មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មថា ការប្រកាសបង្កើតរដ្ឋាភិបាលរួបរួមជាតិរបស់លោក សម រង្ស៊ី ដែលយកគំរូតាមប្រទេសភូមា នឹងមិនទទួលជោគជ័យនោះឡើយ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហ៊ានអះអាងបែបនេះ ដោយសារតែលោកមើលឃើញថា សារអំពាវនាវរបស់លោក សម រង្ស៊ី ជាច្រើនលើកច្រើនសារកន្លងមក គឺមិនទទួលបានជោគជ័យនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះចាត់ទុកថា ការអំពាវនាវរបស់លោក សម រង្ស៊ី គឺគ្រាន់តែជាការបំពងសំឡេងឱ្យឮនិងទាមទារការចាប់អារម្មណ៍ពីមហាជនតែប៉ុណ្ណោះ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ដូច្នេះ បើគាត់ចង់កែប្រែ អ៊ីចឹងបានសេចក្តីថា គាត់ចលនាមួយដើម្បីឱ្យមានសង្គ្រាមនៅលើប្រទេសកម្ពុជា។ អ៊ីចឹងការអំពាវនាវរបស់គាត់នេះស្មើនឹងសូន្យ ដែលប្រជាពលរដ្ឋនៅសម័យនេះអត់ទទួលយកទេអាហ្នឹងអ៊ីចឹង។ ហើយទីពីរ គឺជាការអំពាវនាវមួយខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញកម្ពុជា ហើយជាអ្វីដែលអន្តរជាតិគេមិនទទួលស្គាល់ទៅទៀត»។
លោក ផៃ ស៊ីផាន បានបន្តយ៉ាងដូច្នេះថា៖ «អាហ្នឹងជាបញ្ហាមួយ គ្រាន់តែទិសដៅដែលគាត់ចង់កកូរកកាយហ្នឹង ដើម្បីធ្វើឱ្យប្រជាពលរដ្ឋបះបោរ ដើម្បីបំផ្លាញអាយុជីវិតខ្លួនឯង បំផ្លាញសន្តិភាពខ្លួនឯង និងបំផ្លាញពេលវេលា ក្នុងកិច្ចការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឱ្យប្រជាពលរដ្ឋខ្មែរពិចារណាបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិមួយដោយយកគំរូតាមប្រទេសភូមា ឬមីយ៉ាន់ម៉ា។ ប្រទេសភូមា បានបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ ដើម្បីប្រឆាំងនឹងរបបយោធាភូមា បន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយមក ពលរដ្ឋភូមាបានងើបឡើងតវ៉ាគ្រប់ទីកន្លែង ទោះបីជារបបយោធាបានប្រើហិង្សានិងបាញ់បង្ក្រាបក្រុមបាតុករភូមាឱ្យរបួសនិងស្លាប់ជាច្រើនក្តី។ ពលរដ្ឋភូមាខ្លះនាំគ្នាបង្កើតទ័ពឬចូលរួមជាមួយក្រុមកងកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយក្រុមយោធាវិញ ខណៈសហគមន៍អន្តរជាតិខ្លះបានបង្ហាញជំហរគាំទ្រពលរដ្ឋភូមា ហើយទាមទារឱ្យរបបយោធាប្រគល់អំណាចជូនពលរដ្ឋវិញ។
ប៉ុន្តែយ៉ាងណាក្តី លោក សម រង្ស៊ី មិនបង្ហាញពីទម្រង់ឬរូបភាពនៃរដ្ឋាភិបាលរួបរួមជាតិនៅកម្ពុជាដែលលោកបានប្រកាសឱ្យបង្កើតឡើងនោះយ៉ាងណានៅឡើយទេ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត គិន ភា បានថ្លែងថា នៅកម្ពុជាមិនអាចបង្កើតរដ្ឋាភិបាលរួបរួមជាតិនោះបានទេ ព្រោះថា ស្ថានភាពនៅកម្ពុជាខុសពីនៅក្នុងប្រទេសភូមា។
ប្រធានវិទ្យាសាស្ត្រទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ចាត់ទុកថា ការអំពាវនាវរបស់លោក សម រង្ស៊ី គឺគ្រាន់តែជាការរវើរវាយ ដោយចង់បានចំណាប់អារម្មណ៍ពីអ្នកសារព័ត៌មានជាតិ អន្តរជាតិ នឹងគ្មានប្រសិទ្ធភាពឡើយ។
លោកបណ្ឌិត គិន ភា ថ្លែងថា៖ «វាលុះត្រាតែប្រទេសហ្នឹង វាស្ថិតនៅក្នុងការបែកបាក់ ការដណ្ដើមអំណាច ឬក៏ចលាចលសង្គម ដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សមួយហើយ ហើយត្រូវបានពួកយោធាប្លន់អំណាច ឬក៏ទង្វើរដ្ឋប្រហារអីអាហ្នឹង ការប្រកាសនិរទេសខ្លួនហ្នឹង វាជារឿងមួយអាចពិចារណា»។
ចំណែកលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី គឺជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយប្រឆាំង ដើម្បីឈានទៅរកទម្ងន់នយោបាយតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាជាយុទ្ធសាស្ត្ររបស់គាត់ របស់អ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយនៅចុងឆ្នាំ២០១៧ ដោយសារស្តាប់ទៅ មើលទៅតាមស្ថានភាព ប្រហែលជាគ្មានច្រកណាមួយដែលឈានទៅដល់ការផ្សះផ្សាដល់ការចរចានយោបាយ ដើម្បីបង្រួបបង្រួមគ្នាឡើងវិញនៅមុនការបោះឆ្នោតខាងមុខនេះ»។
ក្រៅពីប្រតិកម្មរបស់លោក ផៃ ស៊ីផាន នៅមានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក មុត ចន្ថា និងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរផងដែរ។ ពួកគេបានចាត់ទុកថា សារអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យត្រៀមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិថា គ្រាន់តែជាការស្រមើស្រមៃ និងជាការដើរបញ្រ្ចាសទិសឬខុសផ្លូវនយោបាយពីលោក កឹម សុខា ជាដើម៕