មេ​​ដឹក​នាំ​អតីត​​បក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​​ជំហរ​តស៊ូ​គ្រប់​វិធី​​ដើម្បី​បើក​លំហ​ប្រជា​​ធិបតេយ្យ​នៅ​កម្ពុជា

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីពេលកន្លងទៅ។

ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បង្ហាញឆន្ទៈបន្ត​ការតស៊ូផ្នែកនយោ​បា​យដោយសន្តិវិធីរហូត លុះត្រាតែមាន​ការបើកចំហលំហប្រជាធិបតេយ្យសម្រាប់ពលរដ្ឋកម្ពុជាឡើងវិញ ក្រោមវត្តមានរបស់គ​ណបក្សនេះនៅ​ក្នុងការបោះឆ្នោ​​ត​ដែលសេរីនិងយុត្តិធម៌​អាចជឿទុកចិត្តបាន។

ការបញ្ជាក់ជំហរនេះបានធ្វើឡើងនៅ​ក្នុងខួប៩ឆ្នាំនៃការបង្កើតអតីត​​គណបក្សសង្រ្គោះជាតិ។ គណបក្សនេះបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ក្រោម​ការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និ​ងគណបក្ស​សិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា។

បើគិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គឺគណបក្សដែលត្រូវបានរំលាយដោយសាលក្រមតុលាការកំពូលនៅឆ្នាំ២០១៧ មានអាយុកាល៩ឆ្នាំហើយ។ 

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់ វីអូឌី នៅថ្ងៃ​ទី១៦ ខែកក្កដា​​ ថាថ្នាក់​ដឹកនាំគ​ណ​​​​​​បក្ស នឹងនៅតែបន្តសកម្មភាពតស៊ូនយោបាយដោយសន្តិវិធី និងដោយអហិង្សាគ្រប់បែបយ៉ាង​ជាមួយសមាជិកនិងអ្នកគាំទ្រ​ទាំ​ងក្នុងនិងក្រៅប្រទេស ដើម្បីទាមទារបើកលំហប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ ក្រោមវត្តមាន«គណបក្សសង្គ្រោះជា​តិ» ដែលជាគណបក្សប្រឆាំងតែមួយគត់របស់ប្រជាពលរដ្ឋកម្ពុជា។

លោកមានប្រសាសន៍ថា៖ «បើឆ្នាំនេះ យើងតស៊ូមិនបានជោគជ័យ យើងត្រូវបន្តតទៅទៀត បន្តតទៀតៗ​ៗ​! យើងមិនអាចឈរឱបដៃមើ​លទេ ហើយយើ​ង​ត្រូវតែរិះរកវិធី ព្រោះធម្មតា អ្នកនយោបាយអត់ដែល​មានផ្លូវទ័លទេ។ បើយើងធ្វើនយោបាយ យើងអស់ផ្លូវហើយ យើងធ្វើៗអី!​ ហ្នឹងយើង! ត្រូវតែរកវិធី ប៉ុន្តែគ្រាន់តែវិធីនៃការតស៊ូរបស់យើង គឺដោយសន្តិវិធី ដោយអហិង្សាតែប៉ុណ្ណឹង។

អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្រ្គោះជាតិ រូបនេះ បន្តថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគ​ណ​​​​​បក្សប្រជាជនកម្ពុជា កំពុងដើរផ្ទុយពីគោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដោយការបំបិទសិទ្ធិសេរីភាពអ្នកនយោបាយនិងសំឡេ​ងប្រឆាំង ដែ​លនាំឱ្យប្រទេសលោកសេរីដាក់សម្ពាធមកលើរដ្ឋាភិបាលជាបន្តបន្ទាប់។

លោកបន្ថែម​ថា ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏កំពុងបរាជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដ​ល់​វិស័យសេដ្ឋកិច្ចនិងសង្គមយ៉ាងធ្ងន់ធ្ងរ​ ដែលរុញច្រានស្ថានការនយោ​បាយ​មិន​អាច​បន្តដំណើរទៅមុខរួច។

លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា៖ «របបលោក ហ៊ុន សែន មិនអាចដើរទៅមុខរួចទេ! អ៊ីចឹងបើគាត់ចង់ដោះស្រាយបញ្ហាជាតិពិតប្រាកដហ្នឹង គឺគាត់ត្រូវតែផ្លាស់ប្តូរឥ​រិយា​បថនយោបាយរបស់គាត់ គឺមិនត្រូវបិទទ្វារ! មិនត្រូវបិទទ្វារមិនឱ្យគណបក្សសង្គ្រោះជាតិដំណើរការ! គាត់មិនត្រូវបន្តបិទសេ​រីភាពលោក កឹម សុខា! គាត់មិនត្រូវបន្តការចោទប្រកាន់អ្នកតស៊ូដោយអហិង្សាដូចពួកខ្ញុំទេ គាត់ត្រូវតែគិតគូរដោះស្រាយ​បញ្ហាហ្នឹ​ង ជាបញ្ហាជាតិធំណាស់»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា​ ការទាមទាររបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ គឺមិនអាចទៅរួចនោះទេ ដោយសារគណបក្សមួយនេះត្រូវបានរំលាយក្រោមសាលក្រមតុលាការកំពូលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីថ្នា​ក់ដឹកនាំបានប្រព្រឹត្តល្មើសទៅនឹងច្បាប់។ 

លោកបន្ថែមថា មានមធ្យោបាយតែមួយគត់ដែលអាចវិលត្រឡប់មករកជីវភាពនយោបាយនិងឈរឈ្មោះ​ប្រកួតប្រជែងក្នុងកា​របោះឆ្នោតបាន គឺតាមរយៈការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ​ពីក្រ​សួងមហាផ្ទៃ ដូចឥស្សរជនអតីតគណបក្សប្រឆាំងមួយចំនួ​ន​បានស្នើឡើ​ងជាហូរហែមក។  

លោក សុខ ឥសាន ថ្លែងថា៖ «ការគាត់លើកឡើងថា ជីវភាពនយោបាយក្នុងសង្គមកម្ពុជាអត់ទៅរួចដោយសារអវត្តមានគាត់ អា​​ហ្នឹងយើងមើលសព្វថ្ងៃហ្នឹង កា​ររំលាយចោលអតីតបក្សប្រឆាំងហ្នឹង គឺបាន៤[ទៅ]៥ឆ្នាំទៅហើយ! សួរថា តើគេស្លាប់ដោយសារអត់គា​ត់ ឬមួយក៏គេរស់ដោយ​សា​រអត់គាត់! អាហ្នឹងយើងឃើញជាក់ស្តែងហើយ! ទោះបីគាត់និយាយថាម៉េចក៏ដោយ ប្រវត្តិសាស្រ្តអត់បកក្រោយបែរបានទេ វាចប់ហើយរឿងគាត់នេះ»

សាស្រ្តាចារ្យនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា បើមើលតាមចរន្តរបស់អតីតគណបក្សសង្រ្គោះជាតិនៅខាងក្រៅស្រុក កន្លងមក មានតែចរន្តពីអតីតកាលប៉ុណ្ណោះ គឺមុនការផ្ទុះ​កូវីដ​-១៩ ប៉ុន្តែពេលបញ្ហាកូវីដ-១៩​កើតឡើង ​សកម្មភាពបក្សប្រឆាំងមួយនេះហាក់ដូចជាស្ងប់ស្ងាត់ដែរ។ លោកថា កត្តានេះអាចថាដើម្បីកៀរគររកការគាំទ្រពីសហគមន៍អន្តរជាតិ ព្រោះលោកមើលឃើញថា អ្នកនៅក្នុងស្រុកហាក់ដូចបានរួមតូចនិងរឹតត្បិតមិនអាចធ្វើសកម្ម​ភាព​អ្វី​បានទេ។ ដូច្នេះ​ ត្រូវពឹងចរន្តអ្នកក្រៅប្រទេស អាចធ្វើឱ្យអតីតគណបក្សសង្គ្រោះជាតិអាចរស់​ឡើងវិញ។

លោកបន្តថា៖ «ជាទស្សនៈខ្ញុំ លុះត្រាតែមន្រ្តីបក្សមិនត្រូវបានអូសទាញចូលសុំសិទ្ធិ្ធធ្វើនយោ​បាយ ប៉ុន្តែយើងឃើញថ្មីៗនេះ មន្រ្តីអតីតសង្រ្គោះជាតិត្រូវបានសុំសិទ្ធិធ្វើនយោបាយ​ច្រើនណាស់ ហើយ​កាន់តែច្រើនទៅៗ ប្រមាណ​២៤រូបហើយ! ទាំងនេះក៏ជាចរន្តមួយដែលគណបក្សកាន់អំណាចគេមិនងាកក្រោយដែរ។ ហើយចរន្តមួយទៀត ទាល់តែសកម្មភាពនេះឯងត្រូវបានគាំពារឬគាំទ្រដោយមហាជនក្នុងប្រទេសនោះខ្លាំងដែរ ហើយនិងសហគមន៍អន្តរជាតិខ្លាំង ទើបអ្វីៗដូចមុនការរំលាយគណបក្សសង្រ្គោះជាតិ អាចវិលមករកប្រក្រតីភាពវិញបាន»

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទរឿន មើលឃើញថា​ ចាប់តាំងពីការរំលាយអតីត​គណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសនៅចុងឆ្នាំ២០១៧មក បានធ្វើឱ្យសំឡេង​ពលរដ្ឋទាំងនោះមិនត្រូវបានយកចិត្តទុកដាក់ ស្របពេលជាមួយការធ្វើទុក្ខបុកម្នេញនិងការរើសអើងលើអតីតសកម្មជននិងអ្នកគាំទ្រអតីតគណបក្ស​កើតឡើងជាបន្តបន្ទាប់។

លោកថា ក្នុងប្រទេសប្រជាធិបតេយ្យ បើកាលណា​ផាត់ចោលការចូលរួមពីសំឡេង​ប្រឆាំង​ នឹងមិន​មាន​​តុល្យ​ភាព​អំណាច​នោះទេ ហើយ​​ការថែរក្សាសន្តិភាពអាចនឹងមិនបានឋិតថេរដែរ។

លោកថា៖ «បើសិនជាយើងមិនបង្កបង្កើនវេទិកានយោបាយ បរិយាកាសនយោបាយ និងទីលាននយោបាយ ឱ្យមានការចូលរួមពីគ្រប់និន្នាការគណបក្សនយោបាយ ហើយរៀនរស់និងធ្វើការ​ជាមួយគ្នាទេ សង្គមយើងនឹងមិនមានសេចក្តីសុខពេញលេញទេ។ ហើយការបែកបាក់គ្នានេះ ក៏ជាផល​វិបាកមួយ​ដែរ បើសិនជាកម្ពុជាយើងរងសម្ពាធពីខាងក្រៅ ឧទាហរណ៍ ទាក់ទងនឹងសម្ពាធពីភូមិសាស្រ្តនយោបាយដែលអាចឱ្យសង្គមជាតិយើងជួបនូវមហន្តរាយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ