អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ នឹង​អនុវត្ត​វិធាន​ការ​ក្តៅ​លើ​អ្នក​ល្មើស​បម្រាម​គោចរ​ចាប់​ពី​​យប់​នេះ​​ទៅ

យប់ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២១​ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ ចុះអនុវត្តត្រួតពិនិត្យបម្រាមគោចរដែលកំណត់ចាប់ពីម៉ោង​៩យប់ដល់ម៉ោង​៣នាទីទៀបភ្លឺ​ រយៈពេល១៤ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី២៩​ ខែកក្កដា​ រហូតដល់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

សមត្ថកិច្ច​រាជធានីភ្នំពេញ អះអាងថា ចាប់ពីយប់ថ្ងៃទី០៣ ខែសីហានេះទៅ អាជ្ញាធរ​នឹង​​អនុវត្ត​វិធានការ​ក្តៅចំពោះអ្នកល្មើសបម្រាម​គោចររបស់​រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។

អ្នកនាំពាក្យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកវរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍ថា ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ អាជ្ញាធរមិនបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការឬឃុំខ្លួននោះឡើយ ដោយអាជ្ញាធរប្រើវិធានការស្រាលៗសិន។

ក៏ប៉ុន្តែចាប់ពីយប់ថ្ងៃទី៣ ខែសីហានេះតទៅ លោកថា គណៈអភិបាលរាជធានីភ្នំពេញនឹងចាត់វិធានការតឹងរ៉ឹងខ្លាំង អាចនឹង​មានការឃាត់ខ្លួនមនុស្ស និងមានការផាកពិន័យធ្ងន់ធ្ងរ ឬក៏អាចមានវិធានការច្បាប់ ប្រសិនបើគាត់នៅតែល្មើសនូវបម្រាមគោចរនេះ។

លោកបន្តថា ចំពោះ​ហាងឬ​ទីតាំងអាជីវកម្មនានា​ដែលមិ​នព្រ​មអនុវត្តឬគោរព​តាមវិធាន​ការ​រដ្ឋបាលរាជធានីភ្នំពេញទេ នោះអាជ្ញាធរនឹងចុះបិទទីតាំងហាង​ឬក៏អាចឈានដល់មានការដកអាជ្ញាបណ្ណហាងនោះតែម្តង ឬក៏អាចអនុវត្តទៅតាមនីតិវិធីច្បាប់។

គួរជម្រាបជូនថា ក្នុងរយៈពេល៤ថ្ងៃនៃការអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់​ថ្ងៃទី២ ខែសីហា អាជ្ញាធររាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន១ ០៥៣គ្រឿង ក្នុងនោះ រថយន្តចំនួន៣០៧​គ្រឿង បានធ្វើការផាកពិន័យរួចរាល់ ខណៈយានយន្តចំនួន២៦៣គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅក្នុងខណ្ឌរៀងៗខ្លួន។

បើតាមលោក សាន សុខសីហា ចំពោះការផាកពិន័យយានយន្តដែលមិនគោរពបម្រាមគោចរនាពេលកន្លងមក គឺម៉ូតូផាកចំនួន២០ម៉ឺនរៀល ខណៈរថយន្តត្រូវផាកចំនួន១លាន​​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ