កម្មករ​កាត់ដេរ​កម្ពុជា​បាត់​បង់​ប្រាក់​ឈ្នួល​អស់​ជាង​១០០​លាន​ដុល្លារ​អំឡុង​ពេល​បិទ​ខ្ទប់

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

កម្មករកាត់ដេរកម្ពុជា បានបាត់បង់ប្រាក់ឈ្នួលអស់ជាង១០០លានដុល្លារអាមេរិកនៅក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ខណៈក្រុមហ៊ុនម៉ាកយីហោល្បីៗមួយចំនួនមិនបានដោះស្រាយបញ្ហាកិបកេងប្រាក់ឈ្នួលដល់កម្មករនោះទេ។

យោងតាមការគណនារបស់សហជីពកម្ពុជា និងយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ (Clean Clothes Campaign) ឱ្យដឹងថា កម្មករចំនួន៧៨៤ ០០០នាក់ដែលធ្វើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែក ក្នុងរោងចក្រផលិតទំនិញសម្រាប់ម៉ាកយីហោអន្តរជាតិល្បីៗនៅកម្ពុជា បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ការងារប្រមាណជា១០៩លានដុល្លារ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ និងការអនុវត្តវិធានការបិទខ្ទប់កាលពីខែមេសានិងឧសភាកន្លងទៅ។

របាយការណ៍ដដែលលើកឡើងថា ក្រុមហ៊ុនម៉ាកយីហោល្បីៗមួយចំនួនដូចជា Adidas, VF, Target, Nike និង Gap មិនបានជួយដោះស្រាយបញ្ហាកិបកេងប្រាក់ឈ្នួលក្នុងអំឡុងពេលមានជំងឺរាតត្បាតនៅកម្ពុជានោះទេ។ ទាក់ទិននឹងករណីនេះ សហជីពនិងសកម្មជនទាំងឡាយបានអំពាវនាវឱ្យក្រុមហ៊ុនម៉ាកយីហោអន្តរជាតិល្បីៗផ្ដល់ប្រាក់ឈ្នួលពេញលេញដល់កម្មករនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលអាចអនុវត្តបាន ដើម្បីការពារការលួចបន្លំឬកិបកេងប្រាក់ឈ្នួលនាពេលអនាគត។

បើតាមយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ (Clean Clothes Campaign) តួលេខសរុបដែលថៅកែរោងចក្របានជំពាក់កម្មករកាត់ដេរនៅកម្ពុជា គួបផ្សំនឹងប្រាក់ឈ្នួលនិងប្រាក់ដំណាច់អតីតភាពការងារក្នុងរយៈពេល១៣ខែដំបូងនៃការរាតត្បាតជំងឺកូវីដ-១៩ បានប៉ាន់ប្រមាណថា មានចំនួនសរុប៣៩៣លានដុល្លារអាមេរិក។ តួលេខនេះគឺជាការព្យាករផ្អែកលើការវាយតម្លៃគ្រប់ជ្រុងជ្រោយរបស់រោងចក្រចំនួន១១៤ទីតាំងដែលធ្វើឡើងដោយសហព័ន្ធសហជីពនានា។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាប្រធានសហភាពការងារកម្ពុជា បានថ្លែងប្រាប់ វីអូឌី នៅថ្ងៃទី២២ ខែកក្កដាថា ជាការពិត ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាពេលវេលាលំបាករួចទៅហើយនោះ កម្មករបានជួបការលំបាកជាបន្ទុកបន្ថែមទៅទៀត ដោយក្រុមហ៊ុនមួយចំនួនបានព្យួរការងារកម្មករនិងមិនឱ្យប្រាក់ឈ្នួលក្នុងរយៈពេលព្យួរទេ ថែមទាំងបានបញ្ឈប់ការងារកម្មករថែមទៀតផង។

លោកលើកឡើងថា៖ «ថ្មីៗនេះ ខាងរដ្ឋសភាបានអនុម័តធ្វើវិសោធនកម្មមាត្រាច្បាប់ នឹងកាត់បន្ថយផលប្រយោជន៍ការងារវិនិយោគ និងការងារថ្ងៃបុណ្យចំថ្ងៃអាទិត្យទៀត។ អ៊ីចឹងជាសំណើរបស់យើងខ្ញុំ មិនគួរកាត់បន្ថយផលប្រយោជន៍កម្មករទេ គួរតែរកវិធីផ្សេងដើម្បីទាក់ទាញវិនិយោគ ដូចជា កាត់បន្ថយថ្លៃទឹកភ្លើង ឬក៏សម្រួលការចុះបញ្ជីពាណិជ្ជកម្ម និងការនាំចេញឬពន្ធអីផ្សេងៗ ដើម្បីកុំឱ្យកាត់តែផលប្រយោជន៍របស់កម្មករ»។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនមានយោបល់លើតួលេខពីភាគីណាមួយនោះទេ។

លោកបានឆ្លើយតប វីអូឌី តាមតេឡេក្រាមថា៖ «ប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកផ្នែកកាត់ដេរ បានដឹងថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រដល់វិស័យដែលប៉ះពាល់ពីការរាតត្បាតដោយកូវីដ-១៩ បានចំនួន៨ជុំរួចមកទៅហើយ»។

ចំណែកអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ មិនមានអ្វីឆ្លើយតបទៅនឹងរបាយការណ៍នេះទេ។ តែលោកអះអាងថា អ្វីដែលភាគីថៅកែរោងចក្របានធ្វើ គឺអនុវត្តទៅតាមច្បាប់។

លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលបិទខ្ទប់កន្លងមក ភាគីថៅកែរោងចក្របានចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឧបត្ថម្ភខ្លះៗដល់កម្មករ-កម្មការិនីផងដែរ។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលនិងក្រសួងការងារ ធ្លាប់ចេញសេចក្តីជូនដំណឹងហើយថា អំឡុងពេលបិទខ្ទប់ អត់មានកាតព្វកិច្ចបើកប្រាក់ខែទេ។ ហើយអាហ្នឹងជារឿងធម្មតាទេ បើកម្មករអត់មកធ្វើការ មានន័យថា ក៏អត់មានសិទ្ធិទទួលប្រាក់ខែទេ»។  

យ៉ាងណាក្តី លោក អាត់ ធន់ បានថ្លែងថា អ្នកបញ្ជាទិញ គួរតែចូលរួមចំណែកជួយបង់ប្រាក់ដល់កម្មករ ព្រោះកន្លងមកមិនបានទទួលប្រាក់ពីថៅកែទេ។ លោកបន្ដថា រដ្ឋាភិបាលត្រូវតែជំរុញឱ្យក្រុមហ៊ុនបង់ប្រាក់ឈ្នួលឱ្យកម្មករឱ្យបានគ្រប់ នៅក្នុងអំឡុងពេលព្យួរការងារនិងពេលបិទខ្ទប់កន្លងទៅ។ ចំណែករដ្ឋាភិបាលគួរមានកញ្ចប់ថវិកាមួយ ដើម្បីផ្ដល់ជូនកម្មករឱ្យបានគ្រប់គ្នាក្នុងអំឡុងពេលជួបវិបត្តិរាតត្បាតជំងឺសកលនេះ ជាពិសេសត្រូវធានាទៅលើច្បាប់បទដ្ឋានគតិយត្តិផ្សេងៗ ដោយមិនចេះតែអនុគ្រោះឱ្យក្រុមហ៊ុនដែលអាចឱ្យក្រុមហ៊ុនអាចបន្តកេងប្រវ័ញ្ចនិងធ្វើបាបដល់កម្មករបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ