សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​មនុស្ស​១៨​នាក់​ទៅ​តុលាការ​ក្រោយ​ល្មើស​បម្រាម​គោចរ

យប់ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២១​ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ ចុះអនុវត្តត្រួតពិនិត្យបម្រាមគោចរដែលកំណត់ចាប់ពីម៉ោង​៩យប់ដល់ម៉ោង​៣នាទីទៀបភ្លឺ​​ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​​។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ)

សមត្ថកិច្ចរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនមនុស្ស១៨នាក់ទៅតុលាការ បន្ទាប់ពីពួកគេបានល្មើសបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ​ទី៣ ខែសីហា។

យោងតាមសេចក្តីជូនដំណឹង ស្តីពី «លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល» សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះអនុវត្តវិធានការច្បាប់លើអ្នកល្មើស​បម្រាមគោចរ​​ចំនួន៨២២ករណី ក្នុងនោះ ឃាត់​ខ្លួនដើម្បីអប់រំនិងពិន័យជាប្រាក់ចំនួន១ ៣៥៤​នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១៨នាក់។ ក្រៅពីនេះ សមត្ថកិច្ចបានឃាត់​​យានយន្តបានចំនួន៧៣៤គ្រឿង និងពិន័យជាប្រាក់បានចំនួន៣០ ៧០០ ០០០លានរៀល។

ដោយឡែក នៅយប់មិញនេះ សមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន១២១គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន១៦នាក់បន្ថែមទៀត ដែលពួកគេបានល្មើសបម្រាមគោចរ រត់គេច​ពី​សមត្ថកិច្ច និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

អ្នកនាំពាក្យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកវរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍ថា ក្នុងចំណោមអ្នកល្មើសបម្រាមគោចរទាំង១៦​នាក់នេះ កំពុងស្ថិតនៅក្នុងការសាកសួរនៅតាមបណ្តាអធិការខណ្ឌនានា មុននឹងសម្រេចថាតើត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការឬត្រូវដោះលែងវិញ ដោយគ្រាន់តែធ្វើការអប់រំនិងពិន័យជាប្រាក់។

គួរជម្រាបជូនថា ចាប់តាំងពីយប់ថ្ងៃទី៣ ខែសីហាមក អាជ្ញាធរ​រាជធានីភ្នំពេញ បានចាប់ផ្តើម​​អនុវត្ត​វិធានការ​ក្តៅចំពោះអ្នកល្មើសបម្រាម​គោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ខណៈអាជ្ញាធរកំពុងព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី (Delta) នៅក្នុងសហគមន៍។ បម្រាមគោចរនេះបានអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ