អាជ្ញាធរ​​​បិទ​​ខ្ទប់​កំណាត់​​ផ្លូវ​១១៣​​ក្នុង​សង្កាត់​បឹង​ព្រលិត​ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​-១៩​​ថ្មី

តំបន់មួយកន្លែងត្រូវបានចងខ្សែឃាំងហាមឃាត់ការធ្វើដំណើរចេញចូល ក្រោយមានករណីអ្នកឆ្លងកូវីដ-១៩ បានចូលទៅទីតាំងនេះ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងនៅមុននេះបន្តិចថា អាជ្ញាធរបានសម្រេចបិទខ្ទប់កំណាត់​ផ្លូវ​លេខ​១១៣ ចន្លោះផ្លូវលេខ​២៣២ និងផ្លូវលេខ​២៤២ ស្ថិ​តនៅភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បន្ទាប់ពីរកឃើញមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ “ដែលតា (Delta)”។

ការបិទខ្ទប់នេះមានរយៈពេល១៤ថ្ងៃ ដោយរាប់គិតចាប់តាំងពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែង​ខ្លួនថ្មី ប្រភេទ “ដែលតា (Delta)” នៅក្នុងសហគមន៍។

សេចក្តីជូនដំណឹងនេះបានឱ្យដឹងថា នៅក្នុងរយៈពេលនៃការបិទខ្ទប់នេះ អាជ្ញាធរបាន​ហាម​​ឃាត់​រាល់​ការ​ចេញ-ចូល និង​រាល់ការជួបជុំឬការប្រមូលផ្តុំមនុស្ស លើកលែងសកម្ម​ភាព​ចាំបាច់​មួយ​ចំនួន។ ដោយឡែក ចំពោះជនណាដែលមិនគោរពតាមវិធានការបិទខ្ទប់នេះ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារឬពិន័យ​ជាប្រាក់ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នៅថ្ងៃជាមួយគ្នានេះ អាជ្ញាធរក៏បានសម្រេចបិទខ្ទប់ផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ការបិទខ្ទប់នេះ គឺបន្ទាប់ពីមានការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទ “ដែលតា (Delta)”។

បើតាមការជូនដំណឹងរបស់​​ក្រសួងសុខាភិបាលជាបន្តបន្ទាប់​ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩បំប្លែងថ្មី (Delta) លើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គ​លិក​សុខា​ភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន២៦០នាក់ (ស្ត្រី១២៥នាក់)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ