វិភាគ៖ តើស្ថានភាពនយោបាយកម្ពុជានឹងវិវត្តទៅជាយ៉ាងណាមុនការបោះឆ្នោតជាតិមកដល់ ?

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

នៅ​សល់មិនដល់មួយឆ្នាំទៀតនោះទេ កម្ពុជានឹង​រៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ហើយ​នៅសល់ពេល​ប្រមាណ​២ឆ្នាំ​ទៀត កម្ពុជា​ក៏មានការបោះឆ្នោតជាតិ ឬការ​បោះឆ្នោតសកល ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧​ផង​ដែរ។

ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាននិង​ថ្នាក់ដឹកនាំប្រទេសឬរដ្ឋាភិបាលថ្មីក៏កាន់តែកៀកចូលមក​ដល់ដែរ​ ខណៈស្ថានភាពនយោបាយក្នុងប្រទេស​ត្រូវបានមតិ​ជាតិនិងអន្តរជាតិបន្តថ្កោលទោសឥតស្រាកស្រាន្ត ព្រោះតែ​អតីតមេបក្សប្រឆាំងដ៏ធំជាងគេម្នាក់​កំពុងរស់នៅនិរទេសខ្លួនឯងឯនាយសមុទ្រ និងម្នាក់ទៀត​កំពុង​សម្ងំរស់នៅក្នុងប្រទេសក្រោម​សម្ពាធ​រឿងក្តី​នៅតុលាការដែល​មិនទាន់បញ្ចប់នៅឡើយ។ ស្រប​ពេលនេះដែរ ​កម្ពុជាក៏មិនទាន់មាន​វត្តមាន​គណបក្សប្រឆាំង​ដែលមានកម្លាំងគាំទ្រប្រហាក់ប្រហែលបក្សកាន់​អំណាច​ដែរនាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ អតីតមន្ត្រី​ជាន់ខ្ពស់និងមន្ត្រីមូលដ្ឋានបក្សសង្រ្គោះជាតិរាប់សិបនាក់កំពុង​​ភៀសខ្លួនទៅក្រៅប្រទេស និង​ខ្លះទៀត​កំពុងជាប់ឃុំក្នុងពន្ធនាគារ ខណៈសកម្មជននយោបាយជាច្រើនទៀតត្រូវរស់នៅដោយភ័យខ្លាច ព្រោះមានមួយចំនួន​ជាប់បណ្តឹងនៅតុលាការ និងខ្លះទៀតសម្ងំរស់នៅស្ងប់ស្ងាត់​ដោយលែងហ៊ានបញ្ចេញមតិអ្វីទាំងអស់ ពិសេសរឿងនយោបាយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ។ 

សំណួរត្រង់ថា ស្ថានភាពនយោបាយអំណឹះតទៅ រហូតដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣មកដល់ តើនឹងមានអ្វីប្រែប្រួលជាវិជ្ជមានដែរឬទេ?

ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និយាយថា ល្បែងនយោបាយ​ដែលគណបក្សប្រជាជនកម្ពុជា និងអតីត​បក្សប្រឆាំង​ កំពុងបន្តលេង ជានយោបាយយកឈ្នះយកចាញ់គ្នាបែបលក្ខណៈ​បុគ្គល ហើយស្ថានភាពនេះនឹងមិនមានអ្វីប្រែប្រួលជាវិជ្ជមានសម្រាប់កម្ពុជាឡើយ រហូតដល់ការបោះឆ្នោតជាតិមកដល់។

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា ស្ថានភាពនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ​២០២៣ នឹងពុំមានអ្វីប្រែប្រួលជាវិជ្ជមានទេ ត្បិតលទ្ធភាពមេដឹកនាំ​អតីត​គណបក្សសង្គ្រោះជាតិ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា នឹងមិនអាចមានឱកាសដឹកនាំគណបក្សនយោ​បាយ​ដើម្បីចូលរួមការបោះឆ្នោតខាងមុខ ដោយសារលោកនាយករដ្ឋមន្ត្រីនៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឥស្សរជននយោបាយទាំងពីររូបនេះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បើលោក កឹម សុខា និងលោក សម រង្ស៊ី ចង់​បានឱកាសដឹកនាំគណបក្សនយោបាយនៅមុនឆ្នាំ២០២២ និងមុនឆ្នាំ២០២៣ ដើម្បីចូលរួមការបោះឆ្នោតនោះ លុះត្រាតែពួកគាត់ព្រមលេងឆាកល្ខោននយោបាយក្នុងក្រឡារបស់លោក ហ៊ុន សែន! បើមិនដូច្នោះទេ លោក ហ៊ុន សែន ទំនងមិនផ្តល់ឱកាសឱ្យពួកគាត់បានទៅដឹកនាំគណបក្សនយោបាយចូលរួមការបោះឆ្នោតកើតនោះទេ ពីព្រោះលោក ហ៊ុន សែន នៅមានការប្រុងប្រយ័ត្នខ្ពស់និងបារម្ភខ្លាំងណាស់អំពីវត្តមានរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលអំណាចរបស់គាត់និងអ្នកជំនាន់ក្រោយរបស់គាត់»។

ស្ថានភាពនយោបាយពីនេះទៅមុខ ក្រៅតែពី​មិនមានអ្វីប្រែប្រួលជាវិជ្ជមាន លោក គឹម សុខ ក៏មើលឃើញដែរ​ថា នឹងវិវត្តកាន់តែអាក្រក់ថែមទៀត ដោយសារ​វិបត្តិកូវីដ-១៩ ដែល​នឹងត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ជាមនោគមវិជ្ជា ដើម្បីដោះទាល់នូវអំណាចផ្តាច់មុខរបស់ខ្លួន ខណៈអតីតមេដឹកនាំបក្សប្រឆាំងនៅ​ក្រៅប្រទេសវិញ ក៏គ្មានយុទ្ធសាស្ត្រអ្វីដើម្បីផ្លាស់ប្តូរអំណាចរបស់លោកនាយករដ្ឋមន្ត្រីនោះដែរ។

ដោយឡែក សំឡេងសម្ពាធអន្តរជាតិវិញនោះ លោក គឹម សុខ មើលឃើញថា វាយឺតយ៉ាវ​រហូតធ្វើឱ្យមេដឹក​នាំ​បក្ស​កាន់​អំណាច​លែងខ្វាយខ្វល់ទៅហើយ។

លោកបន្ថែមថា៖ «លទ្ធភាពរបស់ពួកគាត់ទាំងពីរ [លោក កឹម សុខា និងលោក សម រង្ស៊ី ] អាចនិយាយបានថា ស្ទើរតែអត់មានតែម្តង! ទោះបីជាសម្ពាធអន្តរជាតិនៅពេលខាងមុខហ្នឹងធំប៉ុនណាក៏ដោយ ក៏មិនមានការប្រែប្រួលច្រើនដែរ ពីព្រោះចលនារបស់សម្ពាធ​សហគមន៍អន្តរជាតិ វាយឺត​ពេកកន្លងមក គឺយឺតរហូតដល់ លោក ហ៊ុន សែន អាចពង្រឹងកម្លាំងអំណាចកាន់តែរឹងមាំទៅហើយ។ ដូច្នេះ ពាក្យថាសម្ពាធរបស់សហគមន៍អន្តរជាតិ វាស្ទើរតែក្លាយទៅជារឿងសាមញ្ញទៅហើយសម្រាប់លោក ហ៊ុន សែន»។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ទាំងកណ្តាលអធ្រាត្រកាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយក្រោយមក តុលាការកំពូលក៏បានរំលាយគណបក្សប្រឆាំងធំមួយនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំដដែល ដោយភ្ជាប់សំណុំរឿងដែលប្រមុខរដ្ឋាភិបាល​ចោទ​លោក កឹម សុខា ពីបទក្បត់ជាតិ។

អំឡុងពេលនោះ មេបក្សប្រឆាំងរូបនេះក៏ត្រូវជាប់រឿងក្តីក្តាំនៅតុលាការមិនទាន់បញ្ចប់ បក្សក៏ត្រូវបានតុលាការរំលាយ ខណៈតំណែងមន្ត្រីតាំងពីមូលដ្ឋានរហូតដល់ថ្នាក់ព្រឹទ្ធសភាជាច្រើនពាន់នាក់ក៏ត្រូវបានគេដកហូត រីឯមន្ត្រីជាន់ខ្ពស់​របស់ខ្លួនរាប់សិបនាក់ទៀតក៏បាននិង​កំពុងជាប់​បម្រាមធ្វើនយោបាយនៅឡើយ។

យ៉ាងណា ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា និងរំលាយអតីត​គណបក្សប្រឆាំងធំជាងគេនោះមក សហគមន៍អន្តរជាតិ លោកសេរី បានចេញមុខថ្កោលទោសរដ្ឋាភិបាលចំៗថាបានដើរប្រាស​ចាក​ពី​គន្លង​លទ្ធិប្រជា​ធិប​តេយ្យ ហើយងាកកាន់តែខ្លាំងទៅរបបផ្តាច់ការឬ​កុម្មុយនីស្តតាមរយៈជំហរចាប់យកចិនប៉េកាំងជាបង្អែក។

ក្រៅពីថ្កោលទោស សហគមន៍អន្តរជាតិ លោកសេរី ដែលមានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនាំមុខនោះ ក៏​បានចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន​២០​ភាគរយ ដែលធ្វើឱ្យកម្ពុជាត្រូវខាតបង់ប្រាក់បង់ពន្ធលើទំនិញនាំចេញទៅអឺរ៉ុបក្នុងមួយឆ្នាំប្រមាណ១០០លានដុល្លារ។ ហើយអឺរ៉ុបក៏ធ្លាប់ព្រមានថា វិធានការនេះ​ជាជំហានដំបូងតែប៉ុណ្ណោះ នៅមានទណ្ឌកម្មសេដ្ឋកិច្ច​ច្រើនទៀត ប្រសិនបើកម្ពុជាមិនត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យទេនោះ។ ចំណែកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋ​អាមេរិកវិញ ក៏ស្ថិតនៅក្នុងភាពមិនប្រាកដប្រជានៅឡើយដែរ ពោលគឺវាអាស្រ័យទៅលើស្ថានភាពនយោ​បាយ​របស់​កម្ពុជា​ខ្លួន​ឯង។

ចាប់តាំងពីឆ្នាំ២០១៨មក មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងជាមនុស្សស្និទ្ធនឹង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ហោចណាស់៣រូប រួមទាំងសមាជិកគ្រួសាររបស់ពួកគេមួយចំនួននិងក្រុមហ៊ុនជាច្រើនរបស់ពួកគេ ក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមរយៈការ​បង្កកទ្រព្យសម្បត្តិនិងហាមប្រាមមិនឱ្យជាន់ដីអាមេរិក​ជាដើម។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលរងទណ្ឌកម្មពីសំណាក់​អាមេរិកទាំងនោះ រួមមាន នាយឧត្តមសេនីយ៍ផ្កាយមាស៤ និងជាប្រធានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី លោក ហ៊ីង ប៊ុនហៀង។ អតីត​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបច្ចុប្បន្ន លោក គន់ គីម និងសមាជិកគ្រួសារ៣នាក់ រួមទាំងក្រុមហ៊ុនមួយចំនួនផង។ ​លោកឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុនរបស់លោកជាច្រើនទៀត ក៏ត្រូវបានអាមេរិកសម្រេចដាក់ទណ្ឌកម្ម​បង្កកទ្រព្យសម្បត្តិ និងហាមមិនឱ្យពួកគេជាន់ដីអាមេរិកផងដែរ។

ដោយឡែក ក្រុមហ៊ុន​យក្សរបស់ចិនដែលកំពុងវិនិយោគនៅខេត្តកោះកុងលើផ្ទៃដីជិត៤ម៉ឺនហិកតា ឈ្មោះ ញូញៀន ឬ UDG ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្មដែរ។ ការសម្រេចរបស់អាមេរិកនេះ ដោយសារពួកគេរកឃើញថា ក្រុមហ៊ុនចិននោះមាន​ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋនិងអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ជាដើម។

សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី យល់ឃើញថា ​ស្ថានភាពនយោបាយ​នៅក្នុងប្រទេសកម្ពុជាមុនការបោះឆ្នោត អាចមានការប្រែប្រួលឬ​មិនប្រែប្រួលអាស្រ័យទៅលើជំហរបស់មេដឹកនាំគណបក្សកាន់អំណាចនិងអតីតមេដឹកនាំគណបក្សប្រឆាំង។

លោកមានប្រសាសន៍ថា៖ «ហើយមកដល់ពេលនេះ អ្នកដែលធ្វើឱ្យស្ថានភាពនយោបាយនៅកម្ពុជាប្រែប្រួលហ្នឹង គឺទី១ ប្រមុខរដ្ឋាភិបាលដែលជាប្រធានគណបក្សប្រជាជនកម្ពុជា​បច្ចុប្បន្ននេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើគាត់មានការផ្លាស់ប្តូរឥរិយាបថ ទាញកម្ពុជាមករកជំហរប្រជាធិបតេយ្យ ដោយមិនងាកខ្លាំងទៅចិនហ្នឹង ខ្ញុំគិតថា ស្ថានភាពនយោបាយនឹងប្រែប្រួល។ ទី២ ស្ថានភាពនយោ​បាយ​នឹង​ប្រែប្រួល​ អាស្រ័យទៅនឹងមេដឹកនាំគណបក្សប្រឆាំងដែរ ឧទាហរណ៍ ក្នុងករណីលោក កឹម សុខា ប្រកាសបែកពី​លោក សម រង្ស៊ី គឺស្ថានភាពនយោបាយនៅកម្ពុជាប្រែប្រួលហើយ»។

នៅមាន​សេណារីយ៉ូមួយចំនួនទៀតដែលលោក​បណ្ឌិត សេង សារី មើលឃើញថា នឹងអាចលេចចេញជារូបរាង​ដែរ ដូចជា ការប្រើវិបត្តិកូវីដ-១៩ ដើម្បីបន្តអំណាចដឹកនាំប្រទេស​ដោយមិនបាច់ឆ្លងកាត់ការបោះឆ្នោត ​ ប៉ុន្តែ​ស្ថានភាពនេះនឹងមិនអាចធ្វើទៅបាន ប្រសិនបើសម្ពន្ធភាព​របស់​លោក សម រង្ស៊ី និងលោក កឹម សុខា មានការបែកបាក់។

លោក​ថា៖ «ខ្ញុំមើលឃើញសេណារីយ៉ូពីរធំ សេណារីយ៉ូទី១ ការបោះឆ្នោតប្រហែលជាមិនអាចកើតឡើង ដោយសារតែរដ្ឋាភិបាលអាចយក​លេស​ស្ថាន​ភាពកូវីដ-១៩។ ទី២ ប្រសិនបើក្នុងករណីដូចខ្ញុំលើកឡើងអ៊ីចឹង ក្នុងករណីស្ថានភាពគណបក្សសង្រ្គោះជាតិប្រែប្រួល លោក កឹម សុខា ប្រកាស ឬលោក សម រង្ស៊ី ប្រកាស ក្នុងការបែកបាក់។ ខ្ញុំគិតថា ទោះបីជារឿងកូវីដក៏ដោយ ក៏រដ្ឋាភិបាលអាចសម្រេចចិត្ត​បន្តឱ្យមានការបោះឆ្នោត ដោយសាររដ្ឋាភិបាលដឹងច្បាស់ថា ទោះបីជាមានការបោះឆ្នោត ក៏គណបក្សប្រជាជននៅតែឈ្នះដែរ»។

តែយ៉ាងណា លោក សេង សារី នៅតែមើលឃើញថា ស្ថានភាពនយោបាយនៅ​មុនការបោះឆ្នោតជាតិមកដល់ នឹងមិនមានអ្វីប្រែប្រួលជាដុំកំភួននោះឡើយ ត្បិតអ្នកនយោបាយខ្មែរបានធ្វើនយោបាយយកឈ្នះចាញ់គ្នាក្នុង​លក្ខណៈបុគ្គលដោយមិនខ្វល់ទៅនឹងផលប្រយោជន៍ជាតិនោះឡើយ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជាឬ​ពលរដ្ឋ​ធ្លាក់ដុនដាបយ៉ាងក៏ដោយ វាលើកលែងតែភាគីនយោបាយណាមួយប្រកាសចាញ់ឬបរាជ័យតែម្តង។

សម្រាប់លោក គឹម សុខ វិញ យល់ឃើញថា ជាដំណោះស្រាយនយោបាយល្អ​មួយ ភាគីនយោបាយបក្សប្រឆាំង ទាំង​លោក សម រង្ស៊ី និងលោក កឹម សុខា គប្បីរកវិធីធ្វើការងាររួមគ្នាឡើងវិញ ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយរបស់ជាតិនៅពេលនេះ។     

លោក គឹម សុខ ផ្តល់អនុសាសន៍ថា៖ ​«គឺមានន័យថា លោក សម រង្ស៊ី គួររកលទ្ធភាពពិភាក្សាជាមួយលោក កឹម សុខា ដើម្បីកំណត់គោលការណ៍ប្រតិបត្តិរួម និងរៀបចំបណ្តាញប្រតិបត្តិនយោបាយរួមឡើងវិញ។ ហើយដើម្បីទប់ទល់នូវវិបត្តិស្ថានការណ៍នយោបាយជាតិដែលកាន់តែយ៉ាប់ទៅៗ ខ្ញុំគិតថា លោក កឹម សុខា ក៏គួរចេះប្រើសិទ្ធិជាពលរដ្ឋម្នាក់បង្ហាញមតិយោបល់ខ្លះហើយ ពីព្រោះតុលាការចងគាត់តែសិ​ទ្ធិធ្វើនយោបាយទេ។ ប្រសិនបើលោក កឹម សុខា មានសមត្ថភាពប្រតិបត្តិសិទ្ធិ គឺសិទ្ធិដែលនៅក្រៅការហាមប្រាមរបស់តុលាការ គឺខ្ញុំគិតថា គាត់អាចពង្រឹងស្មារតីសង្គមឡើងវិញបានខ្លះ កុំឱ្យវាធ្លាក់ដុនដាបពេក»៕  


អត្ថបទទាក់ទង

សង្គម​ស៊ីវិល​ស្នើ​រដ្ឋា​ភិបាល​ស្តារ​បរិយា​កាស​នយោ​បាយ​​ឡើង​​វិញ​មុន​​ការ​​បោះ​​ឆ្នោត​

សន្និសីទសារព័ត៌មានស្ដីអំពីលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរសាស្ត្រ នីតិកាលទី៦ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។
សន្និសីទសារព័ត៌មានស្ដីអំពីលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរសាស្ត្រ នីតិកាលទី៦ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ