ជប៉ុនប្រគល់រថយន្តសង្រ្គោះបន្ទាន់ ៣០គ្រឿងទៀត ដល់កម្ពុជា

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រគល់​រថយន្ត​សង្រ្គោះបន្ទាន់ ឬរថយន្តគិលានសង្គ្រោះ​ចំនួន​ ៣០គ្រឿង​ទៀតដល់​ប្រទេស​កម្ពុជា។ រថយន្តគិលាន​សង្គ្រោះទាំង​៣០​គ្រឿងនេះ​ បាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​សុខាភិបាល​ជាច្រើន​រួចហើយ​នៅក្នុង​សប្តាហ៍នេះ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូតជប៉ុន​ប្រចាំ​នៅកម្ពុជា​ កាលពីថ្ងៃទី១៦​ ខែកក្កដា​ឱ្យដឹង​ថា ជំនួយ​នេះ គឺជាផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការជួយ​ដល់​រដ្ឋាភិបាលកម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងការ​ឆ្លងវីរុសកូរ៉ូណា​ប្រភេទថ្មី ​នៅលើ​សាកលលោក។

ប្រភព​ដដែល​បន្តថា​ ជំនួយនេះ​ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយលោកអតីតនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះ ក៏ជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសាកល។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿង ដែលបានផ្ដល់ជូនមកដល់រដ្ឋាភិបាលកម្ពុជាកន្លងរួចមកហើយ។

គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសជប៉ុនបានផ្តល់ជំនួយដល់កម្ពុជារួមមាន រថយន្តគិលានសង្គ្រោះសរុបចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ គ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្តជាច្រើនផ្សេងទៀត។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ប្រទេសជប៉ុនក៏បានប្រកាសផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូស ជូនដល់កម្ពុជា ផងដែរ តាមរយៈមជ្ឈមណ្ឌល COVAX Facility។ វ៉ាក់សាំងទាំងនេះ នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ