UN​ អំពាវនាវ​រក​មូល​និធិ​បន្ថែម​ទៀត​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​ភាព​អត់​ឃ្លាន​នៅ​មីយ៉ាន់​ម៉ា

ក្រុមប្រជាពលរដ្ឋស៊ីវិលក្នុងស្ថានភាពក្រោយពេលរបបយោធាធ្វើរដ្ឋប្រហារ។ (ធ្វីតទ័រ៖ UN Human Rights)

កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិ (UN) ឱ្យ​ដឹងនៅថ្ងៃសុក្រនេះថា ខ្លួនអាចនឹងមិនមានមូលនិធិគ្រប់គ្រាន់សម្រាប់រយៈពេល៦​ខែខាងមុខនេះ ដើម្បីជួយដល់ប្រជាជនរាប់លាននាក់នៅមីយ៉ាន់ម៉ាដែលប្រឈមនឹងបញ្ហាអសន្តិសុខស្បៀង ស្របពេលដែលប្រទេសនេះកំពុងតែប្រឈមនឹងរលកនៃការឆ្លងជំងឺកូវីដ-១៩ និងភាពចលាចលនយោបាយនៅក្នុងប្រទេស។

កម្មវិធីស្បៀងអាហារពិភពលោក បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ដែលត្រូវបានយកមកចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters ថា ខ្លួនត្រូវការថវិកាចំនួន៨៦​លាន​ដុល្លារ ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​នឹងភាពអត់ឃ្លាននៅក្នុងប្រទេសដែលកំពុងប្រឈមនឹងការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ ហើយបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្តើម​យកអំណាចមកគ្រប់គ្រងកាលពីថ្ងៃ​ទី​១ ខែកុម្ភៈ និង​បាន​ផ្តួល​រំលំរដ្ឋាភិបាលជាប់​ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។

ប្រធាន​ទីភ្នាក់ងារ WFP ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា ​លោក Stephen Anderson បានឱ្យ​​ដឹងនៅក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «យើងបានសង្កេតឃើញថា ភាពអត់ឃ្លានមានការរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

អង្គការមនុស្សធម៌របស់ពិភពលោកមួយនេះបាន​ប៉ាន់ប្រមាណផងដែរថា ប្រជាជនមីយ៉ាន់ម៉ាចំនួន៦,៣លាននាក់អាចប្រឈមមុខនឹងអសន្តិសុខស្បៀងក្នុងរយៈពេល៦ខែខាងមុខនេះ ពោលគឺកើន​ឡើង​ពី២,៨​លាននាក់ មុនពេលក្រុមយោធាដណ្តើមអំណាចនៅខែកុម្ភៈ។

លោក Stephen Anderson បន្ថែមថា៖ «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការជួយដល់អ្នកដែលត្រូវការ ដើម្បីផ្តល់ជាជំនួយមនុស្សធម៌ដល់ពួកគេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ