សហជីព៣៣ ស្នើ​​​ក្រុម​ហ៊ុន​បញ្ជា​ទិញ​​ជួយ​ទទួល​ខុសត្រូវ​លើ​ការ​បាត់បង់​ប្រាក់​កម្មករ​ក្នុង​​​​វិបត្តិ​កូវីដ-១៩

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

សហព័ន្ធសហជីពធំៗចំនួន៣ និងគាំទ្រដោយអង្គការសង្គមស៊ីវិលចំនួន​៣០ បានផ្ញើលិខិតរួមគ្នា​មួយ​ទៅកាន់ក្រុមហ៊ុនបញ្ជាទិញម៉ាក H&M ឱ្យជួយអន្តរាគមន៍ដាក់សម្ពាធលើក្រុមហ៊ុនផលិតសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា ចំពោះការបាត់បង់ប្រាក់អត្ថប្រយោជន៍របស់កម្មករនៅក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។

សហព័ន្ធសហជីពធំៗទាំង៣នោះ រួមមាន លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ​កាត់ដេរកម្ពុជា C.CAWDU, អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា​ (CATU) និងលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា។ ពួកគេស្នើសុំឱ្យក្រុមហ៊ុនបញ្ជាទិញម៉ាកល្បីៗ ដូចជា ក្រុមហ៊ុន H&M ជួយអន្តរាគមន៍ទៅរោងចក្រផលិតសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា ឱ្យផ្តល់ប្រាក់អត្ថប្រយោជន៍ជូនកម្មករ-កម្មការិនីដែលត្រូវបានរោងចក្រព្យួរការងារក្នុងអំឡុងពេលវិធានការបិទខ្ទប់កន្លងមក។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ក្រុមហ៊ុនអ្នកបញ្ជាទិញមានឥទ្ធិពលខ្លាំងក្នុងការជួយដោះស្រាយបញ្ហាទាំងនេះ។ មេសហជីពរូបនេះបន្តថា អំឡុងពេលជំងឺកូវីដ-១៩កំពុងរីករាលដាល កម្មករបានជួបវិបត្តិជាច្រើន ដូចជា ការបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល និងអត្ថប្រយោជន៍ផ្សេងៗ ដោយភាគីក្រុមហ៊ុនមិនផ្តល់ឱ្យ កាត់ប្រាក់ឈ្នួល ព្យួរការងារ និងកាត់បន្ថយផលប្រយោជន៍ផ្សេងៗទៀត ជាដើម។

លោកបន្ថែមថា៖ «បច្ចុប្បន្ន កម្មករមួយចំនួនត្រូវបានព្យួរការងារ បាត់បង់ការងារ ពេលដែលក្រុមហ៊ុនបិទ គឺពួកគាត់រង់ចាំការទូទាត់សំណងមិនបានត្រឹមត្រូវ និងមួយទៀត ពួកគាត់ព្យាយាមរកការងារផ្សេងទាំងដែលពួកគាត់គ្មានជំនាញ។ ហើយអ្វីដែលប្រឈមមួយទៀតនោះ គឺប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដូចជា ស្នាក់នៅ ការហូបចុក តម្រូវការសង្គម រួមទាំងការបង់ធនាគារនេះដែលជាឧបសគ្គធំបំផុត»។

បើតាមយុទ្ធនាការមួយដែលមានឈ្មោះថា Clean Clothes Campaign បានរកឃើញថា កម្មករ-កម្មការិនីកម្ពុជាប្រមាណជា៧៨៤ ០០០នាក់ ដែលធ្វើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែក ក្នុងរោងចក្រផលិតទំនិញសម្រាប់ម៉ាកយីហោអន្តរជាតិល្បីៗនៅកម្ពុជា បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ការងារប្រមាណជា១១៧លានដុល្លារ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ និងការអនុវត្តវិធានការបិទខ្ទប់កាលពីខែមេសានិងឧសភាកន្លងទៅនេះ ខណៈរដ្ឋាភិបាលនិងថៅកែរោងចក្របានជួយឧបត្ថម្ភប្រាក់ដល់កម្មករ-កម្មការិនីដែលព្យួរការងារប្រមាណជា៧០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ធ្លាប់ប្រាប់ វីអូឌី ថាអ្វីដែលភាគីថៅកែរោងចក្របានធ្វើកន្លងមក គឺអនុវត្តទៅតាមច្បាប់។ លោកបានបញ្ជាក់​​ថា ក្នុងអំឡុងពេលបិទខ្ទប់កន្លងមក ភាគីថៅកែរោងចក្របានចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឧបត្ថម្ភខ្លះៗដល់កម្មករ-កម្មការិនីផងដែរ។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលនិងក្រសួងការងារធ្លាប់ចេញសេចក្តីជូនដំណឹងហើយថា អំឡុងពេលបិទខ្ទប់ អត់មានកាតព្វកិច្ចបើកប្រាក់ខែទេ! ហើយអាហ្នឹងជារឿងធម្មតាទេ បើកម្មករអត់មកធ្វើការ មានន័យថា ក៏អត់មានសិទ្ធិទទួលប្រាក់ខែទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ