កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​​កូវីដ-១៩​ ស៊ីណូហ្វាម ១​លាន​ដូស​ទៀត​តាម​ការ​បញ្ជា​ទិញ​ពី​ចិន​ ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងថ្ងៃទទួលជំនួយវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រមុខរដ្ឋាភិបាលអះអាងថា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន១លានដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជា​ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២២ ខែកក្កដានេះ ឱ្យដឹងថា វ៉ាក់សាំងពិតជាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការចាក់វ៉ាក់សាំងជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមមួយនេះ។

ទំព័រហ្វេសប៊ុកប្រមុខរដ្ឋាភិបាលបន្តថា៖ «តាមរយៈផែនការយុទ្ធសាស្ត្រនេះ កម្ពុជាបានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ ហើយមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១៦លានដូសហើយ។ នៅក្នុងខែសីហាខាងមុខនេះ វ៉ាក់សាំង៤លានដូសទៀតក៏នឹងដឹកពីចិនមកដល់កម្ពុជាផងដែរ»។

លោក ហ៊ុន សែន អះអាងថា វ៉ាក់សាំងដែលកម្ពុជាទទួលបានជាបន្តបន្ទាប់នេះជាការសម្រេចផែនការរបស់កម្ពុជាក្នុងការរកវ៉ាក់សាំងឱ្យបានចំនួន២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ១០លាននាក់តាមការគ្រោងទុក។

គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង៦លាននាក់រួចហើយ ដែលស្មើជាង៦៣ភាគរយ (៦៣,៣៤%) ធៀបនឹងពលរដ្ឋគោលដៅចំនួន១០លាននាក់។

ដោយឡែក គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដានេះវិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៧០ ៤១៩នាក់ ក្នុងនោះ អ្នកជំងឺដែលព្យាបាលជាសះស្បើយមានចំនួន៦២ ៥៧៧នាក់ និងស្លាប់​ចំនួន១១៨៨នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ