សមត្ថ​កិច្ច​ខេត្ត​កំពង់ចាម​កោះហៅ​យុវជន​ម្នាក់​ទៅ​សួរ​នាំ​​ក្រោយ​រាយ​ការណ៍​ពី​បញ្ហា​គ្រឿង​ញៀន​ទៅ​លោក ស ខេង

លោក ឃីម សុខុម ពេលទៅបំភ្លឺនៅសាលាឃុំ។ (រូបថត ឃីម សុខុម)

​​សមត្ថកិច្ចនៅខេត្តកំពង់ចាម បានកោះហៅយុវជនម្នាក់ទៅ​​សួរនាំ ក្រោយពីយុវជនរូបនេះបានរាយការណ៍ពី​បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍របស់ខ្លួនប្រាប់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។

យុវជនរូបនេះមានឈ្មោះ ឃីម សុខុម រស់នៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានផ្ញើសារ​តាមប្រអប់ខាំមិនត៍ (Comment) លើទំព័រ​​ហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាល​ពីថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ២០២១ ដើម្បីសុំឱ្យជួយអន្តរាគមន៍ជុំវិញការប្រើប្រាស់និងការចរាចរ​គ្រឿងញៀននៅក្នុងសហគមន៍របស់គាត់។ ប៉ុន្តែយុវជនរូបនេះត្រូវបានសមត្ថកិច្ចកោះហៅទៅសួរនាំនៅព្រឹកថ្ងៃទី៦ ខែសីហានេះ។

លោក ឃីម សុខុម ប្រាប់ វីអូឌី ថាសមត្ថកិច្ចបានហៅលោកទៅសួរនាំជាង១ម៉ោងនៅសាលាឃុំខ្នុរ​ដំបង នា​ព្រឹក​ថ្ងៃសុក្រ​នេះ ដោយមានការចូលរួមពីលោកមេឃុំ និងអធិការរងស្រុកជើងព្រៃផងដែរ។ លោកថា ក្នុងជំនួបនៅព្រឹកនេះ សមត្ថកិច្ចបានសួរនាំនិងឱ្យលោកប្រាប់ព័ត៌មានឬហេតុការណ៍លម្អិតបន្ថែមទៀតលើអ្វីដែលលោកបានរាយការណ៍ប្រាប់ទៅលោក ស ខេង តាមរយៈប្រអប់សារហ្វេសប៊ុកនោះ។

លោកបន្ថែមថា៖ «គាត់ [សមត្ថកិច្ច] មិនបានឱ្យខ្ញុំធ្វើកិច្ចសន្យាអីទេ! គាត់សួរខ្ញុំបន្ថែម គាត់ថា ខ្ញុំឃើញហេតុការណ៍ហ្នឹងនៅណាខ្លះ? យូរនៅ? ហើយគាត់សរសេររបាយការណ៍ហ្នឹងបន្ថែម ដែលគាត់ប្រាប់ខ្ញុំថា នឹងបញ្ជូនរបាយការណ៍ហ្នឹងទៅសម្តេចក្រឡាហោមបន្ថែម»។

លោក ឃីម សុខុម បន្ថែមថា លោកមានការព្រួយបារម្ភពីសុវត្ថិភាព ដោយសាររឿងដែលលោកបានរាយការណ៍ទៅលោក ស ខេង ឱ្យជួយអន្តរាគមន៍នោះ ជារឿងគ្រឿងញៀន ដែលលោកបានរាយការណ៍ដោយសម្ងាត់ ប៉ុន្តែរឿងនេះត្រូវបានផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន រហូតមានការកោះហៅរូបគាត់ទៅសួរនាំនិងសុំអាសយដ្ឋានរបស់លោកថែមទៀត។

ពលរដ្ឋរូបនេះបន្ថែមថា អ្វីដែលលោកចង់បាននោះ គឺចង់ឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវនិងស៊ើបអង្កេត ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋណាម្នាក់ទៅលើបញ្ហាគ្រឿងញៀន ជាជាងហៅអ្នករាយការណ៍​បញ្ហានោះមកសួរនាំ ដែលធ្វើឱ្យពលរដ្ឋ​​ភ័យខ្លាចនិងមិនហ៊ាន​រាយការណ៍បន្តទៀត។

មេឃុំខ្នុរដំបង លោក ឌី ឌិន ​មានប្រសាសន៍ថា ការហៅយុវជន ឃីម សុខុម ទៅសួរនាំនៅសាលាឃុំនោះ មិនមែនជាការគំរាមកំហែងឬបំភិតបំភ័យនោះទេ។ លោកថា ការហៅនេះ គឺដើម្បីសួររកព័ត៌មានបន្ថែមជុំវិញការប្រើប្រាស់គ្រឿងញៀននិងបញ្ហាក្មេងទំនើងនៅក្នុងសហគមន៍ប៉ុណ្ណោះ ដោយលោកបានទទួលស្គាល់ថា នៅក្នុងឃុំនេះ​ពិតជាមានការប្រើប្រាស់គ្រឿងញៀននិងមានក្មេងទំនើងពិតមែន។

លោកបន្ថែមថា៖ «បញ្ហាក្មេងទំនើងនិងការប្រើប្រាស់គ្រឿងញៀន កន្លែងណាក៏ដូចកន្លែងណាដែរ មិនថាតែនៅភូមិឃុំខ្ញុំទេ វាមានទូទាំងប្រទេសហ្នឹង។ អាជ្ញាធរយើងខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបណាស់ មិនមែនមិនប្រឹងប្រែងទេ! គាត់មិនអាចនិយាយបន្ទោសអាជ្ញាធរទាំងស្រុងបានទេ»។

កន្លងមក ​ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារមួយ ដើម្បីតាមដានមតិមហាជនដែលបានលើកឡើងឬរាយការណ៍ និងការស្នើ​សុំ​កិច្ច​​អន្តរាគមន៍ឱ្យជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពួកគេ តាមរយៈបណ្តាញ​សង្គម​​ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងហ្វេសប៊ុក​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងការឆ្លើយតបនិងដោះស្រាយចំពោះមតិមហាជនដែលបានលើកឡើងនោះ។

នាយករងអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើការហៅនោះគ្រាន់​តែចង់បានព័ត៌មានបន្ថែម នោះ​មិនជាបញ្ហាទេ។ ប៉ុន្តែលោកទាមទារឱ្យមានការរក្សាការសម្ងាត់ចំពោះអ្នករាយការណ៍ផងដែរ ដើម្បីការពារសុវត្ថិ​ភាពរបស់គាត់ និងមិនត្រូវសួរនាំច្រើនពេកនោះទេ ដែលធ្វើឱ្យគាត់ភ័យខ្លាចមិនហ៊ានរាយការណ៍ពេលក្រោយទៀត។

លោក អំ សំអាត បានកោតសរសើរចំពោះយុវជន គីម សុខុម ដែលហ៊ានរាយការណ៍ពីបញ្ហាសង្គម ដូចជា គ្រឿងញៀន និងក្មេងទំនើងនៅក្នុងសហគមន៍ ទៅដល់ថ្នាក់ដឹកនាំបែបនេះ។ លោកថា អ្នកដែលហ៊ានរាយការណ៍របៀបនេះ គួរតែត្រូវបានលើកទឹកចិត្តពីអាជ្ញាធរពាក់ព័ន្ធ។

លោកបន្ថែមថា៖ «អ៊ីចឹង! អ្វីដែលសំខាន់ហ្នឹង ប្រសិនបើមានការរាយការណ៍ព័ត៌មានអ៊ីចឹង អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើ​ការស្រាវជ្រាវថា មានឬក៏មិនមាន! បើមាន ត្រូវចាត់វិធានការយ៉ាងម៉េច​ ដើម្បីធ្វើការលុប​បំបាត់ កុំឱ្យវាកើតមានតទៅទៀត ទាក់ទងនឹងភូមិឃុំមានសុវត្ថិភាព។ ហើយអ្នកដែលហ៊ានរាយការណ៍អ៊ីចឹង គួរតែត្រូវបានលើកទឹកចិត្ត»។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដែលផ្សព្វផ្សាយ​នៅលើ​ទំព័រហ្វេស​ប៊ុក​របស់​លោក ស ខេង កាលពីថ្ងៃទី១០ ខែកក្កដា ឱ្យ​ដឹងថា​ សម្រាប់ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀ​ន​បា​ន​ជាង៣ពាន់ករណី ​(៣ ២​៥​៨ករណី​) ឃាត់ខ្លួនជនសង្ស័យបានជាង៧ពាន់នាក់ (៧ ២៥៩នាក់​) រឹបអូសគ្រឿង​ញៀនសរុប​បានជាង៨៥០​គីឡូក្រាម ក្នុងនោះមានដូចជា មេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង១៩៣គីឡូ​ក្រាម, មេតំហ្វេតាមីនគ្រាប់ (WY) ៦៨៣,៧៨ក្រាម, អិចស្តាស៊ី ជាង១៥២គីឡូក្រាម, កេតាមីន ជាង៤៧៨គីឡូក្រាម, ហេរ៉ូអ៊ីន ជាង២៥គីឡូក្រាម, កាប់បំផ្លាញកញ្ឆាស្រស់ជាង៤ម៉ឺន៥ពាន់ដើម, សារធាតុគីមីផ្សំជាង១០គីឡូក្រាម។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ មានប្រសាសន៍បន្ថែមលើ​របាយ​ការណ៍​​នោះ​​ថា បទល្មើសដែលសមត្ថកិច្ចបង្ក្រាបបានមកនេះ បានថយចុះជាង២០​ភាគរយ បើធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។

របាយការណ៍ដែលមានចំណងជើងថា «ការវិវត្តចុងក្រោយនិងការប្រឈមលើបញ្ហាគ្រឿងញៀននៅតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍»​ របស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយ​កាលពីខែមិថុនា ឆ្នាំ២០២១នេះ ឱ្យដឹងថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់​សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយបន្ត​។ របាយការណ៍​នោះបន្ត​ថា ការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅតំបន់ត្រីកោណមាស មិនមានការថយចុះឡើយ បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក្នុងនោះ រដ្ឋសាន (Shan) នៃប្រទេស​ភូមា គឺជាប្រភពរោងចក្រផលិតគ្រឿងញៀនដ៏ធំជាងគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ