អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ពិន័យ​តំណាង​កសិករ​២​នាក់​ចំនួន​៤​លាន​រៀល​ ដោយ​សារ​ឈរ​ថត​លើ​ដី​ស្រែ​មិន​ពាក់​ម៉ាស់​

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

ប្រជាកសិករស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសម្ដែងការខកចិត្តចំពោះអាជ្ញាធរមិនព្រមដោះស្រាយ​សំណងដីស្រែជូនពួកគាត់ ប៉ុន្តែបែរជាផាកពិន័យតំណាងរបស់ពួកគេ២នាក់ចំនួន៤លានរៀល (៤ ០០០ ០០០) ទៅវិញ។

ការផាកពិន័យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា បន្ទាប់ពីអាជ្ញាធរឃុំបានកោះហៅតំណាង​ពលរដ្ឋ២នាក់ឱ្យទៅបំភ្លឺជុំវិញការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកស្តីពី​​ជម្លោះ​ដីធ្លី ដោយមិនបានពាក់ម៉ាស់។

តំណាងសហគមន៍ម្នាក់ក្នុងចំណោម២នាក់ដែលត្រូវបានអាជ្ញាធរមូលដ្ឋានកោះហៅទៅជួបនិង​ពិន័យប្រាក់នៅសាលាឃុំឈើទាល​ គឺអ្នកស្រី ឥន្ទ សូត្រ បានលើកឡើងថា ការទៅជួបជជែកនេះមិន​ពាក់ព័ន្ធនឹងដំណោះស្រាយសំណងដីធ្លីជូនប្រជាពលរដ្ឋ​ទេ គឺក្នុងគោលដៅគំរាមកំហែង និងចោទអ្នកស្រីថានាំគ្នាមកទាមទារខុសគោលការណ៍របស់ក្រសួងសុខាភិបាលដែលកំពុងតែទប់ស្កាត់ជំងឺកូវីដ-១៩។

អ្នកស្រីបានសម្ដែងការខកចិត្តចំពោះការ​រឹតបន្តឹងនិងធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋស្លូតត្រង់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយគ្រាន់តែទាមទាររកដំណោះស្រាយដីធ្លីនោះ។ អ្នកស្រីមើលឃើញថា ការផាកពិន័យជាទឹកប្រាក់ចំនួន៤លានរៀលមកលើ​អ្នកស្រីនិងសមាជិកម្នាក់ទៀត កាន់តែធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បានិងនៅតែបន្តទាមទាររកដំណោះស្រាយដីធ្លីបន្ថែមទៀត។ ​

អ្នកស្រីបានចោទជាសំណួរខ្លាំងៗថា៖ «​នឹងផ្ដល់សំណងសមរម្យៗហ្នឹង នៅណា? គាត់ថា មិនយកដីប្រជាពលរដ្ឋតែមួយចំអាម! តែការអភិវឌ្ឍលើដីប្រជាពលរដ្ឋមិនមានសំណងសមរម្យបែបហ្នឹង ខ្ញុំមិនដែលឃើញ? មកធ្វើឱ្យខ្ញុំឃើញផង។ កុំមកជាន់ករាស្រ្ត អភិវឌ្ឍន៍! បើអភិវឌ្ឍដើម្បីទឹកភ្នែក មិនចាំបាច់អភិវឌ្ឍទេ ខ្ញុំមិនចង់បានទេ។ អាអភិវឌ្ឍទឹកភ្នែក ខ្ញុំចង់បានអភិវឌ្ឍន៍ដែលមានការដោះដូរដែលសមរម្យ។ កុំបានបុណ្យសក្តិធំ មកជាន់ករាស្រ្ត ខ្ញុំមិនសុខចិត្តទេ»។

ចំណែកអ្នកស្រី យស សុភ័ណ្ឌ ដែលត្រូវបានអាជ្ញាធរពិន័យដែរនោះ បានលើកឡើងថា មានប្រជាពលរដ្ឋជាច្រើនបានទៅទាមទារនៅខាងក្រៅ​សាលាឃុំជាង៣០នាក់ ដោយមិនគាំទ្រលើចំណាត់ការរបស់អាជ្ញាធរដែលមិនព្រមផ្ដល់សំណងជូនពលរដ្ឋ ប៉ុន្តែបែររកលេសគ្រប់យ៉ាងដើម្បីធ្វើទុក្ខបុកម្នេញលើពលរដ្ឋទៅវិញ។

អ្នកស្រី​អះអាងថា អ្នកស្រីមិនព្រមផ្ដិតមេដៃលើកិច្ចសន្យាបង់ប្រាក់ និងមិនព្រមបញ្ឈប់ការធ្វើសកម្មភាពទាមទារដូចអ្វីដែលអាជ្ញាធរចង់បាននោះទេ។

អ្នកស្រី សុភ័ណ្ឌ បានសំណូមពរថា៖ «ខ្ញុំសូមសំណូមពរទៅខាងរាជរដ្ឋាភិបាល ពិសេសសម្ដេច ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ដល់មន្រ្តីថ្នាក់ក្រោមឱ្យដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋហ្នឹងទៅ។ បើសិនជាមិនដោះស្រាយទេ រឿងវាអូសបន្លាយកាន់តែច្រើនឡើងៗ។ ហើយខាងអាជ្ញាធរគាត់ចេះតែចោទប្រកាន់ប្រជាពលរដ្ឋពីបទអញ្ចេះពីបទអញ្ចុះ។ គាត់ចេះតែរកនឹកការចោទពួកយើង អត់មានរកវិធីសាស្រ្តអ្វីក្នុងការដោះស្រាយដើម្បីឱ្យប្រជាពលរដ្ឋរស់ផងទេ»។

ឆ្លើយតប​ការរិះគន់ចំពោះការផាកពិន័យ​នេះ អភិបាលស្រុកស្វាយជ្រុំ លោក ហែម សារិត បានលើកឡើងថា វិធានការផាកពិន័យនេះ គឺជាយន្តការរបស់រដ្ឋាភិបាល មិនមែនសម្រាប់តែប្រជាពលរដ្ឋនៅខាងស្រុកស្វាយជ្រុំ​ប៉ុណ្ណោះទេ គឺអនុវត្ត​ទូទាំងប្រទេសកម្ពុជា។ លោកអះអាងថា កាលណាដែលមានការជួបជុំដែលគ្មានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ គឺត្រូវតែចាត់វិធានការ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរ ធម្មតាមិនងាយផាកពិន័យទេ ទាល់តែគាត់ [ប្រជាពលរដ្ឋ] ហ្នឹងរឹងរូសណាស់ មិនស្ដាប់តាមការណែនំារបស់អាជ្ញាធរ។ ហើយដល់អ៊ីចឹងទៅ គាត់បង្ហោះព្រោងពាត្រអ៊ីចឹងទៀត ធ្វើឱ្យប៉ះពាល់នៃបរិបទកូវីដនេះទៀត។ ដូចយើងបានដឹងហើយ យើងអនុវត្តពាក់ម៉ាស់ [រក្សា]គម្លាត មិនមានការប្រមូលម្ដុំ តែពួកគាត់មកប្រមូលម្ដុំ គ្នាជាង២០០នាក់ ពីរកន្លែង [ក្នុងពេលតែមួយ]»។

នៅព្រឹកថ្ងៃទី៤ ខែសីហានេះ ប្រជាកសិករស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ​ជាង៣០នាក់ បានលើកគ្នាទៅសាលាឃុំឈើទាល ស្រុក​ស្វាយជ្រុំ បន្ទាប់ពីអាជ្ញាធរឃុំបានកោះហៅតំណាងពួកគាត់២នាក់ឱ្យទៅបំភ្លឺជុំវិញការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ស្តីពីបញ្ហា​ជម្លោះ​ដីធ្លី។

វិវាទដីធ្លីនេះកើតឡើងតាំងពីឆ្នាំ២០០៨ ក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋានសម្រេចយកតំបន់នេះជាគម្រោងបង្កើតអាងទឹកទន្លេវៃគោ។ តាំងពីពេលនោះ ប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាស្នើ​សំណងសមរម្យ ដើម្បីយកទៅទិញដីថ្មីសម្រាប់ធ្វើស្រែចម្ការ។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សារឿន មើលឃើញថា ចំណាត់ការរបស់អាជ្ញាធរមកលើប្រជាកសិករនេះ វាជារឿងអយុត្តិធម៌បំផុត។  ​លោក​ថា ការផាកពិន័យ​ប្រាក់៤លានរៀនលើតំណាងពលរដ្ឋ២នាក់នោះ ជាការដាក់សម្ពាធធ្ងន់ធ្ងរ ​ស្របពេលពួកគាត់កំពុងជួបបញ្ហាខ្វះខាតនិងជំពាក់បំណុលធនាគារ ជាដើម។ ​

លោកបានស្នើសុំទៅអាជ្ញាធរដូច្នេះថា៖ «មេត្តាជួយដោះស្រាយជូនពួកគាត់ក្នុងនាមជាអាជ្ញាធរ ដើម្បីធ្វើយ៉ាងម៉េចឱ្យគាត់អាចប្រើប្រាស់ដីធ្លីគាត់ ប្រកបមុខរបរចិញ្ចឹមជីវិត។ ហើយអ្វី​ដែលពិសេសនោះគឺថា ប្រមុខរដ្ឋាភិបាល លោកបានលើកកម្ពស់វិស័យកសិកម្មជាវិស័យមួយធានាបានក្នុងវិស័យសេដ្ឋកិច្ចក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ។ អ៊ីចឹងដើម្បីឱ្យវិស័យកសិកម្មនៅតំបន់ហ្នឹងដើរ លុះត្រាតែគាត់មានដីធ្លីធ្វើស្រែធ្វើចម្ការ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ