្រើនកើតឡើងដោយសារតែអ្នកបើកបរ​មិនគោរព​តាមគោលការណ៍ច្បាប់ចរាចរណ៍។ បញ្ហានេះ លោក​ស្នើឱ្យអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់និងមិនត្រូវបើកបរលើសល្បឿនកំណត់​នោះឡើយ ខណៈមន្ត្រីជំនាញនឹងបន្តរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត។

លោកបន្តថា៖ «ទី១ សមត្ថកិច្ចនៅតែខិតខំបន្តផ្សព្វផ្សាយ អប់រំ និងអំពាវនាវដល់អ្នកបើកបរទាំងអស់យកចិត្តទុកដាក់នាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ហើយទី២ សមត្ថកិច្ចនៅតែបន្តឱ្យ​​អស់ពីលទ្ធភាពក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ត្រូវមានផាកពិន័យ ត្រូវចាប់ល្បឿន ដើម្បីផាកពិន័យ ហើយយើងនឹងពិនិត្យមើលបញ្ហាបន្ទាប់បន្សំពាក់ព័ន្ធនឹងការបំពាក់ឧបករណ៍សម្ភារមួយចំនួន​នៅតាមដងផ្លូវដែលជាសញ្ញាបញ្ជាក់ចរាចរណ៍»។

ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍នៃអង្គការជនពិការអន្តរជាតិ ​លោក គង់ រតនៈ មានប្រសាសន៍កាលពីថ្ងៃចន្ទ​ថា ​​វិធានការ​ទប់ស្កាត់ការបើកបរលើសល្បឿនកំណត់នេះ នៅមិនទាន់​អនុវត្តឱ្យ​​បានពេញលេញនៅឡើយ ជាពិសេស​យន្តការកំណត់​តំបន់ដែលគួរបន្ថយល្បឿន ក៏ដូចជាការរឹតបន្តឹងច្បាប់ នៅមិនទាន់មានប្រសិទ្ធភាព។

លោកបន្តថា៖ «ជាទូទៅ រដ្ឋាភិបាលម្នាក់ឯងមិនអាចធ្វើការងារហ្នឹងបានដោយជោគជ័យនោះទេ វាត្រូវមានការចូលរួមពីប្រជាពលរដ្ឋ។ អ៊ីចឹងសម្រាប់ខ្ញុំ យើងសំណូម​ពរទៅដល់រដ្ឋាភិបាលបង្កើនថវិកាសម្រាប់ការអនុវត្តសកម្មភាពហ្នឹង ហើយបន្ទាប់មកទៀត ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា បានយើងអាចទទួលបានជោគជ័យ»។

យ៉ាងណា របាយការណ៍ក្រសួងមហាផ្ទៃដដែល បញ្ជាក់ថា ​រយៈពេល៦ខែដើមឆ្នាំ២០២១នេះ ភូមិសាស្ត្រដែលមាន​អត្រាគ្រោះថ្នាក់ចរាចរណ៍ច្រើន គឺនៅរាជធានីភ្នំពេញ ​មានចំនួន៣៤០​លើក ខេត្តកណ្តាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក។ ចំណែកគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឱ្យកម្មកររបួសសរុបចំនួន២៧៦នាក់។

ក្រសួងថា បញ្ហាប្រឈមខ្លាំងជាងគេ គឺបទល្មើសមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់ត្រឹមត្រូវ និងល្មើសល្បឿន នៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះដែលស្លាប់មាន៧៨ភាគរយ ជាអ្នកជិះម៉ូតូ និង ៦៩ភាគរយទៀត មិនពាក់មួកសុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ