អូស្រ្តាលី​ នឹង​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​ចិន​ដើម្បី​ចាប់​ផ្តើម​កិច្ច​ចរចា​ឡើង​វិញ​នោះ​ទេ

លោកស្រី​ Marise Payne រដ្ឋមន្រ្តីការ​បរទេស​អូស្រ្តាលី។ (ធ្វីតទ័រ៖ Marise Payne)

រដ្ឋមន្រ្តីការ​បរទេស​អូស្រ្តាលី ​លោកស្រី​ Marise Payne​ បានថ្លែងឱ្យ​ដឹងថា អូស្ត្រាលីនឹង​មិន​ទទួលយក​ការទាមទាររបស់ចិនក្នុងការផ្លាស់ប្តូរគោលនយោបាយ ដើម្បីចាប់ផ្តើមកិច្ចចរចាទ្វេភាគីឡើងវិញនោះទេ។

ទំនាក់ទំនងរវាងប្រទេសអូស្រ្តាលីជាមួយប្រទេសចិនមានភាពរង្គោះរង្គើរួចទៅហើយ បន្ទាប់​ពីប្រទេសអូស្ត្រាលីមិនអនុញ្ញាត​​ឱ្យ​ក្រុមហ៊ុន​​​ចិន Huawai ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​​បណ្តាញ​ទូរ​គមនា​គមន៍​​ចល័ត​អ៊ីនធឺណិត​ 5G​ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ចាប់តាំង​ពី​ឆ្នាំ២០១៨ ខណៈដែលទីក្រុងកង់បេរ៉ា កាលពីឆ្នាំមុន ក៏បានអំពាវនាវឱ្យ​មានការស៊ើបអង្កេតឯករាជ្យមួយ ទៅលើប្រភពដើមនៃជំងឺរាត​ត្បាត​កូរ៉ូណា ដែលត្រូវបានរាយការណ៍ជាលើកដំបូងនៅភាគកណ្តាលប្រទេសចិន កាលពីឆ្នាំមុន។

ទាក់ទិននឹងករណីនេះ ប្រទេសចិនបាន​ឆ្លើយតប​តាម​រយៈការ​ដាក់​ពន្ធលើ​ទំនិ​ញនានា​របស់ប្រទេសអូស្ត្រាលី រួមមា​ន ស្រា ស្រូវបាឡេ (barley) និងការកំណត់ក្នុងការនាំចូលសាច់គោ ធ្យូង​ថ្ម និងផ្លែទំពាំងបាយជូរអូស្ត្រាលី ជាដើម។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរបស់លោកស្រី​ Marise Payne ដែលបានថ្លែងក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅទីក្រុងកង់បេរ៉ា ថា៖ «យើងត្រូវបានជូនដំណឹងដោយប្រទេសចិនថា ពួកគេនឹងចូលរួមក្នុងការសន្ទនាកម្រិតខ្ពស់ លុះត្រាតែយើងបំពេញតាមលក្ខខណ្ឌជាក់លាក់មួយចំនួន។ យើងមិនអាចបំពេញតាមលក្ខខណ្ឌរបស់ពួកគេបាននោះទេ»។

ស្ថានទូតចិនប្រចាំនៅទីក្រុងកង់បេរ៉ា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទាក់ទងនឹងការលើកឡើងរបស់លោកស្រី​ Marise Payne បានទេ។

បើទោះបីជាមានភាពតានតឹងទ្វេភាគីយ៉ាងណាក្ដី ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី។

ក្នុងរយៈពេល១២ខែ (គិតចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១) អូស្រ្តាលីបាននាំចេញទំនិញដែលមានទំហំទឹកប្រាក់ចំនួន១៤៩ពាន់លានដុល្លារអូស្ត្រាលី (ឬស្មើ​ប្រមាណ១១០,១ពាន់លានដុល្លារអាមេរិក) ទៅកាន់ប្រទេសចិន ធ្លាក់ចុះ០,៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ