អ្នក​ជំនាញ UN​ ស្នើ​​​កម្ពុជា​​​​ដក​អនុក្រឹត្យ​ស្ដីពី​កាតព្វ​កិច្ច​ចាក់​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ​-១៩​វិញ

យុទ្ធនាការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ចំនួន៧៥៨នាក់​ ដោយបានទទួលការចាក់វ៉ាក់សាំងប្រភេទ​ (ស៊ីណូវ៉ាក់​ ) លើកទី១​ នៅមន្ទីរពេទ្យព្រះកេតុមាលា​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ ក្រោមអធិបតីភាពលោក​ ទៀ​ បាញ់​ រដ្ឋមន្រ្តីក្រសួងការពារជាតិ​ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ស្នើ​រដ្ឋាភិបាល​កម្ពុជាពិចារណា​ដកមក​វិញនូវអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានអះអាងថា ការចាក់វ៉ាក់សាំងមិនមានការបង្ខិតបង្ខំនោះទេ។

ការស្នើនេះបានធ្វើឡើង​​តាមរយៈលិខិតរបស់​អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលរួមមាន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិខាងសុខភាពផ្លូវកាយនិងផ្លូវ​ចិត្ត និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិរបស់មនុស្សគ្រប់រូបដើម្បីទទួលបាននូវការពេញចិត្ត ផ្ញើជូនរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ។

លិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិ ​បានចាត់ទុកថា អនុក្រឹត្យស្ដីពី «កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩» អាចមានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិនៃលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ ជាពិសេស កតិកាសញ្ញាអន្តរជាតិស្តីពី «សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR)» ដែលកម្ពុជាជារដ្ឋភាគី។ ជាពិសេស គឺសិទ្ធិសុខភាព មាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពី «សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR)» នេះ។

នៅក្នុងលិខិតនោះ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ​ បានស្នើយ៉ាងទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យពិចារណាលើការដកហូតអនុក្រឹត្យឬចាត់វិធានការផ្សេងៗ ដើម្បីធានាភាពស្របគ្នាជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

នៅក្នុងលិខិតនោះ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស បានសម្តែងកង្វល់ចំពោះមាត្រា៣ នៃអនុក្រឹត្យនេះ ដែលចែងអំពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំពោះមន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងអង្គនីតិប្រតិ​បត្តិ ពលរដ្ឋដែលកាន់តំណែងសាធារណៈ​តាមរយៈការបោះឆ្នោត និងមន្រ្តីសាធារណៈ នៅស្ថាប័ននីតិបញ្ញត្តិ និងចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីដទៃទៀតនៅក្នុងស្ថាប័នតុលាការ។

ក្រុមអ្នកជំនាញ ក៏​បានសម្តែងកង្វល់ផងដែរចំពោះមាត្រា៥ នៃអនុក្រឹត្យនេះ ដែលចែងថា អ្នកដែលគេចវេះពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងទទួលការព្រមាននិងការស្តីបន្ទោសពីស្ថាប័នសាម៉ីរបស់ខ្លួន ហើយក្នុងករណីមានការខកខានម្តងហើយម្តងទៀត ស្ថាប័នពាក់ព័ន្ធអាចដាក់វិន័យផ្សេងទៀត ដោយយោងតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកលិខិតរបស់អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនោះថា មិនមានសារៈសំខាន់សម្រាប់ការពិចារណានោះទេ។

អ្នកនាំពាក្យ និងជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានថ្លែងថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​នៅកម្ពុជា កំពុងឈានទៅមុខ ដោយមិនមានការបង្ខិតបង្ខំនោះទេ។ លោកថា ពេលនេះ កម្ពុជារកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ទើរ​មិនចង់បានផង ទោះបីជាមានជំនួយពីប្រទេសចិនក្តី។

លោក កត្តា អ៊ន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ឃើញថា សេចក្តីថ្លែងការណ៍ទាំងនោះ លិខិតទាំងអស់នោះ វាមិនមានសារៈសំខាន់អីទេ ពីព្រោះថា ដំណើរការនៃការចាក់វ៉ាក់សាំងនៅកម្ពុជាយើងបានឈានមុខហើយ យើងបានជាង៤លាននាក់ ស្មើជាង៤០%ហើយ។ ហើយជាគោលការណ៍ គឺតាមការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ យើងអត់មានបង្ខិតបង្ខំ ឬមួយកំហិត ឬមួយដាក់លក្ខខណ្ឌអ្វីមួយទេ»។

យ៉ាងណាក្តី កាលពីខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធថា ពួកគេនឹងបាត់បង់ការងារពីក្របខណ្ឌរដ្ឋ ប្រសិនបើមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទេនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងបានថ្លែងទៀតថា នៅពេលខាងមុខ ការចាក់វ៉ាក់សាំងនឹងក្លាយទៅជាកាតព្វកិច្ច មិនមែនអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទៀតនោះទេ។

ការព្រមាន​របស់ប្រមុខរដ្ឋាភិបាលកាលនោះ ​ដោយសារតែ​មានមន្ត្រីរាជការ​មួយចំនួន​រារែក​​ក្នុងការ​ទទួល​យកវ៉ាក់សាំង​ ខណៈ​ដែលប្រទេស​កម្ពុជា​កាលនោះ ទើបតែ​ចាក់វ៉ាក់សាំង​បានមិនដល់​១០%ផង​។

ភ្លាមៗ ក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយនៅថ្ងៃទី១១ ខែមេសា ស្តីពី​«កាតព្វកិច្ច​នៃ​ការ​ទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩»។

គិតត្រឹមថ្ងៃទី១៣ ខែកក្កដានេះ យុទ្ធនាការចាក់វ៉ាក់សាំងនេះសម្រេចបានជាង៤លាននាក់ហើយ។ រដ្ឋាភិបាលកម្ពុជាមានគម្រោងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ឱ្យបាន១០លាននាក់ នៅត្រឹមចុងឆ្នាំ២០២១ ឬ ដើមឆ្នាំ២០២២ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ