បទ​វិភាគ​៖​ សារៈ​សំខាន់​នៃ​យុត្តិធម៌​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ

ក្រុម​ស្ត្រី​ប្រមាណ១០នាក់ បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួក​គេ (អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​) នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

«យុត្តិធម៌» ត្រូវបានគេឱ្យនិយមន័យថា ជាសេចក្តីទៀងត្រង់ ការប្រព្រឹត្តទៅដោយត្រឹមត្រូវ និង​ជាទីគួរ​គាប់​ស្របទៅ​តាម​ច្បាប់។ ដោយ​យុត្តិធម៌ជា​មាគា៌ដែល​គួរ​ប្រកាន់​យក​សម្រាប់​បុគ្គល​គ្រប់​រូបឬ​គ្រប់​សង្គម​ ពិសេស​សង្គមប្រកាន់​យកល​ទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងគោលការណ៍ច្បាប់។ ប៉ុន្តែសម្រាប់​​ប្រទេស«កុម្មុយនីស្ត» ឬ ​ផ្តាច់ការជាច្រើន យុត្តិធម៌នេះស្ថិតនៅលើមាត់បុគ្គលជាអ្នកដឹកនាំឬ​​មនុស្សមួយក្រុមតែប៉ុណ្ណោះ។

ដូចគ្នាទៅនឹងបណ្តាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ កម្ពុជាក៏ជាប្រទេសមួយត្រូវបានធានាឱ្យមានការគោរពនូវគោលការណ៍នីតិរដ្ឋដែលយកយុត្តិធម៌ជាធំ ដោយប្រព្រឹត្តទៅដោយការ​អនុវត្តច្បាប់ស្មើភាពគ្នា ​គ្មានការរើសអើង មិនថាអ្នកមាន ​អ្នកក្រ អ្នកធំ អ្នកតូចតាច​នោះឡើ​យ។

យ៉ាងណាក៏ដោយចុះ សម្រែក​នៃភាព​អយុត្តិធម៌ពីសំណាក់ពលរដ្ឋទន់ខ្សោយឬ​ក្រុមមនុស្សដែលមិនមានអំណាច​នៅកម្ពុជា​នៅតែកើតមានឡើង ហើយ​សម្រែកទាំងនោះត្រូវបានគេឮ​នៅតាមដងផ្លូវ នៅមុខតុលាការ កន្លែង​មាន​ជម្លោះដីធ្លី តំបន់​ការ​ពារ​បរិស្ថាន នៅ​ក្បែរផ្ទះ​នាយករដ្ឋមន្ត្រី នៅមុខ​ស្ថាប័នជាតិសំខាន់ៗ និងនៅលើបណ្តាញសង្គម ជាដើម។  

តើយុត្តិធម៌មានសារៈសំខាន់បែបណាសម្រាប់ពលរដ្ឋ​ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ?

ក្រុម​អ្នកតាមដានសង្គម និយាយថា សង្គមមួយ​ដែលមានយុត្តិធម៌​ពិតប្រាកដ គឺជាអ្វីដែលពលរដ្ឋគ្រប់រូបរស់នៅក្នុង​សង្គមនោះ​ចង់​បាន ព្រោះយុត្តិធម៌ពិត​នឹងធ្វើឱ្យសង្គមមួយ​គ្មានការបែងចែកវណ្ណៈ គ្មានការរើសអើង គ្មានការជិះជាន់ ពោលជាសង្គមមួយដែលរស់នៅដោយសុខដុមរមនាជាមួយគ្នានិងមានការអភិវឌ្ឍពិត។

ផ្ទុយទៅវិញ ប្រសិនបើសង្គមមួយដែលគ្មានយុត្តិធម៌ពិត ដោយសារការអនុវត្តច្បាប់មានស្តង់ដារច្រើន ការជិះជាន់គ្នានឹងកើតមាន ការបែងចែកវណ្ណៈ ការរើសអើង អំពើពុករលួយ ការកេងប្រវ័ញ្ច ការរំលោភសិទ្ធិមនុស្ស ជាដើម ប្រាកដជាកើតមានដោយចៀសមិនរួច។ លើសពីនេះ អំពើអយុត្តិធម៌ទាំងនោះក៏ជាបុព្វហេតុនាំឱ្យសង្គមមួយមានការតវ៉ាប្រឆាំងរដ្ឋអំណាចឥតឈប់ឈរ រហូតធ្វើឱ្យក្លាយជាចលនាមហាជន និងចុងក្រោយរហូតឈានទៅដល់ការធ្វើបដិវត្តន៍ប្រឆាំងអំពើអយុត្តិធម៌នោះថែមទៀតផង។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង មាន​ប្រសាសន៍​ពីសារៈសំខាន់នៃការ​អនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ក្នុងសង្គមប្រជាធិបតេយ្យយ៉ាងដូច្នេះថា៖ «យុត្តិធម៌ត្រូវបានកំណត់និងការពារដោយធាតុផ្សំមួយយ៉ាងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ គឺគោលការណ៍នីតិរដ្ឋ។ នីតិរដ្ឋ ឬ​ការអនុវត្តច្បាប់​ហ្នឹង ពុំមែនមានន័យតែថែរក្សាសុខ សន្តិសុខ សណ្ឋាប់ធ្នាប់សង្គម ឬរក្សាបាន​ប្រពៃណីល្អសង្គមតែម្យ៉ាងទេ។ ការបង្កើតច្បាប់នៅក្នុងរដ្ឋមួយ គឺមានចេតនាការពារយុត្តិធម៌បុគ្គលផង និងយុត្តិធម៌ពលរដ្ឋស្មើគ្នាចំពោះមុខច្បាប់ផង។ ទីពីរ យុត្តិធម៌ ក៏មានន័យបង្ហាញពីភាពស្មើគ្នារបស់ពលរដ្ឋទាំងឡាយ ព្រោះអីយើងដឹងហើយថា ពលរដ្ឋគ្រប់រូបត្រូវបានទទួលស្គាល់ស្មើៗគ្នាចំពោះមុខច្បាប់។ នេះបើយើងតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា»។

លោកបន្តទៀតថា៖ «យុត្តិធម៌ ក៏ជាឧបករណ៍បង្ហាញឱ្យឃើញពីភាពត្រឹមត្រូវ និងការរក្សាបាននូវភាពថ្លៃថ្នូរ និងរក្សាបាននូវភាពរួចផុតពីទោសពៃរ៍ នេះគឺអត្ថន័យសំខាន់ណាស់សម្រាប់យុត្តិធម៌។ ជារួម យុត្តិធម៌ មានន័យសម្រាប់ការពារប្រយោជន៍របស់បុគ្គលទាំងអស់ដែលជាពលរដ្ឋនៅក្នុងប្រទេសប្រជាធិបតេយ្យមួយ ដោយទទួលបានតាមនីតិវិធីច្បាប់ ដោយទទួលបានការការពារដោយច្បាប់ ដោយទទួលបាននូវការការពារសេចក្តីសុខឬ​សេចក្តីថ្លៃថ្នូររបស់បុគ្គល»។   

សម្រាប់កម្ពុជា លោក គឹមហុង មើលឃើញថា ប្រព័ន្ធនៃការផ្តល់យុត្តិធម៌ជូនពលរដ្ឋគ្រប់រូបនៅមិនទាន់បានពេញលេញឡើយ ទោះបីជាមានការប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជាជាបន្តបន្ទាប់ ដូចជា ការបង្កើត​យន្តការ​ដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ ការបង្កើតឱ្យមានសាលាឧទ្ធរណ៍តំបន់ក៏ដោយ ក៏ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានគេមើលឃើញថា អនុវត្តមានស្តង់ដារច្រើន។  

លោកមានប្រសាសន៍ថា៖ «ដូច្នេះ ប្រសិនបើយុត្តិធម៌ពុំមានសម្រាប់សង្គមមួយទេ ឧទាហរណ៍ថា អ្នកមានអំណាច មានតួនាទី នៅពេលប្រព្រឹត្តបទល្មើស មិនត្រូវបានកាត់ទោស ឬកាត់ទោសដែរប៉ុន្តែលក្ខខណ្ឌ​នៅក្រៅឃុំហ្នឹងវាងាយស្រួលជាង ឬការអនុវត្តទោសហ្នឹងវាតិចជាង។ ប៉ុន្តែចំពោះអ្នកតូច អ្នកទាប អ្នកក្រីក្រ​ កសិករដែលគ្មានខ្សែ គ្មានគ្នាគ្មានខ្នងហ្នឹង បែរជាមានទោសដែរ តែមានទោសធំជាងបទល្មើសដែលខ្លួន​ឯងបានប្រព្រឹត្ត ឬពុំមានការលើកលែង ឬ​ពុំទទួលបានការវិនិច្ឆយថាគ្មានទោសនោះទេ នោះប្រាកដជាធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌។ ដល់ពេលយូរៗទៅ ពលរដ្ឋមិនត្រឹមតែបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ទេ ប៉ុន្តែនឹងបាត់បង់ជំនឿលើប្រព័ន្ធដឹកនាំរដ្ឋតែម្តង»។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣១ បានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយគ្មានការរើសអើងនិងប្រកាន់ពូជសាសន៍ជាដើម។  

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ជាបទពិសោធន៍ នៅលើសកលលោក​ មានបណ្តាប្រទេសមួយចំនួនដែលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលឬអ្នកដឹកនាំ រហូតដល់ការធ្វើបដិវត្តន៍ជាដើមនោះ មួយផ្នែកធំគឺកើតចេញពីអំពើអយុត្តិធម៌នោះឯង។

លោកមានប្រសាសន៍ថា៖ «បាទ! នេះ​ជាការពិត ព្រោះយើងឃើញហើយ បរិបទនៅក្នុងប្រទេសមួយតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ នៅពេលមានការតវ៉ាខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសមួយទៅលើមេដឹកនាំប្រទេសមួយហ្នឹង គឺភាគច្រើនយើងសង្កេតឃើញថា ពួកគាត់​មិនពេញចិត្តទៅនឹងការដឹកនាំដែលគ្មានយុត្តិធម៌»។

បណ្ឌិត សេក សុជាតិ ប្រមើលឃើញថា ប្រសិនបើសង្គមមួយដែលមិនមានយុត្តិធម៌ពេញលេញសម្រាប់ពលរដ្ឋ ចៀសមិនផុតឡើយ​ចំពោះការតវ៉ា​ផ្សេងៗកើតឡើងដែលប្រឆាំងទៅនឹងភាពអយុត្តិធម៌នោះ ហើយប្រសិនបើបញ្ហានេះ​កើតមាននៅកម្ពុជា នឹងធ្វើឱ្យមុខមាត់រដ្ឋាភិបាលកាន់តែអាក្រក់លើឆាកអន្តរជាតិផងដែរ។

បណ្ឌិត សេក សុជាតិ បន្ថែមថា៖ «ហើយរូបភាពនេះ ការតវ៉ាបែបនេះ វាជារូបភាពមួយអាក្រក់មែនទែន! សម្រាប់ប្រព័ន្ធតុលាការនៅក្នុងប្រទេសមួយ អាចធ្វើឱ្យអន្តរជាតិមើលឃើញថា កម្ពុជានៅតែរងគ្រោះ! ហើយកម្ពុជានៅតែជាប្រទេសមួយ​ដែល​មិនប្រតិបត្តិតាមនីតិរដ្ឋ ឬក៏មិនប្រតិបត្តិតាមច្បាប់ឬក៏រដ្ឋធម្មនុញ្ញ​របស់ខ្លួនអីជាដើម»។

​អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពី​ខែមីនា ឆ្នាំ​២០២០ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយស្ដីពី «សន្ទស្សន៍នីតិរដ្ឋ» ដោយ​​​ចាត់ថ្នាក់​កម្ពុជាជា​ប្រទេស​មាន​ប្រព័ន្ធ​​យុត្តិធម៌​ស្ទើរ​តែ​អន់​ជាង​​គេ​បំផុត​នៅ​លើ​ពិភពលោក។

​​អង្គការ​មួយ​នេះបានផ្តល់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀង​១២៧ ក្នុងចំណោមបណ្ដាប្រទេសនិងដែនដីចំនួន១២៨ ពោល​គឺ​កម្ពុជាល្អ​ជាង​តែ​​«សាធារណរដ្ឋ​កុងហ្គោ»តែ​មួយ​ប៉ុណ្ណោះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី បានលើកឡើងនូវទ្រឹស្តីអ្នកប្រាជ្ញនយោបាយមួយរូបដែលនិយាយថា ភាពអយុត្តិធម៌ បើទោះបីជាមិនទាន់កើតមានឡើងក៏ដោយ ប៉ុន្តែនៅពេលពលរដ្ឋគិតថា សង្គមនោះមានភាពអយុត្តិធម៌ វានឹងក្លាយជាសញ្ញាមួយនៃការផ្លាស់ប្តូររដ្ឋាភិបាល។ លោកកត់សម្គាល់ថា​ នៅកម្ពុជាមានពលរដ្ឋទឹកភ្នែក ព្រោះរងនូវភាពអយុត្តិធម៌ច្រើន ហើយនេះ​នឹងអាចក្លាយជាសញ្ញានៃការផ្លាស់ប្តូរមួយផងដែរ។

លោក​បណ្ឌិត សេង សារី បន្តថា៖ «បច្ចុប្បន្ន យើងឃើញថា អយុត្តិធម៌កើតឡើងនឹងភ្នែក ហើយពលរដ្ឋមានទឹកភ្នែក យំស្រែក ដោយសាររឿងអយុត្តិធម៌។ ខ្ញុំគិតថា យូរឬឆាប់ វានឹងអាចមានការផ្លាស់ប្តូរ។ អានេះវាជាសញ្ញាណមួយ​នៅក្នុងចរន្តនយោបាយ ដែលគេហៅថា ជាម៉ាស៊ីននយោបាយ។ ប្រទេសមួយហ្នឹង នៅពេលវាលោតសញ្ញាណទាំងអស់ហ្នឹងចេញមកហ្នឹង គឺបង្ហាញអំពីស្ថានភាពសង្គមហ្នឹងនឹងមានការផ្លាស់ប្តូរ ហើយបើផ្លាស់ប្តូរហ្នឹង ផ្លាស់ប្តូរទៅរកវិជ្ជមានឬ​អវិជ្ជមាន អាហ្នឹងអត់ទាន់មាននរណាដឹងទេ»។  

ទាំងអតីតអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សទទួលបន្ទុកនៅកម្ពុជានៃអង្គការសហប្រជាជាតិ លោក សូរីយ៉ា សូប៊ែឌី និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ធ្លាប់លើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយពីសំណាក់គណបក្សកាន់អំណាច។

ស្រដៀងគ្នានេះ លោក​បណ្ឌិត សេង សារី មើលឃើញថា ប្រព័ន្ធ​យុត្តិធម៌នៅកម្ពុជាត្រូវបានបំពានដោយអ្នកនយោបាយកាន់អំណាច ហើយអ្នកធ្វើការនៅក្នុងប្រព័ន្ធដ៏សំខាន់មួយនេះត្រូវបាន​ចូលជាសមាជិកគណបក្សនយោបាយ ដើម្បីទទួលបានប្រយោជន៍ឬ​ការពារប្រយោជន៍របស់ខ្លួន ​ហើយត្រូវបំពេញការងារ​ដើម្បីប្រយោជន៍បក្សឬ​បុគ្គលមានអំណាចទៅវិញដែរ។

​យ៉ាងណា បណ្ឌិត សេង សារី ផ្តល់អនុសាសន៍ក្នុងការប្រែក្លាយសង្គមមួយទៅជាសង្គមដែលមានយុត្តិធម៌ពិតប្រាកដយ៉ាងដូច្នេះថា៖ «អ៊ីចឹងហើយ យើងត្រូវកែស៊ីស្តែម [System = ប្រព័ន្ធដឹកនាំ] ហ្នឹងតែម្តង ហើយដើម្បីកែស៊ីស្តែមហ្នឹងទៅបាន ​ដូចខ្ញុំលើកឡើងអ៊ីចឹង វាមានតែវិធីពីរទេ។ វិធីទី១ គឺឆន្ទៈនៅក្នុងការកែ ហើយបើសិនជាឆន្ទៈដែលយើងមើល វាអត់អាចទៅរួចទេ អ៊ីចឹងមានតែផ្លាស់ប្តូរមេដឹកនាំបានអាចទៅរួច ទៅរកមេដឹកនាំ​ដែលមានបេះដូងជាអ្នកប្រជាធិបតេយ្យ ទៅរកមេដឹកនាំដែលមានឥរិយាបថជាអ្នកគោរពច្បាប់ មិនសូវចូលចិត្តធ្វើឱ្យខ្លួនឯងមានឥទ្ធិពលនៅក្រៅរដ្ឋធម្មនុញ្ញ ជាដើម»៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ