ពលរដ្ឋ​ត្អូញត្អែរ​​ពី​​បញ្ហា​ជីវភាព​​ប្រចាំ​​ថ្ងៃ​​ ខណៈ​​តម្លៃ​​ប្រេង​សាំង​ហក់​​ឡើង​ខ្ពស់​​អំឡុង​​កូវីដ​-១៩​

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន​​ត្អូញត្អែរពីបញ្ហាជីវភាព​ប្រចាំថ្ងៃ​ ជាពិសេស​នៅ​ក្នុង​អំឡុងវិបត្តិ​ជំងឺ​កូវីដ-១៩​នេះ​​ ខណៈ​តម្លៃ​​ប្រេង​សាំង​នៅកម្ពុជាបន្តហក់ឡើង​ខ្ពស់ជាបន្តបន្ទាប់។

ការត្អូញ​ត្អែរ​នេះកើត​ឡើង​បន្ទាប់​ពី​តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​នៅ​​តាម​ស្ថានីយ​នានា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១​​នេះ មាន​​ការ​កើន​ឡើង ដោយ​ប្រេងសាំងធម្មតាមានតម្លៃ៤ ១០០​​រៀលក្នុងមួយលីត្រ ហើយប្រេងសាំងស៊ុបពែមានតម្លៃ៤ ៦០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ៣ ៦៥០រៀលក្នុងមួយលីត្រ។

ពលរដ្ឋប្រកបរបររត់រ៉ឺម៉កកង់បីនៅរាជធានីភ្នំពេញមួយរូប​ លោក ហ៊ុន ចាន់វណ្ណា អាយុ៥៩ឆ្នាំ ​បាន​​ត្អូញ​ត្អែ​រ​ថា​ ការ​ឡើង​ថ្លៃ​ប្រេង​សាំង​ជាបន្តបន្ទាប់នេះ​ គឺ​ជា​បន្ទុក​មួយ​បន្ថែម​ទៀត​​​លើ​មុខ​​របរ​របស់​ខ្លួន។ លោក​ថា ការឡើងថ្លៃប្រេងឥន្ធនៈនេះ​ ស្រប​ពេល​ជំងឺ​កូវីដ​-១៩​កំពុង​រាត​ត្បាតកាន់តែខ្លាំង ដែល​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​ជីវភាព​​​ប្រចាំ​ថ្ងៃ​ជា​ខ្លាំង​។ ​

លោក​និយាយ​ថា៖ «​វា​ប៉ះ​ពាល់​ធំ! ទីមួយ ​យើង​រក​អត់បាន​ផង​ សាំង​ឡើង​ថ្លៃ​ទៀត​ អាហ្នឹង​កាន់តែបន្ថែម​បន្ទុក​មួយ​ទៀត​ហើយ»។

ពលរដ្ឋដដែលស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍លើបញ្ហានេះ ដោយធ្វើយ៉ាងណាអាចឱ្យតម្លៃប្រេងសាំងធ្លាក់ចុះជាងពេលបច្ចុប្បន្ន។ ​

ដោយឡែក អ្នកបើកបររថយន្តឈ្នួល​ពីស្រុកស្រែអំបិល ខេត្តកោះកុង មកកាន់រាជធានីភ្នំពេញ ដែលមានវ័យ៥១ឆ្នាំ លោក វុទ្ធី ​​មានប្រសាសន៍ថា ​​​ដោយសារ​តម្លៃប្រេងឥន្ធនៈ​ឡើងខ្ពស់​​ ម៉្យាងមិនសូវមានភ្ញៀវជិះផង ​​បាន​បង្ខំឱ្យលោក​ផ្អាក​ការប្រកបមុខរបរនេះ​រយៈពេល​២ខែមក​ហើយ។

លោក​ វុទ្ធី​ បាន​និយាយថា​៖ «ដេក​ព្រួយហ្មង​រាល់ថ្ងៃនេះ កូនចៅអី​ទៅ​ធ្វើ​ការ​អី​មក​ជុំ​គ្នានៅ​ផ្ទះ​អស់ហើយ!​ ទើបតែ​ឪរត់តាក់ស៊ី​ហ្នឹង! ឥលូវ​ ឪហ្នឹង​​រត់​អត់​បាន​ទៀត​ ហើយ​សាំងឡើង​ថ្លៃ​ ដឹកពីរបីនាក់ ​ទៅអត់​រួច​ទៀត​»។

ស្របពេលជាមួយគ្នានេះដែរ កញ្ញា បូ ផាត់ធីម ជាបុគ្គលិកនៅភោជនីយដ្ឋានមួយកន្លែងនៅរាជធានី​ភ្នំពេញ និង​ជា​និស្សិតដែលកំពុង​សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា បញ្ហាកូវីដ-១៩​បានជះឥទ្ធិពលអាក្រក់ដល់ជីវភាពរបស់គាត់មួយកម្រិត។ បន្ថែមពីនេះ បញ្ហា​សាំងឡើងថ្លៃ ស្របគ្នានឹងការចំណាយប្រចាំថ្ងៃផ្សេងៗទៀត ធ្វើឱ្យការចាយវាយរបស់កញ្ញាកាន់តែត្រូវត្បិតត្បៀតបន្ថែមទៀត។

កញ្ញា បូ ផាត់ធីម បន្តថា៖ «សាំងឥលូវឡើងថ្លៃ! ទីមួយ ផ្ទះរបស់ខ្ញុំវារៀងឆ្ងាយដែរ​ពីស្ទឹងមានជ័យមកវត្តភ្នំ អ៊ីចឹងខ្ញុំក៏ត្រូវការប្រើ​សាំងរៀង​ច្រើនដែរ ហើយបើម៉ូតូស៊ីសាំងទៀត អាហ្នឹងវាអស់លុយតាមហ្នឹង។ ហើយមួយទៀត ដូចខ្ញុំនិយាយអ៊ីចឹងថា ខ្ញុំត្បិតត្បៀត ខ្ញុំរស់ដោយខ្លួនឯង មិនពឹងឪពុកម្ដាយ អ៊ីចឹងអាការចាក់សាំងនិងហូបចុក គឺខ្ញុំមានកំណត់ដែរ»។ 

ឆ្លើយតបចំពោះការត្អូញត្អែររបស់​ពលរដ្ឋ​នេះ ​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ​មានប្រសាសន៍ប្រាប់​ វីអូឌី តាមប្រព័ន្ធតេឡេក្រាមថា រហូតមកដល់ពេលនេះ ប្រេងឥន្ធនៈដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាសុទ្ធតែនាំចូលពីបរទេសទាំងអស់ ដូច្នេះតម្លៃលក់រាយប្រេងឥន្ធនៈ​ គឺ​អាស្រ័យទាំងស្រុងទៅនឹងថ្លៃប្រេងលើទីផ្សារអន្តរជាតិ។

យ៉ាងណា លោកថា កន្លងទៅ រដ្ឋាភិបាលធ្លាប់ធ្វើការដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈនេះ ដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋផងដែរ។

លោកបញ្ជាក់ថា៖ «ក​ន្លងទៅ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចុះពន្ធចំនួន២សេនដុល្លារក្នុងសាំងមួយលីត្រ ហើយក្រុមហ៊ុនប្រេងក៏ជួយសម្ដេចតេជោ ដោយបញ្ចុះតម្លៃ២សេនដុល្លារក្នុងសាំងមួយលីត្រដូចគ្នាដែរ បានន័យថា ប្រជាពលរដ្ឋទូទាំងប្រទេស ពេលចាក់សាំងមួយលីត្រត្រូវបានទទួលការជួយពីរាជរដ្ឋាភិបាលចំនួន៤សេនដុល្លារ»។

ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វន់ ពៅ​ សង្កេតឃើញថា​​ ប្រជាពលរដ្ឋកំពុង​​ជួប​ប្រទះ​វិបត្តិ​សេដ្ឋ​កិច្ច​​ដោយសារវិបត្តិកូវីដ-១៩ ដូចជា​ ការ​បាត់​បង់​បា្រក់​ចំណូល​ប្រចាំ​ថ្ងៃ​ បាត់បង់ការងារ ហើយអាជីវកម្មជាច្រើនត្រូវបានបិទទ្វារ ជាដើម។ ស្រប​​គ្នា​នេះ​​ លោកថា បញ្ហា​ឡើង​ថ្លៃ​ប្រេង​​ឥន្ធនៈកាន់តែខ្ពស់បានបង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ ពិសេសអ្នក​ប្រកប​របរ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនៅលើដងផ្លូវតែម្តង។ ​​ ​

លោក​មាន​ប្រសាសន៍ថា​៖ «ទាក់​ទង​ការ​ឡើង​ថ្លៃសាំងនេះ​ វា​ប៉ះ​ពាល់​ទៅដល់​ប្រជា​ពលរដ្ឋ​ធ្ងន់​ធ្ងរ​​មែនទែន។ ទីមួយ ​យើង​ឃើញថា​ ពលរដ្ឋ​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​កូវីដ​-១៩​ ធ្វើ​ឱ្យ​គាត់​មិន​អាច​រក​អ្វី​បាន​ បាត់​ប្រាក់​ចំណូល​ អ្នក​ខ្លះ​ប្រាក់​ចំណូល​ធ្លាក់​ដល់​កម្រិត​សូន្យ​ហើយ​។ ឥលូវ​សាំង​វា​ឡើង​ថ្លៃទៀត​ វា​រឹត​តែ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​បន្ថែមទៀត​ទៅលើ​ការ​ប្រកបរបរ​អាជីវកម្ម​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​តូចតាច​ទាំង​អស់​ហ្នឹង ជាពិសេស​អ្នក​រក​ស៊ី​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​រ៉ឺម៉ក​ អាជីវករ​ទាំង​អស់ហ្នឹង គឺ​គាត់​ប្រើ​សាំង​ទាំង​អស់»។

លោក​ វន់​ ពៅ​ ផ្ដល់​ជា​អនុសាសន៍​ថា​ ដើម្បី​ដោះស្រាយ​បញ្ហានេះ​ រដ្ឋាភិបាលគួរ​​ពិភាក្សា​ជាមួយក្រុម​ហ៊ុន​ប្រេង​​ឥន្ធនៈ​ទាំង​អស់នៅកម្ពុជា តាមរយៈការប្រើប្រាស់យន្តការសម្របសម្រួលឬបន្ធូរបន្ថយផ្នែកណាមួយ​ ​ដើម្បី​ឱ្យ​​​តម្លៃ​ប្រេង​សាំង​​អាច​ធ្លាក់ចុះដូចកាលពីឆ្នាំកន្លងទៅ​។  ​

កាលពីអំឡុងខែឧសភា ឆ្នាំ២០២០កន្លងទៅ តម្លៃប្រេងសាំង​ធម្មតា​ក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះដល់​២​ ២៥០រៀល​​ក្នុង​មួយ​លីត្រ ហើយ​ប្រេង​ម៉ាស៊ូត​ធ្លាក់​ចុះដល់​តម្លៃ២ ១៥០រៀលតែប៉ុណ្ណោះក្នុងមួយលីត្រ។ ការធ្លាក់ចុះនោះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសឱ្យ​​ប្រេងសាំងក្នុងប្រទេសបញ្ចុះតម្លៃ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋអំឡុងវិបត្តិជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ