អ្នក​ជំនាញ​ថា​ វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​​កើន​ឡើង​គួរ​ឱ្យកត់​សម្គាល់​​ក្នុង​បរិបទ​​កូវីដ-​១៩

ពលរដ្ឋធ្វើដំណើរនិងបំពេញការងារនៅក្បែរទីតាំងរោងចក្រមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត បានឱ្យដឹងថា ក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ពលរដ្ឋកម្ពុជាកាន់តែច្រើន​បានជួបប្រទះនូវវិបត្តិផ្លូវចិត្ត ហើយវិបត្តិនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

អ្នកជំនាញប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្តរបស់អង្គការចិត្តសង្គម អន្តរវប្បធម៌ ហៅកាត់ថា TPO អ្នកស្រី ស៊ុន សូលីដា ប្រាប់ វីអូឌី​ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះថា ​វិបត្តិផ្លូវចិត្តរបស់ប្រជាជនកម្ពុជាពិតជា​មានការកើនឡើង​គួរឱ្យកត់​សម្គាល់ប្រាកដ​មែន ​ដោយយោងតាម​ចំនួន​ពលរដ្ឋដែលបានមកស្វែងរកជំនួយប្រឹក្សា​យោបល់ផ្នែកផ្លូវចិត្តក្នុងបរិបទ​កូវីដ-១៩នេះ។

អ្នកស្រីបន្តថា ស្ថានភាពកូវីដ-១៩ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែតានតឹងទៅៗ ហើយចំនួនអ្នកស្លាប់ចេះ​តែកើនឡើង រីឯ​ចំនួន​អ្នកឆ្លងថ្មីនៅតែជាក្តីបារម្ភនៅឡើយ។

អ្នកជំនាញរូបនេះថា ទោះបីជាមានការយកចិត្តទុកដាក់យ៉ាងណា ប៉ុន្តែបញ្ហា​ផ្លូវចិត្ត​របស់ប្រជាជននៅតែ​ប្រឈម ដូចជាបញ្ហាជំងឺ សម្ពាធក្នុងគ្រួសារ សេដ្ឋកិច្ចប្រចាំថ្ងៃ បន្ទុកនានា រួមទាំងបញ្ហា​សមាជិក​​គ្រួសារ​ច្រើន​ជាកុមារនិងមនុស្សចាស់ជាដើម។

​អ្នកស្រី ស៊ុន សូលីដា៖ «នៅកម្ពុជាមានស្ថាប័នប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តទាំងរដ្ឋនិងឯកជន។ បើផ្តោតតែអង្គការ TPO យើងកត់សម្គាល់ឃើញថា ករណីបញ្ហាផ្លូវចិត្តរបស់ប្រជាជនពិតជា​មានការកើនឡើង​មែន គួរ​ឱ្យកត់​សម្គាល់ មិនថាក្រុមជួរមុខ និងពលរដ្ឋទូទៅ សុទ្ធតែមានសម្ពាធផ្លូវចិត្ត។ ក្នុងនោះ ជ្រុងនៃក្រុមជួរ​មុខដូចជាពេទ្យនិងអ្នកចិត្តសាស្ត្រជាដើម មានបញ្ហាប្រឈមត្រួត ព្រោះ​ត្រូវបារម្ភ​ពីស្ថានភាព​ខ្លួនឯងនិងគ្រួសារផង ហើយត្រូវពង្រឹងស្មារតីយកចិត្តទុកដាក់លើពលរដ្ឋទូទៅ​ដែលត្រូវការ​ជំនួយ​ផង»។

អ្នកស្រី សូលីដា បន្ថែមថា ភាគច្រើនអ្នកដែលមកសុំការប្រឹក្សាយោបល់ពីស្ថាប័នរបស់អ្នកស្រី គឺជាអ្នកដែលមានសម្ពាធ ខ្វល់​ខ្វាយ​ច្រើន បារម្ភពេក និងខ្លះមានបញ្ហាទាក់ទិននឹងការ​បរិភោគ​អាហារមិនត្រឹមត្រូវក្នុងស្ថានភាព​នេះ​។

ក្រៅពីនោះ​ ករណីមួយចំនួនធំដែលធ្វើឱ្យពលរដ្ឋមានវិបត្តិផ្លូវចិត្តដែរ ដូចជា បញ្ហាបំណុល ​កត្តាជីវភាព មិនថាអ្នកពាក់ព័ន្ធនឹងកូវីដ-១៩ ដោយផ្ទាល់ឬប្រយោលទេ។  បញ្ហាបាត់បង់ប្រាក់ចំណូលឬបាត់បង់ការងារធ្វើ បញ្ហាឆ្លងជំងឺផ្លូវដង្ហើមមួយនេះ និងបញ្ហាបាត់បង់សមាជិកគ្រួសារដោយសារវីរុសកូវីដ-១៩ ជាដើម។

អ្នកជំនាញរូបនេះអះអាងថា៖ «អ្នកដែលមករកជំនួយគាំទ្រផ្នែកផ្លូវចិត្ត ច្រើនភ័យ ខ្វាយខ្វល់ បារម្ភថា អាចឆ្លងកូវីដ-១៩ ដល់ថ្នាក់គេងមិនលក់។ ភ្ញាក់ពីគេងមកមិនស្រួលខ្លួន អស់កម្លាំង ល្ហិតល្ហៃ ឈឺសាច់ដុំ ហើយពេលខ្លះគាត់បរិភោគអាហារមិនល្អ ឧទាហរណ៍ អាហារផ្អាប់ ទឹកកក ជាដើម ដែលធ្វើឱ្យឈឺក។ ហើយគាត់ដាក់សម្ពាធខ្លួនឯងថា តើខ្លួនមានកូវីដ-១៩ ឬមានជំងឺផ្លូវចិត្តដែរទេ!»

ប្រភពដដែលឱ្យដឹងថា គិតត្រឹម៧ខែដើមឆ្នាំ២០២១នេះ អង្គការ​ TPO បានទទួល​ប្រឹក្សាយោបល់​ជាមួយ​អ្នករកសេវាផ្លូវចិត្តមិន​តិច​ជាង២ ០០០ករណីឡើយ។ នេះមិនទាន់រាប់បញ្ចូលករណី​ប្រឹក្សា​យោបល់​ក្រៅផ្លូវការមួយចំនួនទៀត។ អ្នកស្រី​ថា ចំនួនប្រឹក្សាយោបល់រយៈពេល៧ខែដើមឆ្នាំនេះ គឺកើនទ្វេដង បើប្រៀបធៀបទៅនឹងចំនួន​ដែលបានប្រឹក្សាយោបល់ជូនពលរដ្ឋរយៈពេលដូចគ្នា នៅមុនមានវិបត្តិកូវីដ-១៩ ប៉ុន្តែអ្នកស្រីមិនចាំទិន្នន័យនោះទេ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ​លោកស្រី ឱ វណ្ណឌីន ​ទទួលស្គាល់ថា បញ្ហាផ្លូវចិត្ត​សម្រាប់​​ប្រជាជនកម្ពុជាក្នុងស្ថានភាពកូវីដ-១៩នេះ ពិតជាកើតមានប្រាកដមែន។

យ៉ាងណា លោកស្រីនៅមិនទាន់មានព័ត៌មានច្បាស់លាស់លើរឿងនេះនៅឡើយទេ ប៉ុន្តែលោកស្រីថា ជាធម្មតា​ វិបត្តិផ្លូវចិត្តនេះតែងកើតឡើង ព្រោះជាបទពិសោធន៍ ប្រទេសផ្សេងក៏គេសង្កេតឃើញមានបញ្ហាផ្លូវចិត្តក្នុងបរិបទកូវីដ-១៩នេះផងដែរ។ លោកស្រីបញ្ជាក់ដែរថា សម្រាប់ពលរដ្ឋអ្នកមានជំងឺកូវីដ-១៩នេះ គឺមានការប៉ះពាល់ផ្លូវចិត្តច្រើន ខណៈអ្នកមិនទាន់មានជំងឺ ក៏មានបញ្ហា​ផ្លូវចិត្តមួយ​ចំនួនដែរ ​។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះផ្តល់ជាអនុសាសន៍​ថា៖ «សំខាន់ណាស់គឺការគាំទ្រពីក្រុមគ្រួសារនិងអ្នកជុំវិញខ្លួន។ ហើយបុគ្គលខ្លួនឯងត្រូវចេះ​វិធី​សាស្ត្រ​រម្លស់នូវក្តីកង្វល់ដោយរំងាប់​បញ្ហា​ក្នុងខ្លួន និងហាត់ប្រាណដើម្បីសម្រាលបញ្ហា។ បុគ្គលខ្លួនឯង​ត្រូវ​ប្រយ័ត្នកុំឱ្យធ្លាក់​ខ្លួនទៅ​ក្នុងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះវាធ្វើឱ្យស្ថានភាព​ជំងឺ​កាន់តែ​យ៉ាប់យឺន»៕

ពលរដ្ឋមួយរូបដែលឆ្លងជំងឺកូវីដ-១៩ ហើយកំពុងធ្វើចត្តាឡីស័កនៅស្តាតអូឡាំពិក លោក អន ខេ ​បាន​ប្រាប់ ​វីអូឌី នៅថ្ងៃទី៤ ខែសីហានេះថា លោកមានសម្ពាធផ្លូវចិត្តនិងភ័យជាខ្លាំងបន្ទាប់ពីដឹងថាបានឆ្លងជំងឺនេះ។ លោកបន្តថា តាមពិតស្ថានភាពរបស់លោកត្រឹមកម្រិតស្រាលប៉ុណ្ណោះ​ និងត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌលសម្រាកព្យាបាលនៅថ្ងៃនេះក្តី ប៉ុន្តែ​លោកនៅតែមានការព្រួយបារម្ភនិងភ័យខ្លាច ​ដោយសារឃើញទិដ្ឋភាពអ្នកផ្សេងទៀតឈានដល់កម្រិតធ្ងន់ធ្ងរ និងឃើញឡាន​សង្គ្រោះ​ខ្វាត់ខ្វែងនៅជុំវិញខ្លួនលោក។

លើសពីនេះ លោកក៏មានសម្ពាធ​បន្ថែមទៀតផងដែរដោយសារបញ្ហាជំងឺមួយនេះ ខណៈលោកបានព្យាយាមលាក់រឿងឆ្លងជំងឺកូវីដ-១៩ មិនឱ្យគ្រួសារដឹងឡើយ ព្រោះមិនចង់ឱ្យពួកគេបារម្ភ។  ​

លោក អន ខេ បន្ថែមថា៖ «ខ្ញុំរាងចាលហើយ មិនចង់ឱ្យមានបញ្ហានេះម្តងទៀត។ មានវិជ្ជមានកូវីដ-១៩ មានបញ្ហាដល់ការងារ។ មក​ទល់​ពេល​នេះ ម្តាយនិងបងប្អូនខ្ញុំទាំងអស់នៅឯស្រុក មិនដឹងថាខ្ញុំមានកូវីដ-១៩ទេ! មានតែមិត្តភក្តិ​និងក្រុម​ការងារ​ប៉ុណ្ណោះដែលដឹង។ មិនឱ្យគ្រួសារដឹង ដោយសារតែខ្ញុំដឹងថា ម្តាយខ្ញុំគិតច្រើន ចាស់ជរា ហើយ​សុខភាព​ទ្រុឌទ្រោម ងាយនឹងពិបាកចិត្ត។ តែខ្ញុំមិនអាចលាក់បាំងរហូតទេ ត្រឹមតែមួយ​រយៈពេល​ប៉ុណ្ណោះ​»។

អ្នកជំនាញប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្តរបស់អង្គការ​ TPO អ្នកស្រី ស៊ុន សូលីដា ផ្តល់អនុសាសន៍បន្ថែមថា ​ប្រជាពលរដ្ឋគួរចូលរួមលើកទឹកចិត្តបែបវិជ្ជមាននិងផ្តល់តម្លៃដល់អ្នកមានជំងឺកូវីដ-១៩ ចៀសវាងរើសអើងឬប្រមាថ ដែលនាំពួកគេងាយធ្លាក់ទៅក្នុងវិបត្តិផ្លូវចិត្ត។ លើសពីនេះ បន្តគាំទ្រនិងលើកទឹកចិត្តដើម្បីឱ្យស្ថានភាពផ្លូវចិត្តរបស់អ្នកជំងឺកាន់តែប្រសើរឡើង បន្ថយសម្ពាធ ធ្វើឱ្យស្ថានភាពនៃការរីករាលដាលកាន់តែថយចុះផងដែរ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួនជិត៨ម៉ឺននាក់ (៧៩ ៦៣៤​​) ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួនជាង៧ម៉ឺននាក់ (៧២ ៨០៣) អ្នកស្លាប់ចំនួន​១ ៤៨៨នាក់ ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ