ក្រសួង​វប្បធម៌​ស្នើ​ភាគី​ថៃ​ផ្តល់​ឯកសារ​ជាក់​លាក់​ជុំវិញ​ការ​សាងសង់​ប្រាសាទ​ថ្ម​ដែល​ស្រដៀង​ប្រាសាទ​អង្គរវត្ត​

ប្រាសាទ «ប្រាសាទសីហនគរ» បាន​ប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។ (ហ្វេសប៊ុក៖ Fuse Thinnaput)

កម្ពុជានៅតែបន្តស្នើឱ្យប្រទេសថៃផ្ដល់នូវព័ត៌មាន​ជាក់លាក់និងឯកសារផ្លូវការនានាដែលទាក់ទងទៅនឹងការសាងសង់ប្រាសាទថ្មមួយនៅខេត្តបុរីរ៉ាំ ដែលមានរចនាបថស្រដៀងទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែសីហា អះអាងថា កាស្នើនេះធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ក្នុងឱកាសជំនួបទ្វេភាគីរវាងកម្ពុជា និងឯកអគ្គរាជទូតថៃប្រចាំ​កម្ពុជា លោក Panyarak Poolthup ដែលបានប្រព្រឹត្តទៅនៅឯទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី៤ ខែសីហា ម្សិលមិញ។ ​

​ទំព័រហ្វេសប៊ុករបស់ក្រសួងបានឱ្យដឹងថា ជំនួបនោះ មន្ត្រីជាន់ខ្ពស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានពិភាក្សាផ្ដោតទៅ​លើវិស័យវប្បធម៌ទ្វេភាគីនិងពហុភាគី រួមមាន សកម្មភាពមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ សកម្មភាពវប្បធម៌អាស៊ានឆ្នាំ២០២២ ខណៈកម្ពុជានឹងធ្វើជាប្រធានប្តូរវេន។

​ទំព័រហ្វេសប៊ុករបស់ក្រសួងក៏បានបញ្ជាក់ផងដែរថា៖ «លោកជំទាវរដ្ឋមន្រ្តីបានស្នើដល់ភាគីថៃឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ដើម្បីឱ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើង និងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ»។

ប្រភពដដែលបញ្ជាក់ថា ជាការឆ្លើយតប​ ​ឯក​អគ្គរាជទូតថៃប្រចាំកម្ពុជាបានទទួលយកសំណើនិងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ។

កាលពីដើមខែកក្កដា មានព័ត៌មានលើបណ្តាញសង្គមស្តីពីការសាងសង់ប្រាសាទថ្មរបស់ថៃក្នុងវត្តមួយនៃខេត្តបុរីរ៉ាំ ដោយសង្ស័យថា ជាការចម្លងតាមប្រាសាទអង្គរវត្តកម្ពុជា។ សាធារណជនខ្មែរបានសម្តែងនូវការព្រួយបារម្ភនិងរិះគន់ជាខ្លាំងចំពោះការសាងសង់ប្រាសាទថ្មដែលមានសណ្ឋានស្រដៀងប្រាសាទអង្គរវត្ត ដោយថា ជាការរំលោភទៅលើបេតិកភណ្ឌពិភពលោក និងជាសម្បត្តិរបស់មនុស្សជាតិ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ