អ្នក​ប្រកប​របរ​ម៉ាស្សា​ថា​ ពួកគេ​ពិបាក​​​រក​ការងារ​​​ថ្មី​តាម​​ការ​​លើក​​ឡើង​​​របស់​​នាយក​រដ្ឋ​មន្ត្រី​

ក្លឹបកម្សាន្ត និងខារ៉ាអូខេមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ដែលបានបិទទ្វារផ្អាកអាជីវកម្មអំឡុងការរីករាលដាលកូវីដ១៩។ (ជន ចាន់រ៉ែន/ ១៨ ឧសភា ២០២០)

ក្រុមប្រជា​ពលរដ្ឋដែលប្រកបរបរម៉ាស្សាត្អូញត្អែរពីផលលំបាកក្នុងការរកការងារថ្មី អំឡុង​ពេល​កម្ពុជាកំពុង​ជួប​វិបត្តិកូវីដ-១៩ និងក្រោយ​ពី​​ប្រមុខរដ្ឋាភិបាលស្នើឱ្យ​ពួកគេ​រកអាជីពផ្សេងក្រៅពីនេះ។

ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងដល់​កុមារ​អាយុ​ចាប់ពី​១២​​ទៅ១៨​ឆ្នាំ កាលពី​​ថ្ងៃ​ទី​១ ខែសីហា ​ឆ្នាំ២០២១ ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់​ដល់ពលរដ្ឋត្រូវ​រៀន​រស់នៅជាមួយនឹង​កូ​វី​ដ​-១៩ ដោយលោកជឿ​ថា ជំងឺនេះ​នឹង​មិន​ចប់​នោះ​ទេ​។

ជាមួយគ្នានោះដែរ លោក​នាយករដ្ឋមន្ត្រីក៏បាន​ប្រាប់​ទៅអ្នកដែល​ប្រកប​របរឬកំពុងរៀន​ដើម្បីចាប់​យក​អាជីពជាអ្នក​ម៉ាស្សានេះ គួរ​ស្វែងរក​មុខ​របរថ្មីផងដែរ។

លោក​បានថ្លែងថា៖ «អ្នក​ធ្លាប់​ប្រកប​របរ​ម៉ាស្សាឬ​អ្នក​កំពុង​រៀន​ពី​អាជីព​ជា​អ្នក​ម៉ា​ស្សា ប្រហែល​ត្រូវ​ផ្លាស់​​​ប្តូរ​មុខ​​របរ​​ហើយ ព្រោះ​ក្នុង​ដំណាក់កាល​នេះនិង​តទៅ​មុខ ​គ្មាន​អ្នក​ណា​គេទៅ​រក​សេវា​ហ្នឹង​​ទៀត​ទេ ព្រោះ​គេ​ខ្លាច​កូ​វី​ដ-​១៩​ដូច​តែ​គ្នា​»។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក គឹម ឌួន ជាមេការនិងជា​បុគ្គលិក​នៅ​ហាង​​ម៉ាស្សាមួយឈ្មោះ​ «សម្ផស្សម៉ា​ស្សា» ស្ថិតនៅ​ក្រុង​សៀមរាប ខេត្តសៀមរាប បាននិយាយថា បើសិនជា​​​ឈប់ពី​មុខរបរ​ផ្នែក​​ម៉ាស្សា លោក​​​មិនដឹងថា​គួរទៅ​រកការងារអ្វីផ្សេង​​នោះទេ ព្រោះពុំមាន​ចំណេះ​ដឹង​។

លោកថា៖ «បើគ្មានភ្ញៀវ មានតែបិទហាង! មិនដឹងថាគួរទៅរកការងារអីនោះទេ ព្រោះមិនមាន​ចំណេះ​ដឹង។ បុគ្គលិកម៉ាស្សា ​គ្នាល្ងង់ ទើប​ចាប់​យក​អាជីព​ហ្នឹង ធ្វើការងារធំមិនកើតទេ»។

បុរសដែលមានកូន៤នាក់ក្នុងបន្ទុករូបនេះ បន្តថា បើសិនជាបាត់បង់ការងារនេះ លោក​អាចនឹងទៅធ្វើ​ជាកម្មករសំណង់វិញ ដើម្បីស្វែងរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារនិង​សងបំណុល​ធនាគារ ខណៈ​បច្ចុប្បន្ន ហាង​ម៉ាស្សាមួយ​នេះស្ទើរតែពុំមានភ្ញៀវចូល​ម៉ាស្សាសោះតែម្តង។ 

លោកបន្ថែមថា កាលពីមុន ហាងមួយនេះអាចមានភ្ញៀវចន្លោះពី១០​នាក់ទៅ​២០នាក់​ក្នុងមួយថ្ងៃ តែ​ក្រោយ​ពីផ្ទុះឡើងនូវជំងឺកូវីដ-១៩ ភ្ញៀវបានធ្លាក់ចុះត្រឹមម្នាក់ក្នុងមួយថ្ងៃ ហើយ​ថ្ងៃខ្លះមិនមាន​តែម្តង។

ទោះយ៉ាងណា លោក គឹម ឌួន ស្នើ​ថា៖ «បើរដ្ឋាភិបាលជួយ ខ្ញុំមិនចង់ឱ្យ​ជួយ​ជា​លុយ​ទេ ព្រោះ​លុយ​ឆាប់​ចាយ​អស់។ តែបើផ្តល់ជា​ឱកាសការងារ​ ទើបអាច​ជួយបានយូរ»។

ចំណែកអ្នកស្រី វឿន ផល ដែលជាបុគ្គលិកម៉ាស្សាមួយរូបទៀតនៅ​ក្រុងសៀមរាបដែរនោះ​ បាន​លើក​ឡើង​​ស្រដៀង​គ្នាដែរ​ថា ចាប់តាំងពីកម្ពុជាមានករណី​ជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហ​គមន៍​មក បានធ្វើ​ឱ្យ​ជីវភាពរបស់​អ្នកស្រីធ្លាក់ចុះដុនដាបខ្លាំង។ អ្នកស្រីបន្តថា រូបគាត់​ក៏​មិន​ដឹង​ជា​ត្រូវរក​អាជីព​ណាផ្សេង​ក្រៅ​ពី​នេះ​ដែរ​ ដោយសារតែពុំមានចំណេះដឹងជ្រៅជ្រះដូចអ្នកផ្សេង។

អ្នកស្រីបន្ត៖ «បើគ្មានការងារម៉ាស្សា ខ្ញុំមិនដឹង​ជារក​ការងារអី ព្រោះគ្មានចំណេះ មិនចេះអក្សរ។ បើ​រដ្ឋាភិបាល​ជួយ ខ្ញុំចង់ឱ្យ​រដ្ឋជួយជាស្បៀងអាហារ»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពីអ្នកនាំពាក្យ​ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃនេះ។

ប្រធាន​សហភាពសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន យល់ថា ​រដ្ឋាភិ​បាល​​មិនគួរត្រឹមតែ​ប្រាប់អ្នកប្រកបមុខរបរនេះឱ្យផ្លាស់​ប្តូរការងារនោះទេ តែគួរផ្តល់​​ជា​ទុន​ទំនុក​​បម្រុងដល់​ពួកគេ ​ព្រោះពួកគាត់​​ពុំមានចំណេះដឹងដែលអាចរកការងារផ្សេងបានដោយស្រួល​ឡើយ​​​ ខណៈ​​អ្នក​ដែល​​មាន​ជំនាញខាង​​ម៉ាស្សា​​ខ្លះមានវ័យចំណាស់ទៅហើយ។

អ្នកស្រីបន្តថា៖ «បុគ្គលិកម៉ាស្សាក្នុងបរិបទកូវីដ-១៩នេះ ប្រឈមនឹងភាពអត់ឃ្លាន គ្មានការងារ​ធ្វើ ជំពាក់​បំណុល​ធនាគារ និងគ្មានលុយព្យាបាលពេលមានឈឺថ្កាត់។ ហើយ​ការ​ប៉ះពាល់ ​មិន​ត្រឹម​តែ​លើ​អ្នក​ប្រកបរបរនេះ​ផ្ទាល់​ទេ តែ​ប៉ះពាល់​ដល់​កូនៗ​របស់​គេ ដូចជា គ្មាន​អាហារ​ហូប​ចុក និង​មិន​បាន​ទៅ​សាលារៀន​ ជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ