កូវីដ-១៩ និង​ខ្វះ​សម្ភារ​ជាគោលដៅ​នាំឱ្យ​កុមារ​នៅ​បឹង​ទន្លេសាប​បាត់​ឱកាស​សិក្សា

ក្មេងប្រុសម្នាក់ជិះកន្ធន់លេងលើផ្ទៃទឹកក្បែរផ្ទះនៅភូមិបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ កាលពីខែឧសភា ឆ្នាំ២០១៧។ (ភួន គង្គា)

តំណាងសហគមន៍ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បង្ហាញការ​ព្រួយ​បារម្ភពីស្ថាន​ភាព​កុមាររស់​នៅ​​​​តាមបឹងទន្លេសាប ក្នុងកំឡុង​វិបត្តិកូវីដ-១៩ ខណៈពួកគេ​ត្រូវជួយ​ឪពុកម្តាយ ឬ​ក្រុម​គ្រួសារ​ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលធ្វើឱ្យ​ពួកគេបាត់បង់​ឱកាសសិក្សា និង​ឈាន​​ទៅ​​បោះបង់ចោល​ការសិក្សាបន្ថែមទៀត។​

តាមរយៈវីដេអូ ៨នាទី អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានឱ្យដឹងថា អង្គការស្បៀង និង​កសិកម្មនៃសហប្រជាជាតិ (FAO) កំពុងធ្វើការជាមួយរដ្ឋាភិបាលនិងដៃគូ​ ដើម្បីនាំកុមារនៅសហគមន៍​នេសាទក្នុងបឹងទន្លេសាប អាចត្រឡប់ចូលរៀនវិញនៅក្នុងបរិបទ​នៃជំងឺកូវីដ-១៩។ អង្គការនេះ សង្កត់ធ្ងន់ថា ការលុបបំបាត់ពលកម្មកុមារ​តាម​រយៈ​ការអប់រំ នឹង​ជួយ​ឱ្យ​បញ្ឈប់​វដ្តនៃភាពក្រីក្របាន។ ការអប់រំ ជួយឱ្យកុមារមានសុវត្ថិភាព និងបង្រៀនពួកគេ នូវជំនាញថ្មីៗ ដើម្បី​ស្វែងរកការងារ ដែលអាចរកបានប្រាក់ចំណូលដែលមានស្ថេរភាពថែមទៀតផង។


ទាក់ទិននឹងប្រធានបទ​នេះ លោក​ សូយ កែវ អនុប្រធានសហគមន៍នេសាទនៅឃុំរាំងទិល ស្រុក​​កណ្តៀង ខេត្តពោធិ៍​សាត់ បានប្រា​ប់វីអូឌី​នៅថ្ងៃ៥ ខែ​សីហា ២០២១នេះថា​ តាំង​ពី​​មា​ន​វិបត្តិ​​​​​កូវីដ-១៩ មក កុមារនិងយុវជននៅក្នុងឃុំនេះ​តែ ​២០%​ប៉ុណ្ណោះ ដែលបានសិក្សាជាប់លាប់ ខណៈ ៨០%ទៀត មិនសូវបានរៀនសូត្រនោះទេ។

លោកនិយាយ​​ថា៖ «អ្នកខ្លះក៏បានរៀន អ្នកខ្លះទៀតក៏មិនបានរៀនទៅ អា​ហ្នឹងវាទាល់តែមាន smart phone។ អ្នកអត់មានទូរស័ព្ទក៏អត់រៀនទៅ អ្នកខ្លះមានទូរស័ព្ទមួយរៀន ២ទៅ ៣នាក់អឹចឹងទៅ។ អ្នកខ្លះមិន​ឱ្យ​​កូនរៀន ព្រោះត្រូវឱ្យ​កូនទៅជួយនេសាទ ដើម្បីសម្រាលបន្ទុកគ្រួសារបានម្នាក់​បន្តិចៗ។ រឿងប៉ះពាល់​ពលកម្ម​វា​ត្រូវ​ហើយ តែ​ធ្វើម៉េចបើកត្តាជីវភាពប្រចាំថ្ងៃវាសំខាន់ជាង ព្រោះពួកគាត់គ្មាន​ដីធ្លីរស់នៅ ហើយ​អាស្រ័យ​តែទៅលើទន្លេសាបមួយមុខ»

នាយកសាលាបឋមសិក្សារាំងទិល លោក ថេង ថន បានអះអាង​ស្រដៀងគ្នា​ថា ស្ថានភាពនៃការ​អប់រំ​កុមារ មានសភាពអន់ថយខ្លាំង​តាំង​ពី​មាន​កូវីដ-១៩ ខណៈ​មុន​មាន​ជំងឺ​នេះ កុមារ​​ៗ​នៅតាម​បឹង​​ទន្លេ​សាប​​មិនសូវបានរៀនដិតដល់ស្រាប់ផង។  

លោកបញ្ជាក់ពីមូលហេតុថា ដោយ​សារ​តែ​ឪពុក​ម្តាយ​ និងអាណាព្យាបាល​​របស់ពួកគេ តែងតែ​ខ្ចីក​ម្លាំង​ពលកម្មរបស់កូន ឱ្យទៅដាក់​មងឬ​រកត្រី​ទៅវិញ ព្រោះតែ​ជីវភាពមិនអំណោយផល គួប​ផ្សំ​ផ្នត់​គំនិតពលរដ្ឋនៅទីនោះយល់​ថា យុវជនដែលរៀនសូត្រដល់ចប់ថ្នាក់ទី១២ ក៏នៅតែមកនេសាទ​ត្រី ដូច​​អ្នក​មិន​បានរៀន​​ដែរ​​​នោះ ទើបពួកគាត់មិន​បានជំរុញ​កូនៗឱ្យ​ទៅរៀនសូត្រឡើយ។

លោកមានប្រសាសន៍ថា៖ «ពេលយើងពន្យល់ពួកគាត់ទៅ គាត់តបវិញថា គាត់រស់បាន៥០ទៅ៦០ឆ្នាំហើយ គាត់មិនចេះអក្សរផង គាត់នៅតែអាចចិញ្ចឹមកូនបាន ទៅខ្វល់អីពេក។ អឹចឹងយើងក៏គ្មានយោបល់អីដែរ»

ចំណែក អ្នកស្រី យ៉ង់ សាង៉ាត់ តំណាង​សហគមន៍នេសាទ​នៅតាមបឹងទន្លេសាប នៅភូមិបូពឹង ឃុំកំពង់គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងដែរថា តាំងពី​មាន​ផ្ទុះឡើ​ង​នូវជំ​ងឺ​កូវីដ-១៩​មក កុមារអាក់ខានរៀនសូត្រជាញឹកញាប់ ព្រោះមិន​មាន​ទូរស័ព្ទស្មាតហ្វូន (Smart Phone) ​ដើម្បីរៀន​តាមអនឡាញ និងទោះបីជាគ្រូចែកសន្លឹកកិច្ចការផ្ទះមកធ្វើ ក៏ពិបាកដែរ​ ព្រោះ​ឪពុក​ម្តាយ​ខ្លះមិនចេះអក្សរ មិនអាចបង្រៀនកូនបាន។

អ្នកស្រី សាង៉ាត់ បន្តថា៖«ការរៀនតាមប្រព័ន្ធអនឡាញនេះ មានកុមារភាគតិចណាស់ដែលបាន​រៀនសូត្រ ព្រោះឪពុកម្តាយ​មិនមានលុយទិញទូរស័ព្ទ។ កុមារ​បោះបង់ការរៀនសូត្រក្នុងពេល​​កូវីដ-១៩នេះ​​ច្រើន​​ណាស់​ ព្រោះមានគម្លាតពីគ្រូ កុមាររៀនពី​ចម្ងាយ​បែបនេះ ក្មេងមិនសូវយកចិត្តទុកដាក់ អឹចឹង​ពិបាក​អប់រំ។ បើឪពុកម្តាយទៅធ្វើស្រែ ឬនេសាទ ក្មេងៗក៏ទៅតាមដែរ មិនរៀនសូត្រទេ​»

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក​អំ សំអាត បានលើកឡើង​ថា ឪពុក​ម្តាយ​ដែល​​ជំពាក់​​បំណុល​​គេ បានប្រើប្រាស់កម្លាំងកូន​ដើម្បីជួយរកថវិកា​ដោះបំណុល។ លោកថា ទង្វើ​នេះ បាន​ធ្វើឱ្យប៉ះពាល់​​ដល់​សិទ្ធិ​សេរីភាព និងការសិក្សារបស់កុមារ។

លោក​បន្ថែមថា ស្របពេល​សាលារៀនបាន​បិទក្នុងកំឡុងវិបត្តិកូវីដ-១៩ និងកង្វះខាត​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​​សម្រាប់​ប្រើ​ប្រាស់​ទៀត​នោះ​ កុមារក៏​បាន​ក្លាយ​ជាកម្មវត្ថុ​នៃ​ការធ្វើពលកម្មដើម្បីគ្រួសារផងផែរ។

លោកមានប្រសាសន៍ថា៖ «ទី១ សម្រាប់ឪពុកម្តាយ រឿងជីវភាពជារឿងមួយ តែខ្ញុំគិតថា រឿងសំខាន់គួរគិតដល់អនាគតកូន​ផង​ដែរ​។ ទី២ ខ្ញុំគិថា រដ្ឋាភិបាលកំពុងគិតគូរពីការអភិវឌ្ឍ អឹចឹងគួរគិតគូរពីការអភិវឌ្ឍ​ប្រជាពលរដ្ឋនៅ​ជនបទ​ឱ្យ​​​មាន​មុខរបរ ជីវភាពសមរម្យ ពេលនោះ​កុមារនឹង​អាចចូលរៀនដោយពេញលេញ ដោយមិនបារម្ភពី​ជីវភាពគ្រួសារ និងមិនប៉ះពាល់ដល់ផល​ប្រយោជន៍របស់កុមារ»

ចំណែក លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់វីអូឌីតាមបណ្តាញសង្គមតេលេក្រាម​ថា កន្លងទៅ ក្រសួងបាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធដើម្បី​ធ្វើយ៉ាងណាជំរុញឱ្យ​មានការសាងសង់សាលារៀន​នៅក្បែរសហគមន៍។

លោកបន្តថា កុមារមានអាយុពី ១២ឆ្នាំ ទៅ ១៥ឆ្នាំ អាចជួយធ្វើការស្រាលៗឱ្យ​​ឪពុកម្តាយបាន បើមិនប៉ះពាល់ដល់ម៉ោងរៀនសូត្រ ខណៈកុមារ​​អាយុពី ១៥ឆ្នាំ ទៅ​១៨​ឆ្នាំ អាចធ្វើការក្រៅម៉ោង​បាន (ការងារមិនផ្លូវការ) បើមានកា​រអនុញ្ញាត​ពីឪពុក​ម្តាយ ហើយកន្លែងការងារត្រូវតែគ្មាន​ជាតិ​ពុល និងចៀសវាងការងារពេលយប់។

លោកបានផ្ញើសារជាសំឡេងយ៉ាងដូច្នេះថា៖ «ពិភពលោក​មិនមែននាំគ្នាលុបបំបាត់​ពលកម្ម​កុមារទាំង​ស្រុងទេ ពិភពលោកគេ​ប្រើពាក្យថាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃកម្លាំងពលកម្មកុមារ។ ដូច្នេះបានន័យថាកុមារអាចជួយការងារស្រាលៗដល់ឪពុកម្តាយបាន បើមិនប៉ះពាល់ដល់ម៉ោងរៀនរបស់កុមារ»

យ៉ាងណាក៏ដោយ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើង​​​ថា ក្នុងបរិបទកូវីដ-១៩ ក្រសួងបាននិងកំពុង​ផ្តល់ប្រយោជន៍ដល់សិស្ស-និស្សិត​ក្នុងការបំពេញគោលបំណងនៃការសិក្សា និងស្វ័យសិក្សាគ្រប់កម្រិត។

លោកបានសរសេរយ៉ាងដូច្នេះថា៖ «ចំពោះវត្តមានកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបាន​ផលិតនូវយន្តការរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីឆ្លើយតបបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកអប់រំគ្រប់លំដាប់​ថ្នាក់ បានប្រឹងប្រែងយ៉ាងស្រួចស្រាលបំផុត ដើម្បីបំពេញតម្រូវការសិក្សាឱ្យ​​សិស្សបានបន្តរៀនសូត្រតាមរយៈយន្តការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់សុវត្ថិភាពសុខភាពដល់អ្នកសិក្សា»

អ្នកនាំពាក្យរូបនេះ បន្ថែមថា ជារួម ចំពោះមុខនេះ សាលារៀនបង្រៀនតាមបែបចម្រុះ គឺ ទី១. បង្រៀន​តាមប្រព័ន្ធអេឡិចត្រូនិក ដូចជា តាមការប្រើប្រាស់វីដេអូ ឬ ប្រព័ន្ធអនឡាញរបស់ក្រសួង ទី២. ការបង្រៀនដោយប្រើឯកសារដូចជាសន្លឹកកិច្ចការចំពោះសិស្សគ្មានឧបករណ៍អេឡិចត្រូនិច ទី៣. ការបង្រៀនតាមវិទ្យុ និងទូរទស្សន៍ និង៤. ការរៀនតាមបណ្ដុំតូចៗដែលសា​លា​ត្រូវពិនិត្យលទ្ធភាពជាក់ស្តែង។

តំណាង​អង្គការ FAO នៅកម្ពុជា ​លោក Alexandre Huynh ប្រាប់វីអូឌី​តាមប្រព័ន្ធទំនាក់​ទំនង​អ៊ីមែលថា យោងតាម​​លទ្ធផលស្រាវជ្រាវរបស់អង្គការ​ FAO ឆ្នាំ២០១៩ បង្ហាញថា មានឧ​បសគ្គមួយចំ​នួន​ដែ​ល​កុមារ​​​អាយុ ១៥-១៧ឆ្នាំបា​នជួបប្រទះ ​ដូចជា​ឧបសគ្គក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបសគ្គលើការទទួលបានហិរញ្ញវត្ថុ និងឧបសគ្គក្នុងការសម្រេចចិត្ត។

លោកផ្តល់ជាយោបល់​ថា«គួរមានគោលនយោបាយ និងយុទ្ធសាស្ត្រលើកទឹកចិត្តឱ្យបង្កើតគោលនយោបាយផ្តល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបន្ថែម​ទៀតសម្រាប់ក្រុមអាយុនេះ។ ដូច្នេះវាបញ្ចៀសពលកម្មកុមារ ខណៈជួយក្រុមអាយុ ១៥-១៧ ឆ្នាំ នៅតាមជនបទឱ្យមានការងារធ្វើ និងគាំទ្រពួកគេឲ្យរកប្រាក់ចំណូលបានសមរម្យ»។

របាយការណ៍ដែលចេញផ្សាយលើទំព័រហ្វេសប៊ុកអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញថា ក្នុងឆ្នាំ២០២០ សិស្សជាង៣​លាននាក់​នៅទូទាំងប្រទេសកម្ពុជាបានប៉ះពាល់ការសិក្សា បន្ទាប់ពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនបានបិទដំណើរការរយៈពេលជាង២០០​ថ្ងៃជាបណ្តោះអាសន្ន ដោយសារការរីករាលដាលជំងឺកូវីដ-១៩។

អង្គការសហប្រជាជាតិឱ្យដឹងទៀតថា ការបិទទ្វារ​សាលា​រៀន​​យូរ​នេះបាន​ធ្វើឱ្យចំនួនកុមារ​ប្រឈម​នឹង​ការបោះបង់ចោលការសិក្សាមា​នការកើនឡើង ជាពិសេស​សម្រាប់​កុមារ​មក​ពី​ក្រុម​ងាយ​រង​គ្រោះ ខណៈលទ្ធភាពនៃបើកសាលារៀននៅមិន​ទាន់​ដឹង​ពេលណាប្រាកដនៅឡើយ ព្រោះការរីករាលដាលជំងឺកូវីដ-១៩នៅតែបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ