មេធាវី​ការពារ​ក្តី​បន្ត​ជំទាស់​ការ​ប៉ុនប៉ង​យក​សំណុំ​រឿង​ក្តី​លោក​ មាស​ មុត​ ទៅ​ជំនុំ​ជម្រះ​

អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត។ (សាលាក្ដីខ្មែរក្រហម – ECCC)

មេធាវីការពារក្តីឱ្យលោក មាស មុត អតីតកម្មាភិបាលខ្មែរក្រហម បានព្យាយាមជំទាស់ដំណើរការនីតិវិធីក្នុងការនាំយកសំណុំរឿង​០០៣ របស់លោក មាស មុត ទៅជំនុំជម្រះតាម​រយៈសេច​ក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់។

កាលពីថ្ងៃទី២០ ខែកក្កដា ក្រុមមេធាវីការពារក្តីឱ្យលោក មាស មុត គឺលោក អាង ឧត្តម និងលោក Michael KARNAVAS (មេធាវីមកពី​សហរដ្ឋអាមេរិក) បានបង្ហាញការខកចិត្តចំពោះការអនុវត្តឆន្ទានុសិទ្ធិរបស់អង្គបុរេជំនុំជម្រះ ក្នុងការបដិសេធសំណើរបស់មេធាវីការពារក្តីសុំដាក់សារណាបន្ថែមមកអង្គបុរេជំនុំជម្រះ។

មេធាវីការពារក្តីរបស់លោក មាស មុត ដែលចង់ដាក់សារណាបន្ថែម​នោះ គឺស្នើសុំឱ្យ​ចៅក្រម​​អង្គបុរេជំនុំជម្រះបោះត្រាបញ្ចប់ និងដាក់បញ្ចូលសំណុំរឿង​០០៣ របស់លោក មាស មុត ទៅក្នុងបណ្ណាសារ ដែលមានន័យថា «ឥតចាត់ការ»។

ក៏ប៉ុន្តែ កាលពីថ្ងៃទី២១ ខែកក្កដា សហព្រះរាជអាជ្ញាអន្តរជាតិ លោកស្រី Brenda J. Hollis ក៏​បាន​ចេញសេចក្តីថ្លែងការណ៍មួយតបទៅវិញ ដោយបានហៅសេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីការពារក្តីឱ្យ​លោក មាស មុត នេះថា ការប្រើប្រាស់សេចក្តីប្រកាសព័ត៌មានរបស់ភាគីមួយ ដើម្បីបង្ហាញដោយប្រយោលអំពីខ្លឹមសារនៃសារណារបស់ខ្លួនដែលត្រូវបាន​បដិសេធ​នោះ គឺជាការប្រមាថលើសេចក្តីថ្លៃថ្នូរនៃកិច្ចដំណើរការនីតិវិធីតុលាការ និងមិនគួរទទួលបានការពិចារណាពីអង្គបុរេជំនុំជម្រះឡើយ។

ប៉ុន្តែឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ភាគីសហព្រះរាជអាជ្ញាអន្តរជាតិនេះ ក្រុមមេធាវីការពារក្តីលោក មាស មុត បានបន្តចេញសេចក្តីប្រកាសព័ត៌មានមួយទៀតនៅថ្ងៃទី២២ ខែ​កក្កដា​នេះ ដោយចោទប្រកាន់ថា សហព្រះរាជអាជ្ញាអន្តរជាតិ កំពុងប៉ុនប៉ងធ្វើវិទ្ធង្សនាចំពោះ​សេចក្តីសម្រេចតាមសំឡេង​ភាគច្រើនរបស់អង្គបុរេជំនុំជម្រះ ក្នុងការដាក់បញ្ចូលសំណុំរឿង​០០៣ ទៅក្នុងបណ្ណាសារនៃសាលាក្តីខ្មែរក្រហម។

បើតាមក្រុមមេធាវី សហចៅក្រមស៊ើបអង្កេតបានច្រានចោលរួច​ហើយនូវសំណើរបស់សហ​ព្រះរាជអាជ្ញាអន្តរជាតិដែលស្នើសុំឱ្យចេញដីកាបញ្ជូនសំណុំរឿង០០៣ របស់​លោក មាស មុត ទៅកាត់ទោស ដោយយល់ឃើញថា ចៅក្រមជាតិនៃអង្គបុរេជំនុំជម្រះពិតជាមិនបានយល់ព្រមឱ្យបញ្ជូនរឿងទៅជំនុំជម្រះនោះឡើយ។

លោក អាង ឧត្តម សហមេធាវីការពារក្តីលោក មាស មុត បានពន្យល់ថា ការចេញសេចក្តីប្រកាសព័ត៌មានម្តងហើយម្តងទៀតរបស់ក្រុមមេធាវីការពារក្តីលោក មាស មុត នេះ គឺដើម្បីប្រាប់ឱ្យ​​សាធារណជន​បានដឹងពីភាពចម្រូងចម្រាសគ្នានៅក្នុងដំណើរការនីតិវិធីរបស់តុលាការខ្មែរក្រហម ក្នុងសំណុំរឿង​០០៣នេះ។​ បើតាមលោក​មេធាវី សំណុំរឿងរបស់លោក មាស មុត គួរត្រូវបានតម្កល់ឥតចាត់ការ ដូចក្នុងសំណុំរឿងរបស់លោក អោ អាន ផងដែរ។

លោកមេធាវីគូសបញ្ជាក់ថា៖ «យើងចេញសេចក្តីប្រកាសហ្នឹង ដោយសារមានបញ្ហាមួយទាក់ទងនឹងការចម្រូងចម្រាសរវាងភាគីនិិងសាលាក្តីខ្មែរក្រហម ជាពិសេសនៅពេលមានគេដាក់បណ្តឹងឧទ្ធរណ៍។ វាមានគោលការណ៍២ ទី១ បើនរណាប្តឹងឧទ្ធរណ៍ ភាគីម្ខាងទៀតមានសិទ្ធិឆ្លើយ តែបើតុលាការមិនឱ្យភាគីដើមតបវិញទេ គេនឹងធ្វើសវនាការផ្ទាល់មាត់ តែបើតុលាការបង្គាប់ឱ្យភាគីដើមធ្វើការឆ្លើយតបទៅអ្នកឆ្លើយ គឺអត់មានសវនាការទេ។ កន្លងមក គេអនុវត្តអ៊ីចឹង តែឥលូវនេះ តុលាការគេបដិសេធមិនឱ្យយើងឆ្លើយតបទៅអ្នកឆ្លើយមកយើងទេ អ៊ីចឹងយើងគ្រាន់តែចង់ប្រកាសឱ្យដឹង ព្រោះបើការណ៍ហ្នឹងមិនប្រកាសឱ្យសាធារណជនដឹង វាដូចជាការលាក់លៀម វានៅប្រទាំងប្រទើសគ្នាអ៊ីចឹង»។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ចៅក្រមអង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មិនអាចស្វែងរកសំឡេង​ជាឯកច្ឆន្ទ ដើម្បី​សម្រេចបញ្ជូនសំណុំរឿងរបស់អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត ទៅជំនុំជម្រះបាននោះឡើយ។

ជំនួសឱ្យការចេញសេចក្តីសម្រេចពេលនោះ ចៅក្រមអង្គបុរេជំនុំជម្រះជាតិនិងអន្តរជាតិបានចេញសេចក្តីពិចារណារៀងៗខ្លួន ដោយភាគីចៅក្រមជាតិ៣រូប បានបញ្ជាឱ្យ​តម្កល់សំណុំរឿង០០៣ របស់​លោក​ មាស មុត នៅក្នុងបណ្ណាសារ ដែលមានន័យថា ឥតចាត់ការ។ ក៏ប៉ុន្តែចៅក្រមអន្តរជាតិ២រូប យល់ថា សំណុំរឿងនេះនៅតែអាចបញ្ជូនទៅជំនុំជម្រះបាន។

បន្ទាប់មក កាលពីថ្ងៃទី២៨ ខែឧសភា សហព្រះរាជអាជ្ញាអន្តរជាតិ លោកស្រី Brenda J. Hollis បានចេញសេចក្តីថ្លែងការណ៍មួយដោយបានចាត់ទុកថា ដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹងជនជាប់ចោទ លោក មាស មុត នៅតែមានសុពលភាព។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ សហព្រះរាជអាជ្ញាអន្តរជាតិបានអះអាងថា ខ្លួននឹងដាក់សំណើសុំមួយឱ្យអង្គបុរេជំនុំជម្រះដោះស្រាយចំពោះភាពមិនច្បាស់លាស់ផ្នែកតុលាការនេះ​ជាថ្មីម្តងទៀត បន្ទាប់ពីភាគីសហចៅក្រមស៊ើបអង្កេតបានបដិសេធបញ្ជូនសំណុំរឿងរបស់លោក មាស មុត ទៅជំនុំជម្រះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ