អាជ្ញាធរ​ខណ្ឌឫស្សី​កែវ​ បន្ត​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​សហ​គមន៍​បឹង​ឈូក​អេ​២​ខ្នង​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ

ស្ត្រីម្នាក់ឈរបីកូននៅទីតាំងផ្ទះរបស់ពួកគេ ស្ថិតនៅសហគមន៍បឹងឈូកអេ សង្កាត់គីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ ដែលពលរដ្ឋនៅទីនោះអះអាងថា រដ្ឋឈូសឆាយនិងរុះរើផ្ទះពួកគេដោយមិនទាន់មានសំណង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ក្រុម​ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅសហគមន៍បឹងឈូក[A] សង្កាត់គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សី​កែវ រាជ​ធានីភ្នំពេញ​ អះ​អាង​ថា នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរខណ្ឌបាន​បន្តចុះរុះរើ​ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែម​​ទៀត ដោយ​ពុំបាន​ផ្តល់សំណងសមរម្យ​នោះឡើយ។

គិតចាប់តាំងពី​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះមក អាជ្ញាធរខណ្ឌឫស្សីកែវបានចុះរុះរើផ្ទះប្រជាពលរដ្ឋអស់ចំនួន១១ខ្នងមកហើយ ក្នុងចំណោម​ផ្ទះពលរដ្ឋចំនួន២០គ្រួសារដែលអាជ្ញាធរ​តម្រូវឱ្យ​រុះ​រើ​ដើម្បីពង្រីកផ្លូវ ប៉ុន្តែពលរដ្ឋអះអាងថា ការរុះរើនេះធ្វើឡើងដោយមិនបានផ្ដល់សំណងណាមួយដល់ពួកគាត់ឡើយ។

ពលរដ្ឋម្នាក់ដែលត្រូវបានអាជ្ញាធរចុះទៅ​រុះរើ​ផ្ទះរបស់គាត់នៅ​ព្រឹកថ្ងៃទី០៥ ខែសីហានេះ អ្នកស្រី តូច ឡៃអៀង បានលើកឡើងថា គម្រោងរបស់អាជ្ញាធរនឹងបន្តរុះរើផ្ទះរបស់ពលរដ្ឋ​ទាំង២០គ្រួសារនៅតំបន់បឹងឈូកអេនេះ​ ស្របពេលផ្ទះអ្នកស្រីត្រូវបានរុះរើអស់ពាក់​កណ្ដាល​​ហើយ​ ខណៈ​ពាក់​កណ្ដាល​ទៀត អាជ្ញាធរ​ទុក​ឱ្យ​​អ្នក​ស្រីនិង​កូនរស់​នៅ​បណ្ដោះ​អាសន្ន​​សិន។

ស្រ្តីដែលទើបឆ្លងទន្លេហើយបាន៤ខែរូបនេះ​ បន្តថា ការរុះរើនេះ អាជ្ញាធរ​ខណ្ឌ​មិន​បាន​ផ្តល់​សំណង​​ណាមួយដល់ពួកគាត់ឡើយ ដោយលើកហេតុផលថា ពួកគាត់រស់នៅខុសច្បាប់។ តែ​យ៉ាង​ណា អ្នកស្រីថា ពួកគាត់បានរស់នៅលើដីនេះជាង២០ឆ្នាំមក​ហើយ ហើយក៏ពុំមាន​លំនៅនៅទីណាផ្សេ​ងទៀតដែរ ហើយ​បើអាជ្ញាធររុះរើបែបនេះ នឹងធ្វើឱ្យ​ពួកគាត់កាន់តែជួប​ផល​លំបាកក្នុងជីវភាព ជាពិសេសក្នុងអំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ-១៩នេះ។

ស្ត្រីរូបនេះគូសបញ្ជាក់ថា៖ «ខ្ញុំមានក្ដីបារម្ភដែរ ខ្លាចតែគេ [អាជ្ញាធរ] មិនឱ្យ​​ខ្ញុំនៅហ្នឹង! ហើយខ្លាចតែគេឱ្យ​​រុះ​រើទៀត ទាំង​គ្មាន​សំណង​ដោះដូរ មិនដឹងទៅនៅណា! រស់ស៊ីឯណាទៀតទេ! អស់ដី អស់អីនៅ មានដីតែប៉ុណ្ណឹង!​ ខ្ញុំមានក្ដីបារម្ភខ្លាំងណាស់។ ណាមួយសម័យកូវីដទៀត អ៊ីចឹងរកអ្វីមិនបាន ហើយប្ដីក៏អត់មានការងារធ្វើ ចំណែកនាងខ្ញុំកូនខ្ចីទៀត មកទទួលទោសទណ្ឌអ៊ីចឹង ពិបាកណាស់»។

អ្នកស្រី យាត ណាត​ អាយុ៥០ឆ្នាំ ដែលកំពុងឈរមើលកម្លាំងអាជ្ញាធរប្រមាណ៣០នាក់រុះរើ​​ផ្ទះ​អ្នកជិត​ខាងរបស់​ខ្លួននោះ បាន​និយាយថា អាជ្ញាធរបាន​ទុកពេល១អាទិត្យ​ឱ្យ​គាត់​​រុះរើ​ផ្ទះដែល​កំពុងរស់នៅនេះ។

អ្នកស្រីថា​​៖ «ឱ្យ​ខ្ញុំរើទៅណា? បើខ្ញុំមិនមានដី គ្មានផ្ទះផង បើមានផ្ទះតែ​ប៉ុណ្ណឹង! កូនខ្ញុំ៥នាក់ ចៅខ្ញុំ​៥​នាក់ ខ្ញុំរស់​នៅហ្នឹងតាំងពីដី​គ្មានផ្លូវ រហូត​ដល់មានផ្លូវ​ [ផ្លូវថ្នល់ធំៗ]»។

ករណីនេះ ក្រុមប្រជាពលរដ្ឋបានស្នើ​ដល់រដ្ឋាភិបាលនិង​​ក្រសួងស្ថាប័នពាក់ព័ន្ធជួយ​អន្តរាគមន៍​ដោះស្រាយ​​​​សំណង​ តាមរយៈ​ការ​ដោះដូរទីតាំងឱ្យ​ពួក​គាត់​មានលំនៅរស់នៅ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​​ផង ដោយ​សារពួកគាត់កំពុងជួបបញ្ហា​ក្នុងជីវភាពដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយ​បែរ​មក​ត្រូវ​អាជ្ញាធ​រ​រុះរើ​ផ្ទះដោយគ្មានសំណងបែបនេះទៀត។

អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញា សីហា បានបដិសេធអត្ថាធិប្បាយ ដោយ​ប្រាប់​ឱ្យ​អ្នកសារព័ត៌មាន​ទៅយក​ព័ត៌មានផ្ទាល់នៅរដ្ឋបាល​ខណ្ឌ។

បើតាមប្រធានសហគមន៍បឹងឈូកអេ លោក តូច សំអ៊ន់ ដែលបានប្រាប់ វីអូឌី នាពេលកន្លង​មក ឱ្យ​ដឹងថា ចាប់​តាំង​ពី​ពួកគាត់​​រស់នៅឆ្នាំ១៩៩៥ រហូតមកដល់ឆ្នាំ១៩៩៩ នៅតំបន់នោះមិនទាន់មានការអភិវឌ្ឍនៅឡើយ គឺនៅតំបន់នោះជាបឹងតភ្ជាប់មកពី«បឹងពោងពាយ»ទល់នឹង«បឹងតាមោក» (បឹ​ងកប់ស្រូវ) សព្វថ្ងៃ។ ហើយនៅកន្លែងនោះ មានទឹកលិចជាប្រចាំ មិនថារដូវប្រាំងឬរដូវវស្សានោះទេ។ ពលរដ្ឋរស់នៅទាំងគ្មានទឹកស្អាត ភ្លើងអគ្គិសនី គ្មានសេវាសាធារណៈ ជាដើម។

ប៉ុន្តែក្រោយមក ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ទើបរដ្ឋាភិបាលចាប់ផ្តើមធ្វើការអភិវឌ្ឍនៅតំបន់នោះឱ្យមានទឹកស្អាត ភ្លើងអគ្គិសនី និងសេវាសាធារណៈជាបន្តបន្ទាប់។ ហើយបច្ចុប្បន្ននេះ អាជ្ញាធរបែរជាបណ្តេញពួកគេចេញពីតំបន់នោះ ដោយមិនផ្តល់សំណង និងមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។

មន្រ្តីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិ​បាល​ឬអាជ្ញាធរគួរតែស្រាវជ្រាវ​ឱ្យបានច្បាស់លាស់ចំពោះការកាន់កាប់ដីធ្លីរបស់ពលរដ្ឋនៅ​សហគមន៍បឹងឈូកអេនេះ។ ហើយ​ប្រសិនបើពួកគាត់ពិតជាបានកាន់កាប់យូរ​ឆ្នាំមែន អាជ្ញាធរ​គួរ​តែផ្តល់សំណងសមរម្យដល់ពួកគាត់ ចៀសវាង​ការបណ្តេញពួកគាត់ទាំងបង្ខំ។​

លោកបានគូសបញ្ជាក់ថា៖ «យន្តការក្នុងការដោះស្រាយវាមានច្រើនមកហើយ រឿង[ដីធ្លី]ហ្នឹង! អាស្រ័យទៅលើការដោះស្រាយផ្ទាល់របស់អាជ្ញាធរ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលគួរតែមានការស្រាវជ្រាវឱ្យបានច្បាស់​លាស់​ទាក់​ទង​នឹងការកាន់កាប់ ក៏ដូចជាដំណោះស្រាយសម្រាប់ពួកគាត់ ដើម្បីចៀសវាង​​នៃការចោទប្រកាន់ដែលដេញចេញទាំងបង្ខំ ឬក៏មានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងបទពិសោធន៍​ដីធ្លីកន្លងមក វាល្មមគ្រប់គ្រាន់ហើយសម្រាប់អាជ្ញាធរនិងក្រសួងពាកព័ន្ធ ត្រូវស្វែងរកដំណោះស្រាយឱ្យ​​បានសមរម្យ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ