មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ទទួល​បាន​ជំនួយ​៥​ម៉ឺន​លាន​រៀល​និង​ជិត​៥​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១​ឆ្នាំ​២០២១

ទិដ្ឋភាពនៅតាមដងផ្លូវមុខមន្ទីរពេទ្យគន្ធបុប្ផា។ រូបភាព៖ ហ៊ី ឆាយ

មូលនិធិគន្ធបុប្ផា ទទួលបានជំនួយជាទឹកប្រាក់ពីសប្បុរសជននិងស្ថាប័នមួយចំនួនក្នុងទំហំជិត៥០ ០០០លានរៀល (៤៨ ៨៥៣ ៤៥២ ៦០០) ​និងជិត៥លានដុល្លារ ក្នុងត្រីមាសទី១ដើមឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានរបស់​មូលនិធិគន្ធបុប្ផា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មូលនិធិនេះ​ទទួលអំណោយជាទឹកប្រាក់ជិត៥ម៉ឺនលានរៀល​ និងជិត៥លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ ជាអំណោយដែលទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ ទទួលបានពីវិភាគទានប្រចាំឆ្នាំ២០២១របស់រដ្ឋាភិបាល ទទួលបានពីការបរិច្ចាគប្រចាំឆ្នាំរបស់ធនាគារអេស៊ីលីដា ទទួលបានពីសប្បុរសជននានា​ និងពី​កាកបាទក្រហមកម្ពុជា ជាដើម។

ប្រភពដដែលបន្តថា៖ «ស្របពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាចំនួន៤ ០១៨ ២៦០ដុល្លារអាមេរិក និង ២០០ ០០០ ០០០រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក៏បាន​លើកទឹកចិត្តដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសឱ្យបន្តចូលរួមបរិច្ចាគជាសមាជិក ដូចជា សមាជិកកិត្តិយស បរិច្ចាគចាប់ពី២០ ០០០ ០០០រៀលឬ ស្មើប្រមាណ៥ ០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចូលរួមជាសមាជិកគាំទ្រ បរិច្ចាគចាប់ពី៥ ០០០រៀលក្នុងមួយខែ ឬ៦០ ០០០រៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

​មន្ទីរពេទ្យគន្ធបុប្ផា ដំបូងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅរាជធានីភ្នំពេញ ដោយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ កាលពីខែកញ្ញា ឆ្នាំ១៩៩២។ មន្ទីរពេទ្យនេះត្រូវបានដាក់ឈ្មោះតាមព្រះនាមរាជបុត្រីសំណព្វរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម គន្ធបុប្ផា ដែលបានសោយទិវង្គតដោយសាររោគាពាធ ពោលគឺជំងឺខ្វះឈាមក្រហម ឬជំងឺមហារីកគ្រាប់ឈាម កាលពីឆ្នាំ១៩៥២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ