ការ​នាំ​ចេញ​អង្ករ​​រយៈ​ពេល​៧​ខែ​ឆ្នាំ​នេះ​ថយ​ចុះ​ ស្រប​ពេល​កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ចុះ​ថោក

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្នុងរយៈពេល៧​ខែដើមឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសមានការថយចុះខ្លាំង ស្របពេលប្រជាកសិករមួយចំនួនត្អូញត្អែរ​ពីតម្លៃស្រូ​វចុះ​ថោកនិងពិបាក​រកទីផ្សារលក់​ស្រូវរបស់ខ្លួន​នៅរដូវប្រមូលផលខាងមុខ។

​របាយការណ៍របស់ក្រសួងកសិកម្ម​​ ចេញ​ផ្សាយកាល​ពីថ្ងៃទី​១ ខែ​សីហា ឆ្នាំ២០២១​ ឱ្យ​​ដឹង​ថា ក្នុង​រយៈពេល​៧ខែដើម​ឆ្នាំ​២០២១​នេះ កម្ពុជាបាននាំអង្ករចេញ​ទៅលក់នៅក្រៅប្រទេសបានចំនួនជាង៣០ម៉ឺន​តោន (៣​០៩​ ៨៦៥តោន)។ ចំនួននេះ​មានការថយចុះ​ជាង១១ម៉ឺនតោន (១១​៦ ​២០៨តោន​) ឬស្មើជាង២៧ភាគរយ (២៧,២៧%) បើធៀបនឹងបរិមាណនាំចេញអង្ករក្នុងរយៈពេលដូចគ្នាកាលពី​ឆ្នាំ​២០២០ ដែល​​មាន​ចំនួន​ជាង៤២​ម៉ឺន​តោន (៤២០ ៦​៧៣តោន)។

របាយការណ៍ដដែលបន្ថែមថា ទិសដៅ​កម្ពុជា​ក្នុង​ការ​នាំ​កសិផល​ចេញ​មាន​ចំនួន៦៤​ប្រទេស ដែល​មានក្រុម​ហ៊ុន​​នាំចេញអង្ករចេញចំនួន៥៨​ក្រុមហ៊ុន។ ការនាំអង្ករទៅសហភាពអឺរ៉ុប ចំនួន​២១ប្រទេស មានបរិមាណសរុប៧​៧ ​៧៨៦តោន ​ថយចុះ៤៦,០៧%​ ហើយការនាំទៅប្រទេសចិនមានបរិមាណសរុបចំនួន១៥​៣ ​៩២១តោន ​ថយចុះ០,៩១%​។ បន្ថែមពីនេះ  ការនាំចេញទៅប្រទេសអាស៊ានចំនួន៥ មាន​បរិមាណសរុបចំនួន២​៩ ​៤៥៣​តោន ​ថយចុះ៤៨,៣៩%​ និងទិសដៅនាំអង្ករចេញដទៃទៀតចំនួន២២ប្រទេស មានបរិមាណស​រុប​៤​៨​ ៧០៥តោន​ ថយចុះ​២៩,៨៦%​ ។

ក្រសួងកសិកម្មបញ្ជាក់​ថា ចំពោះបញ្ហាដែលបណ្តាលឱ្យកម្ពុជានាំចេញអង្ករ​ទៅក្រៅប្រទេស​ថយ​ចុះ ​ដោយ​សារ​កត្តា​កង្វះ​ទូកុង​តឺន័រ​សម្រាប់​ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។

​កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញថវិកាសរុបចំនួន៥០លានដុល្លារសហរដ្ឋអាមេរិកដែលជាប្រាក់ឥណទានផ្តល់ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន​កែច្នៃនិងនាំចេញអង្ករ សម្រាប់បង្កើនទុន ដើម្បីជំរុញការទិញស្រូវពីប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ និងសំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថិរភាព។ លើសពីនេះ ដើម្បីបង្កើនការកែច្នៃអង្ករ ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងការនាំចេញ។

អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍​​ជនបទ និងកសិកម្ម លោក ចាន់ សីហា មានប្រសាសន៍ថា​ ធនាគារ​នឹង​ជួយកសិករ​ឱ្យ​អស់​ពី​លទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅបាន បើទោះបីជាកាលៈទេសៈបច្ចុប្បន្ននេះលំបាកនិងធ្ងន់​ធ្ងរចំពោះវិ​ស័យស្រូវ-អង្ករនៅកម្ពុជាក៏ដោយ។​

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង​ សាវឿន បញ្ជាក់ថា ​ជារឿងល្អ នៅក្នុងកាលៈទេស​ៈនេះដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ​ចូលរួមជួយដោះស្រាយបញ្ហាធ្លាក់ថ្លៃ និងជួយរកទីផ្សារឱ្យកសិករ ដែលនឹងអាច​ជួយដល់ពួកគាត់បានមួយកម្រិត។ ដោយឡែក លោកថា នៅពេលរោងម៉ាស៊ីនកិនស្រូវទទួលបានទុនទាំង​នោះហើយ ធនាគារអភិវឌ្ឍន៍​​ជន​បទ និង​កសិកម្ម ត្រូវតាមដានបន្តទៀត ដើម្បី​ធានាថា​ ការប្រើប្រាស់ថវិកាទាំងអស់​នោះត្រឹម​ត្រូវនិង​ចំគោល​ដៅ។

លោកមានប្រសាសន៍ថា៖ «ដើម្បីដោះស្រាយរឿងរ៉ាវបញ្ហាប្រឈមរបស់ពួកគាត់​បាន​នោះ ត្រូវ​តែ​មាន​យុទ្ធនាការ​ក្នុងការតាមដានបន្ថែមទៀតរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិករ ចំពោះរោងម៉ាស៊ីនកិនស្រូវ ដើម្បីធានាថា ថវិកាដែលបញ្ចេញទៅឱ្យកម្ចីហ្នឹង ក្រុមហ៊ុនឬរោងចក្រកិនស្រូវប្រើប្រាស់ស្របតាមកុងត្រា និងការដោះស្រាយបញ្ហានោះ​បាន»។

ប្រជាកសិករម្នាក់ទៀតរស់នៅខេត្តកំពង់ឆ្នាំង ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះ​ថា អ្នកស្រី​មានការព្រួយបារម្ភខ្លាំង ដោយសារតម្លៃស្រូវធ្លាក់ចុះ ពោលគឺមួយគីឡូក្រាមលក់មិនបាន១ ០០០​រៀល​ផង ស្រប​ពេលការនាំអង្ករចេញក៏មានការធ្លាក់ចុះថែម​ទៀត ដែលនឹង​ធ្វើឱ្យប​ញ្ហាតម្លៃស្រូវរបស់កសិករ​​កា​ន់តែ​ប្រឈម​ថែម​ទៀតនៅ​ពេល​ខាង​មុខ។ ​

អ្នកស្រីបន្តថា៖ «សំណូមពរឱ្យ​រដ្ឋាភិបាលជួយសម្រួល​ដល់​ផ្នែកស្រូវអង្ករហ្នឹងឱ្យ​​បាន​ឡើង​ថ្លៃ​ផង ហើយ​ខ្ញុំសំណូមពរ​រឿងជី​ហ្នឹង​ឱ្យ​​បានចុះ​ថោក​ផង ចុះបើស្រូវ​យើង​ថោក​ហើយ តែជីថ្លៃ សាំងថ្លៃ មិនកសិករដួលអស់ហើយអ៊ីចឹង! របស់គេពីក្រៅមក នាំចូលមកថ្លៃ ដល់ពេលរបស់ក្នុងស្រុកខ្មែរថោក អ៊ីចឹងប្រជាជនគាត់ពិបាក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ