ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ឆ្នាំ​២០២១​ នឹង​ជំរុញ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​កាន់​តែ​ប្រសើរ

វាគ្មិនចូលរួមចែករំលែកបទពិសោធន៍លើប្រធានបទផ្សេងៗក្នុងកម្មវិធីព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Open Cyber Talk)

កម្មវិធីព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយលើកទី៦​នាឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅលើបណ្ដាញសង្គមហ្វេសប៊ុក​នៅថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២១ ក្រោមប្រធានបទរួម​ ​«ទាំងអស់គ្នាដើម្បីការប្រើប្រាស់អ៊ីនធឺណិតកាន់តែប្រសើរ»

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពី​សប្តាហ៍មុន​ថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយមានកិច្ចសហការរួមគ្នាពីក្រុមការងារលើកកម្ពស់សិទ្ធិអ៊ីនធឺណិតចំនួន១១ស្ថាប័ននៅ​កម្ពុជា។

ប្រភពដដែលបន្តថា ចាប់តាំងពីឆ្នាំ២០១៥ មកព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលដៅលើកកម្ពស់​ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនិងបណ្ដាញ​សង្គមប្រកប​ដោយសុវត្ថិភាព លើកកម្ពស់យុត្តិធម៌សង្គម សិទ្ធិមនុស្ស សេរីភាព ការបញ្ចេញមតិ និងការអភិវឌ្ឍ​ ប្រកប​ដោយចីរភាពនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបន្តថា ប្រធានបទសំខាន់ៗដែលនឹងជជែកពិភាក្សានៅក្នុងព្រឹត្តិការណ៍នាពេល​ខាងមុខនេះ រួមមាន ទស្សនៈពីបទល្មើសបច្ចេកវិទ្យានៅកម្ពុជាឆ្នាំ​២០២១ ច្បាប់និងសេរីភាពលើបណ្ដាញអ៊ីនធឺណិត ការរំលោភបំពាន និងការមាក់ងាយនៅលើបណ្ដាញអ៊ីនធឺណិត ស្ថានភាពការតស៊ូលើបណ្ដាញអ៊ីនធឺណិត ដើម្បីដោះស្រាយបញ្ហាសនិ្តសុខ​ឌីជីថល (Digital Security Clinic (Webinar)។

សេចក្ដីប្រកាសព័ត៌មានដដែល​បន្ថែមថា​​៖ «​ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ នឹងមានការផ្សាយផ្ទាល់ពេញមួយថ្ងៃនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន និងផ្សាយបន្តផ្ទាល់ទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នក្រុមការងាររៀបចំជាច្រើនផ្សេងទៀត។ នៅក្នុងកិច្ចពិភាក្សានីមួយៗមានវាគ្មិនជំនាញដែលមកពីស្ថាប័នផ្សេងៗដែលមានបទពិសោធន៍ទៅលើប្រធានបទថ្មីៗគួរ​ឱ្យ​​ចាប់អារម្មណ៍ដែលទាក់​ទង​នឹងសេរីភាពបញ្ចេញមតិ ការបែងចែកព័ត៌មានពិតឬក៏ព័ត៌មានមិនពិត ឯកជនភាពលើប្រព័ន្ធអ៊ីនធឺណិត ការរំលោភបំពាន ឧក្រិដ្ឋកម្មតាមប្រព័ន្ធ​អ៊ីនធឺណិត និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ប្រកបដោយសុវត្ថិភាព ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម ជាដើម»។

នាយកផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា ប្រាប់ វីអូឌី នៅថ្ងៃទី២០ ខែកក្កដានេះថា ​គោលបំណងនៃការរៀបចំកម្មវិធីព្រឹតិ្តការណ៍អ៊ីនធឺណិតបើកទូលាយនេះ ធ្វើ​ឡើង​ដើម្បីផ្សព្វផ្យាយទៅកាន់ពលរដ្ឋទាំងអស់ឱ្យ​មានការយល់ដឹងបន្ថែមទៀត អំពីបញ្ហាសិទ្ធិនិងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឱ្យ​​បានត្រឹមត្រូវ។

លើសពីនេះ ​អ្នកស្រីថា កម្មវិធីនេះ​ក៏​ផ្សព្វផ្សាយនូវរាល់កង្វល់នានារបស់​​សង្គមស៊ីវិលនិងសាធារណជនឱ្យ​បាន​ឮទៅដល់រដ្ឋាភិបាល​ ដើម្បីចូលរួមគ្នាក្នុងការការពារសិទិ្ធសេរីភាពរបស់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតែម្តង។

អ្នកស្រីបន្តថា៖ «វត្ថុបំណងនៃការរៀបចំ Cyber Talk សម្រាប់ឆ្នាំ២០២១នេះ គឺយើងចង់ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហាការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ហើយដើម្បីឱ្យ​ទាំងអស់គ្នាហ្នឹង​ទទួលបានសិទ្ធិទូលាយក្នុងការប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យឌីជីថល»។

អ្នកស្រី គន្ធា ក៏បានបញ្ជាក់ដែរថា មូលហេតុដែល​​​កម្មវិធី​ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយនៅឆ្នាំ២០២១នេះ ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញបែបនេះ ​ដោយសារស្ថានភាពជំងឺកូវីដ-១៩កំពុងរាត្បាតកាន់តែខ្លាំងនៅ​ប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ។

ជាមួយគ្នានេះ​ អ្នកស្រី​អំពាវនាវដល់​សាធារណជនទាំងអស់ដែលចាប់អារម្មណ៍កម្មវិធីនេះ អាច​ចូលរួម​តាមដានស្តាប់និងទស្សនានៅតាមទំព័រហ្វេសប៊ុកនានាដែល​នឹងផ្សាយបន្តផ្ទាល់ ដើម្បីស្វែងយល់កាន់តែច្បាស់នូវបញ្ហាផ្សេងៗដែលកើតឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនាពេលបច្ចុប្បន្ននេះបានផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ