សាច់​ក្របី​​​បង្កក​ចំនួន​៣​កុង​តឺន័រ​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​មាន​ផ្ទុក​វីរុស​កូវីដ-១៩

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាល ឱ្យដឹងថា សាច់ក្របីបង្កកដែលនាំចូលពីប្រទេសឥណ្ឌាចំនួន៣​កុងតឺន័រ នៅ​ទីលាន​ផែស្ងួត​ត្រីកូដ ដ្រាយផត គឺពិតជាមានផ្ទុកវីរុសកូវីដ-១៩ (SARS-CoV-2)។ 

​កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបាន​សម្រេចឱ្យប្រទេសឥណ្ឌានាំចូលសាច់បង្កកនិង​មុខ​ទំនិញ​បង្កក​គ្រប់ប្រភេទឡើងវិញ បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅប្រទេសឥណ្ឌាធូរស្រាល និងក្រោយ​ពីកម្ពុជា​សម្រេចផ្អាកការនាំចូលសាច់បង្កកពីឥណ្ឌាជិត២ខែ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដែលទើប​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃនេះ ឱ្យដឹងថា​ ក្នុងចំណោមសាច់ក្របី​បង្កក​ចំនួន៥​កុងតឺន័រដែលនាំចូលពីប្រទេសឥណ្ឌា ​ក្រសួង​បានយកទៅធ្វើតេស្តកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ជាលទ្ធផល សាច់ក្របីបង្កក​ចំនួន៣កុងតឺន័រមានផ្ទុកវីរុសកូវីដ-១៩។ 

ក្រសួងបញ្ជាក់​ថា សាច់​ក្របី​បង្កក​ទាំង​នោះនាំចូល​ពីប្រទេសឥណ្ឌាដោយក្រុមហ៊ុន «បូវីនីហ៊្វូត ឯ. ក» និងក្រុមហ៊ុន «អើស្ដារី អ៊ិនវេសម៉ិន & ខនស្រ្តាក់សិន ឯ.ក»។   

ចំណែកលិខិតដាច់ដោយឡែក​មួយទៀត​របស់​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា សាច់ក្របីបង្កកទាំង៣កុងតឺន័រដែលរកឃើញមានវីរុសកូវីដ-១៩នេះ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ 

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង ដែលធ្វើកិច្ចការនេះ សុំមិន​ធ្វើអត្ថាធិប្បាយ ដោយបង្វែរសំណួរឱ្យសួរអ្នកនាំពាក្យក្រសួងសុខាភិបាលវិញ។ 

លោកថា៖ «ខ្ញុំសុំទោស! ភារកិច្ចហ្នឹងជូនទៅអ្នកនាំពាក្យក្រសួង ថ្នាក់ដឹកនាំ! ខ្ញុំមមាញឹក​ក្នុងការងារនេះ ​អត់បានផ្ដោតទៅលើការឆ្លើយ​ទេ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក​ស្រី ឱ វណ្ណឌីន និង​អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម ក៏មិនអាចសុំការបំភ្លឺបន្ថែមបានដែរ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

អភិបាលខេត្ត​កំពង់ស្ពឺ​ លោក វ៉ី សំណាង សុំមិន​បកស្រាយលើបញ្ហានេះឡើយ ដោយបង្វែរសំណួរឱ្យទៅសួរក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ដោយថា អាជ្ញាធរខេត្ត​មានភារកិច្ច​ត្រឹមតែដុតកម្ទេចតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ួច វុទ្ធី ជំរុញឱ្យក្រសួងពាក់ព័ន្ធត្រូវបំភ្លឺដល់ប្រជាពលរដ្ឋឱ្យច្បាស់លាស់ជុំវិញករណីនេះ  ដើម្បីបញ្ចៀសហានិភ័យផ្សេងៗដែលអាចនឹងអាចកើតមានឡើង។ 

លោកថា៖ «អ៊ីចឹងហើយគួរណាតែក្រសួងដែលពាក់ព័ន្ធទាំអស់ហ្នឹង ដូចជា ក្រសួងឧស្សាហកម្ម ក្រសួងកសិ​កម្ម ក្រសួង​សុខាភិបាល ពាក់ព័ន្ធច្រើនណាស់ បី​បួន​ក្រសួងហ្នឹង!​ ដើម្បីចាត់វិធានការដើម្បីយកសាច់ហ្នឹង​ទៅបំផ្លាញ​ចោលឬយ៉ាងម៉េច ព្រោះអានេះវាប្រសិនបើមកអ៊ីចឹងហើយ យើងពិនិត្យទៅឃើញមានវីរុសនិងបង្កប់ខ្លួននៅក្នុងហ្នឹង​ អាហ្នឹងវាហានិភ័យដល់ប្រជាពលរដ្ឋយើងទៅថ្ងៃក្រោយ»។

ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃនេះ ក៏បានបង្ហាញការមិនអស់ចិត្តចំពោះការរកឃើញវីរុសកូវីដ-១៩ នៅលើសាច់ក្របីដែលនាំចូលពីប្រទេសឥណ្ឌាមកកម្ពុជានេះ ដោយស្នើឱ្យមានការធ្វើតេស្តម្តងទៀត។

ស្ថានទូតឥណ្ឌាបានអះអាងថា សាច់ក្របីនេះត្រូវបានត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌាស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា។ ហើយមួយវិញទៀត សាច់ក្របីនេះនាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជា នៅខែកក្កដា ដែលគ្មានភស្ដុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថា វីរុសកូវីដ-១៩អាចរស់បានលើសម្ភារវេចខ្ចប់អាហារនិងចំណីអាហារក្នុងរយៈពេលជិត៣ខែនោះទេ។

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតមួយដោយលើកលែង​បម្រាមលើការនាំចូលសាច់បង្កកនិងមុខទំនិញបង្កកគ្រប់ប្រភេទ ដោយដាក់មកជំនួសវិញនូវ​វិធានការបណ្តោះអាសន្ន ក្នុងនោះ តម្រូវឱ្យអាជ្ញាធរ​មានសមត្ថកិច្ចនៃប្រទេសដើមកំណើត​ទំនិញ​ចេញវិញ្ញាបនបត្រឬលិខិតបញ្ជាក់បន្ថែមថា «គ្មានវីរុសកូវីដ-១៩លើសាច់បង្កក»។

លើសពីនេះទៀត រាល់ពេលដែលទំនិញមកដល់នោះ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុននឹងអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

ការសម្រេចអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែមិថុនា​ បានស្នើឱ្យកម្ពុជាដកចេញ​នូវបម្រាមលើការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងៗទៀត​ពីប្រទេសឥណ្ឌា។ 

បើតាមស្ថានទូត​ឥណ្ឌាប្រចាំ​កម្ពុជា បង្ហាញរបាយការណ៍ថា ឥណ្ឌាជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ផ្គត់ផ្គង់​សាច់​ក្របីនិង​អាហារ​នានា ខណៈ​​កម្ពុជាក៏បាន​នាំចូល​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌាក្នុងតម្លៃជាង១៧លានដុល្លារ (១៧,៧) កាលពី​ឆ្នាំ​២០២០ ហើយចំនួនបានកើនឡើង​​ជាង៦លានដុល្លារ (៦,៤) បើប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ