សមត្ថ​កិច្ច​​ជំនាញ​​ដុត​កម្ទេច​និង​បំផ្លាញ​ចោល​​​គ្រឿង​​ញៀន​​ជាង​​៧​​តោន​ដែល​បង្ក្រាប​​បាន​កន្លង​មក

សមត្ថិកិច្ចអាវុធហត្ថឈរឈាមការពារសន្តិសុខក្នុងពិធីដុតកម្ទេចចោលគ្រឿងញៀនជាង៧តោន ស្ថិតនៅបណ្ដោយផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នៃទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

គណៈ​កម្មការប្រយុទ្ធប្រឆាំង​​គ្រឿងញៀន នៅថ្ងៃចន្ទនេះ​​ បានដុតកម្ទេចចោល​គ្រឿងញៀន​ជាង៤តោន ខណៈ​គ្រឿង​ញៀន​ប្រមាណ៣តោន​ទៀតនឹង​ត្រូវមន្ត្រីជំនាញ​​ធ្វើ​ការ​បន្សាបនិង​បំផ្លាញ​ចោល​តាម​លក្ខណៈ​បចេ្ចកទេស​​។

របាយការណ៍របស់គណៈកម្មការដុតបំផ្លាញគ្រឿងញៀន​ នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​លើកឡើង​ថា គ្រឿងញៀនដែល​អាជ្ញាធរ​បំផ្លាញចោល​ក្នុង«ទិវាអន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន» នៅ​ថ្ងៃទី​១៩ ​ខែកក្កដានេះ មា​នចំនួន​សរុប៧ ៦២៤,៣១០គីឡូក្រាម (ឬស្មើ​ជាង៧តោន) ក្នុងនោះ គ្រឿងញៀន​ដែល​ត្រូវ​បំផ្លាញ​ដោយ​វិធីដុត​​មានចំនួន៤ ៣៨៤,៣១៧​គីឡូក្រាម ​(ឬស្មើ​ជាង៤តោន) និង​គ្រឿងញៀនដែលត្រូវបំផ្លាញដោយវិធី​បន្សាបតាម​បច្ចេកទេស​គីមីមាន​ចំនួន៣ ២៣៩,៩៩៣ គីឡូក្រាម (ឬស្មើ​ជាង៣តោន)។​

របាយការណ៍បានបញ្ជាក់ថា៖ «ដោយសារសារធាតុគីមីផ្សំនិងសារធាតុគីមីប្រភេទខ្លះមានលក្ខណៈគីមី ឆាបឆេះខ្លាំង និងបង្កើតកម្រិតពុលខ្ពស់ មិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន ព្រោះពាក់ព័ន្ធបញ្ហាសុវត្ថិភាពនិងបរិស្ថាន ទើប​ក្រុមការងារបច្ចេកទេសបានធ្វើការបែងចែករបៀបបំផ្លាញជា២វគ្គ​ដាច់​ដោយ​ឡែកពី​គ្នា គឺការបំផ្លាញដោយវិធី​ដុត និង​ការបំផ្លាញដោយវិធីបន្សាបតាមប​ច្ចេកទេស​គីមីមានសុវត្ថិភាព»។

របាយការណ៍ដដែលបន្តថា គ្រឿង​ញៀន​ដែលត្រូវដុតកម្ទេចនិងបំផ្លាញចោល​នៅដី​ឡូត៍មួយ​កន្លែង​នៅ​​ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ​នេះ ជាវត្ថុ​តាង​ដែល​​សាលា​ដំបូង​ និង​អយ្យការអមសាលា​​​ដំបូង​រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្ត​កំពង់ឆ្នាំង ខេត្តព្រៃវែង និង​ខេត្តតាកែវ ដកហូត​​ទៅតាមអំណាចសាលក្រមរបស់តុលាការ ក្រោយ​សមត្ថកិច្ច​ជំនាញបង្ក្រាបនិង​រឹប​អូស​បាន​​កាល​ពីអំឡុង​ឆ្នាំ​២០២០។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃសៅរ៍ បានលើកឡើងនៅលើទំព័រ​ហ្វេសប៊ុករបស់លោក​ថា ក្នុងរយៈពេល៦ខែ ​ឆ្នាំ២០២១​នេះ ប្រ​ទេ​ស​កម្ពុជាបានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-​១៩ ជាកត្តារារាំងដល់កិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ​ក្នុងប្រទេស។

លោ​​កបានគូសបញ្ជាក់ថា បញ្ហានេះបានបង្កឱ្យមានផលវិបាកមួយចំនួនដូចជា ការធ្លាក់ចុះកិច្ចសហប្រ​​តិបត្តិការបង្ក្រាប​ក្នុង​តំបន់ និងការធ្លាក់ចុះតម្លៃគ្រឿងញៀន ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកា​សប​ង្កើ​ន​ការផលិត និងអំ​ណោយផលទីផ្សារប្រើប្រាស់គ្រឿងញៀន។

តែយ៉ាងណា លោកថា សម្រាប់ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀ​ន​បា​នជាង៣ ០០​០ករណី ​(៣ ២​៥​៨ករណី​) ឃាត់ខ្លួនជនសង្ស័យបានជាង៧ ០០០​នាក់ (៧ ២៥៩នាក់​) រឹបអូសគ្រឿង​ញៀនសរុប​បានជាង៨៥០​គីឡូក្រាម ក្នុងនោះមានដូចជា មេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង១៩៣គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ (WY) ៦៨៣,៧៨ក្រាម, អិចស្តាស៊ីជាង១៥២គីឡូក្រាម, កេតាមីនជាង៤៧៨គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៥គីឡូក្រាម, កាប់បំផ្លាញកញ្ឆាស្រស់ជាង៤ម៉ឺន៥ពាន់ដើម, សារធាតុគីមីផ្សំជាង១០គីឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ