បទ​វិភាគ៖​ តើ​ជា​សញ្ញាណ​​វិជ្ជមាន​ឬ​អវិជ្ជមាន​នៅ​ពេល​កម្ពុជា​យក​ចិន​ជា​ខ្នង​បង្អែក​យុទ្ធសាស្ត្រ?

ថ្ងៃទី០៥​ កុម្ភៈ​ ឆ្នាំ២០២០ លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ចាប់ដៃលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងជំនួបសំណេះសំណាលមួយនៅទីក្រុងប៉េកាំង​ ប្រទេសចិន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

នៅក្នុងទ្រឹស្តីទំនាក់ទំនងកិច្ចការបរទេសឬអន្តរជាតិធ្លាប់លើកឡើងថា គ្មានមិត្តហើយក៏គ្មានសត្រូវនោះដែរ ពោលគឺមានតែប្រយោជន៍​ប៉ុណ្ណោះ។

មិនខុសទៅនឹងទ្រឹស្តីមួយនេះ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជាក៏បានកំណត់រួចហើយដែរចំពោះការទាញយកប្រយោជន៍ទាំងសងខាងពីប្លុកប្រទេសលោកសេរីនិងកុម្មុយនីស្ត ដោយកម្ពុជាត្រូវឈរនៅអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ជាកោះសន្តិភាពមួយផងដែរ។

ជាក់ស្តែង មាត្រា១ នៃច្បាប់កំពូលរបស់ជាតិ បានចែងថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធនោះឡើយ។

ដោយឡែក មាត្រា៥៣វិញបានចែងដែរថា កម្ពុជាត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ ហើយត្រូវរួមរស់នៅដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាងនិងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។

មាត្រាដដែលនេះក៏បានបញ្ជាក់ទៀតថា កម្ពុជាមិនចងសម្ព័ន្ធយោធាឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របទៅនឹងអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនត្រូវអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសខ្លួននោះដែរ។

យ៉ាងណា ជំហរនយោបាយ​របស់កម្ពុជាត្រូវបានគេមើលឃើញថា កំពុងរសាត់ឆ្ងាយពីគោលការណ៍អព្យាក្រឹត្យរបស់ខ្លួន​ ដោយសំដៅទៅរក​កុម្មុយនីស្តចិនកាន់តែខ្លាំង ហើយស្ទើរតែផាត់ចោលប្លុកលោកសេរីថែមទៀតផង។ 

សំណួរត្រង់ថា តើជាសញ្ញាណវិជ្ជមានឬអវិជ្ជមាននៅពេល​កម្ពុជាប្រកាសជាចំហក្នុងការយកចិនកុម្មុយនីស្តជាខ្នងបង្អែកដ៏រឹងមាំនោះ?

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា តាមរយៈការប្រកាសយកចិនជាខ្នងបង្អែកនេះ បង្ហាញកាន់តែច្បាស់ទៀតថា បច្ចុប្បន្ន​ កម្ពុជាបានផ្អៀងទៅរកប្លុកលោកខាងកើតឬប្លុកកុម្មុយនីស្តកាន់តែខ្លាំង ខណៈចិនមិនមែនជាប្រទេសសំខាន់ជាងគេដែលអាចរក្សាមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិបានទេ។

លោកថា ការប្រកាសយកចិនជាខ្នងបង្អែកនោះ នឹងពុំបានផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជាទេ ប៉ុន្តែវានឹងធ្វើប្រទេសក្រីក្រមួយនេះជួបវិបត្តិជាច្រើននៅថ្ងៃអនាគតទៅវិញ។

លោក ឯម សុវណ្ណរ៉ា៖ «ពីព្រោះយន្តការនៃការរក្សាមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ គឺទាមទារចាំបាច់ត្រូវការការចូលរួម ការផ្តល់តម្លៃពីលោកខាងលិច សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ព្រោះចិនមានតែមួយសំឡេងទេនៅលើឆាកអន្តរជាតិ តែលោក[សេរី]មានច្រើន មានសហរដ្ឋអាមេរិក បារាំង អង់គ្លេសហ្នឹង គ្រាន់តែមហាអំណាចបីទៅហើយ។ អ៊ីចឹងខ្ញុំគិតថា នៅពេលការប្រកាសបែបនេះឯង [យកចិនជាខ្នងបង្អែក] ខ្ញុំគិតថា នយោបាយកម្ពុជាពុំមានផលចំណេញច្រើនទេ សម្រាប់ថ្ងៃអនាគត អាចរងនូវវិបត្តិឬក៏រងនូវផលប៉ះពាល់ច្រើនសម្រាប់នយោបាយការបរទេស»។  

មានបញ្ហារសើបជាច្រើនដែលកម្ពុជាកំពុងត្រូវបានប្រទេសលោកសេរី ពិសេសអាមេរិក​ចោទសួរម្តងហើយម្តងទៀតឱ្យបង្ហាញជំហរពិតប្រាកដមួយ ពាក់ព័ន្ធទំនាក់ទំនងជាមួយចិនប៉េកាំង ដែល​ប្រទេសលោកខាងលិចមើលឃើញថា កម្ពុជាបានដើរផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ខ្លួនទៀតផង។ ជាក់ស្តែង បញ្ហាផ្អាកការធ្វើសមយុទ្ធយោធាជាមួយអាមេរិកនិងអូស្ត្រាលីក្រោមហេតុផលផ្សេងៗ ខណៈកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសមយុទ្ធជាមួយចិនបន្តបន្ទាប់ក្នុងគ្រាផ្អាកជាមួយប្លុកលោកសេរីនោះ។

បន្ថែមពីនេះ បញ្ហា​រសើបមួយទៀត គឺសំណុំរឿងនៃកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនក្នុងការផ្តល់មូលដ្ឋានយោធារាមនៅខេត្តព្រះសីហនុ ឱ្យរដ្ឋការក្រុងប៉េកាំងគ្រប់គ្រងផ្តាច់មុខរយៈពេល៣០ឆ្នាំ ហើយវាយកម្ទេចអគារជំនួយរបស់អាមេរិកដោយមិនបានជូនដំណឹងដល់ម្ចាស់ជំនួយ ព្រមទាំងបញ្ហាមូលដ្ឋានយោធា​ចិននៅខេត្តកោះកុង ជាដើម។ បើទោះបីជាការចោទប្រកាន់នោះត្រូវបានរដ្ឋាភិបាលច្រានចោលក៏ដោយ ប៉ុន្តែក្នុងក្រសែភ្នែកប្រទេសលោកខាងលិចមើលឃើញថានាវាប្រជាធិបតេយ្យរបស់កម្ពុជាបាត់រសាត់ឆ្ងាយទៅហើយ។

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះបានចោទជាសំណួរថា ​បើមិនឱ្យកម្ពុជាពឹងផ្អែកទៅ​លើចិន តើឱ្យកម្ពុជាទៅពឹងនរណា? សំណួរនេះត្រូវបានចោទឡើង ក្រោយថ្នាក់ដឹកនាំរដ្ឋាភិបាលបានប្រកាសជាចំហក្នុងការយកចិនជាខ្នងបង្អែកដ៏សំខាន់ ពិសេសការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កម្ពុជា។

យ៉ាងណា ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានបញ្ជាក់ថា កម្ពុជាប្រកាន់នយោបាយការបរទេសចម្រុះពណ៌ ហើយជំនួយពីប្រទេសណាក៏កម្ពុជាទទួលយកដែរ គ្រាន់តែកម្ពុជាត្រូវកំណត់នូវបង្អែកវ៉ាក់សាំងច្បាស់លាស់ពីប្រទេសចិនមួយប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ ឯម សុវណ្ណរ៉ា កត់សម្គាល់ថា មូលហេតុដែលជំហរនយោបាយរបស់កម្ពុជាចាប់យកចិនជាខ្នងបង្អែកសំខាន់នាពេលនេះ គឺដើម្បីរក្សាការពារអំណាចបុគ្គលឬក្រុមខ្លួនតែប៉ុណ្ណោះ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា មានហេតុផលមួយចំនួន​ដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទំនោរទៅរកចិន អាចដោយសារ​ឫសគល់របស់លោកចេញពីការលើកបន្តុបរបស់ក្រុមកុម្មុយនីស្ត ម៉្យាងលក្ខខណ្ឌរបស់ចិនក្នុងការផ្តល់ឱ្យកម្ពុជាជាជំនួយឬជាកិច្ចការពារក្តី ​មានភាពងាយស្រួលជាងលោកសេរី។

លោកបន្តថា ​ក្នុងនាមជាមេដឹកនាំប្រទេសម្នាក់ដែលគិតគូរដល់ប្រយោជន៍រាស្ត្រនិងជាតិជាធំពិតប្រាកដមែន គោលការណ៍អព្យាក្រឹត្យនឹងត្រូវបានបោះបង់ចោលឡើយ ដោយ​ត្រូវសហការទាំងលោកសេរីនិងកុម្មុយនីស្ត​ ចាប់យកប្រយោជន៍ទាំងសងខាង ខណៈប្រទេសសិង្ហបុរីជាប្រទេសមួយដែលកម្ពុជាគួររៀនសូត្រតាម។

លោក សេក សុជាតិ បន្តថា៖ «ក៏ប៉ុន្តែប្រសិនបើកម្ពុជានៅតែបន្តគោលនយោបាយការបរទេសរបស់ខ្លួន​ដោយភាពលម្អៀងទៅខាងប្លុកមួយដាច់អ៊ីចឹង គឺខ្ញុំនៅតែឃើញថា វាមានបញ្ហា។ វាមានន័យថា យើងយកបានតែពាក់កណ្តាលទេ មានន័យថា ផលប្រយោជន៍មួយរយភាគរយគឺយើងបានត្រឹមតែហាសិបហាសិប [ភាគរយ] ហើយហាសិបទៀត យើងយកមិនបាន»។

កាលពីខែមេសា ឆ្នាំ១៩៥៥ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានដឹកនាំប្រតិភូរបស់ខ្លួនទៅចូលរួមចលនា​អព្យាក្រឹត្យមិន​ចូល​បក្ស​សម្ព័ន្ធ ​ក្នុង​សន្និសីទក្រុង​បានឌុង ​ប្រទេសឥណ្ឌូនេស៊ី ដែល​ក្រុមប្រទេស​អាស៊ីនិង​អាហ្វ្រិក​ចំនួន២៩បាន​ប្រកាស​បង្កើត​ចលនានេះឡើង ខណៈ​​សង្រ្គាម​ត្រជាក់​បាន​ផ្ទុះឡើងរវាង​អាមេរិកនិង​សហភាព​សូវៀតនាពេលនោះ។

ត្បិតតែចូលជាសមាជិកចលនាអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធនេះក៏ដោយ ប៉ុន្តែកម្ពុជាពេលនោះ ត្រូវបានគេមើលឃើញបន្តិចម្តងៗ ថាបានធ្វើដំណើរទៅកាន់តែកៀកជាមួយចិនកុម្មុយនីស្ត ហើយឃ្លាតឆ្ងាយពីលោកសេរីកាន់តែខ្លាំង រហូតដល់មានការធ្វើរដ្ឋប្រហារព្រះប្រមុខរដ្ឋពីតំណែងនៅខែមីនា ឆ្នាំ១៩៧០ ពីសំណាក់​ក្រុម​ដែលស្និទ្ធនឹងប្រទេសលោកសេរីថែមទៀតផង។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី លើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការដឹកនាំ​ជាច្រើន ដូចជាការដឹកនាំតាមបែបរាជានិយម តាមបែបកុម្មុយនីស្ត តាមបែបផ្តាច់ការ និងតាមបែបប្រល័យពូជសាសន៍ ជាដើម ប៉ុន្តែលោកមើលឃើញថា មានតែការដឹកនាំបែបប្រជាធិបតេយ្យទេដែលអាចធានានូវអាយុជីវិតរបស់កម្ពុជាបាន។

លោកបន្តថា ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ពលរដ្ឋកម្ពុជាហាក់រីករាយជាមួយរបបនយោបាយឬការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យរួចបាត់ទៅហើយ ហើយមេដឹកនាំដែលឆ្លាតវៃនឹងដឹកនាំប្រទេសឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពលរដ្ឋខ្លួនឯង។

លោកមានប្រសាសន៍ថា៖ «ដូច្នេះ ត្រឡប់វិញ ខ្ញុំឃើញថា មានតែគន្លងប្រជាធិបតេយ្យទេដែលអាចជួយកម្ពុជាបាន ព្រោះទី១ គន្លងប្រជាធិបតេយ្យ យើងមានអាវក្រោះពីរធំៗ។ អាវក្រោះទី១ គឺរដ្ឋធម្មនុញ្ញ អាវក្រោះទី២ គឺសន្និសីទ​ទីក្រុងប៉ារីស ​ឆ្នាំ១៩៩១ ដែលមានប្រទេសប្រាំបី និងដប់[១៨]ប្រទេស ដែលជាអ្នកធានានូវអធិបតេយ្យភាពអព្យាក្រឹត្យភាពរបស់​ប្រទេសកម្ពុជា។ ដូច្នេះ វាមានតែជម្រើសមួយហ្នឹងទេដែលអាចនាំកម្ពុជាដើរនៅលើផ្លូវមួយដែលមានសុវត្ថិភាព»។

សម្រាប់លោក ឯម សុវណ្ណរ៉ា វិញ ផ្តល់ជាអនុសាសន៍ថា ដើម្បីជាប្រយោជន៍របស់ជាតិទាំងមូលនិងយូរអង្វែង កម្ពុជាគប្បីប្រកាន់ជំហរនយោបាយឱ្យស្របទៅតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ គឺជំហរអព្យាក្រឹត្យនោះឯង។

លោកផ្តល់អនុសាសន៍ថា៖ «ជារួម ជាយុទ្ធសាស្ត្រ កម្ពុជាគួរប្រកាន់ជំហរដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺជំហរអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ឥតលម្អៀងអ៊ីចឹង។ អាហ្នឹងគឺយើងមាននៅក្នុង គេហៅថា នយោបាយការបរទេសរបស់ខ្លួនដែលចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ។ យើងប្រកាន់នូវគោលការណ៍ហ្នឹង ខ្ញុំគិតថា កម្ពុជា​បានសុខសាន្តហើយ។ ហើយប្រសិនបើឈរផ្អៀងទៅលោកខាងកើតឬលោកខាងលិច គឺយើងនឹងមានបញ្ហាហើយ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ