វ៉ាក់សាំង AstraZeneca​ របស់​ជប៉ុន​ចំនួន​៦៧​ម៉ឺន​ដូស​ទៀត បាន​មក​ដល់​កម្ពុជាហើយ

វ៉ាក់សាំងជប៉ុន ៦៧ម៉ឺនដូសទៀតបានមកដល់កម្ពុជាកាលពីយប់ថ្ងៃទី៦ ខៃសីហា ឆ្នាំ២០២១។

វ៉ាក់សាំង​ AstraZeneca ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ចំនួន ៦៧០ ០០០ ដូសទៀត បានមកដល់កម្ពុជា​ហើយ កាលពី​យប់ថ្ងៃទី៦ ខែសីហា។

នេះគឺ​ជា​វ៉ាក់សាំង​បាច់ទី២​​ក្នុង​ចំណោមវ៉ាក់សាំង​ ១​ ០០០ ០០០ ដូស ដែលរដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ឱ្យប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាល​នៃ​ជំងឺកូវីដ-១៩​។ វ៉ាក់សាំង AstraZeneca បាច់ទី១ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាលជប៉ុន ចំនួន ៣៣០ ០០០ ដូសបានមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា។

គិត​មកទល់​ពេល​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយគិតជាទឹកប្រាក់​​ប្រមាណ​​ជាង ៥០ លានដុល្លារអាមេរិកដល់កម្ពុជា នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩នេះ។ ជំនួយទាំងនេះ​រួមមាន ការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ដោយមានការគាំទ្រពីអង្គការអន្តរជាតិនានា និងការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ដើម្បីរក្សាទុកនិងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ ឱ្យបានត្រឹមត្រូវ ដែលមានការគាំទ្រពីយូនីសេហ្វ (UNICEF) និងចៃកា (JICA) ជាដើម។

ក្រៅពីនេះ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រួវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​ដល់ប្រជាជនកម្ពុជា​ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងសម្រាប់ពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាផងដែរ។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៦ ខែសីហានេះដោយ​សង្ឃឹ​ម​ថា ជំនួយទាំងនេះ នឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ក៏ដូចជាអាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជាបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ