សុនខ​៣​ក្បាល​មាន​​សមត្ថ​ភាព​​ហិត​​ក្លិន​​រក​​ឃើញ​​អ្នក​​វិជ្ជមាន​កូវីដ-១៩

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ សត្វសុនខមួយក្បាលត្រូវបានដាក់ឱ្យសាកល្បងហិតក្លិនសំណាកស្វែងរកមេរោគកូវីដ-១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន​ ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង​។ (CMAC)

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានអះអាងថា សុនខ៣ក្បាលមានសមត្ថភាពអាចហិតក្លិនរកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ-១៩បាន ខណៈសុនខ៧ក្បាលទៀតកំពុងមានវឌ្ឍនភាព​គួរឱ្យកត់សម្គាល់។

ការអះអាងរបស់​លោក ហេង រតនា បានធ្វើឡើងបន្ទាប់ពីលោកបានចុះទៅត្រួតពិនិត្យនិងវាយតម្លៃផ្ទាល់លើការងារសិក្សា​ស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន (ស៊ីម៉ាក់)​ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ​ទី០២ ខែសីហា ម្សិលមិញនេះ។

លោកបានឱ្យ​ដឹងថា ក្រោយពីបានទទួលសំណាកក្លិន ​(VOC) អ្នកជំងឺ​កូវីដ-១៩ ​ចំនួន៤៨សំណាក​ ពី​ក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបា​ល​មក សុនខក្រុមទី១ ចំនួន៣ក្បាល មានសមត្ថភាពអាចហិតរកឃើញក្លិនសំណាកនៃអ្នកជំងឺ​កូវីដ-១៩​ ប្រកប​ដោយ​ជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋម។​ រីឯសុនខក្រុមទី២ ​ចំនួន៧ក្បាលទៀត ​កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

លោកបន្តថា ​សំណាកទាំង​៤៨ បាន​ឆ្លងកាត់ការត្រួតពិនិត្យ PCR និងការបណ្តុះមេរោគ (cell culture) ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបម្រើ​ឱ្យការងារហ្វឹកហ្វឺននេះ។

លោក ហេង រតនា បន្តទៀត​​ថា ជាលក្ខណ:បច្ចេកទេស សុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:​ពេលប្រមាណតែ១០ទៅ១៥​វិនាទីប៉ុណ្ណោះ។ លោកបញ្ជាក់បន្ថែមថា សុនខទាំងនេះកើត​នៅកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា។

យ៉ាងណាក្តី លោក ហេង រតនា នៅមិនទាន់បញ្ជាក់ថា តើនឹងត្រូវប្រើប្រាស់សុនខទាំងនេះឱ្យធ្វើប្រតិបត្តិការហិតក្លិនរកអ្នកផ្ទុកជំងឺកូវីដ-១៩នេះជាផ្លូវការនៅពេលណានៅឡើយទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា ការប្រើប្រាស់សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ មានប្រសិទ្ធភាពសម្រាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើន ដូចជា នៅព្រលានយន្តហោះ​ ច្រកទ្វារអន្តរជាតិ​ និងពហុកីឡដ្ឋាន ជាដើម។

ក្រុមការងារស៊ីម៉ាក់ បានបង្ហាញមោទកភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ​ និងមានក្តីសង្ឃឹមថាអាចឆ្លើយតបតាមការរំពឹងទុក។ ជាងនេះទៅទៀត ផ្អែកតាមអ្នកជំនាញ​បានឱ្យដឹងថា​ នៅមិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា​ មានការឆ្លងវីរុសកូវីដ-១៩ ពីមនុស្សទៅសុនខឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ