ប្រទេស​ថៃ​ជួប​ប្រទះ​បញ្ហា​សំណឹក​នៅ​តំបន់​ឆ្នេរ

ស្ថានភាពសំណឹកនៅតំបន់ឆ្នេរមួយកន្លែងក្នុងប្រទេសថៃ។ (A24 News)

ឆ្នេរសមុទ្រក្នុងប្រទេសថៃភាគច្រើន​ដែលលាតសន្ធឹង​ជាង៣ ១៥០​គីឡូម៉ែត្រ បាន​និង​កំពុងប្រឈម​នឹង​បញ្ហា​សំណឹកដែល​កើត​ឡើង​ដោយសារ​មូល​ហេតុ​ផ្សេងៗ​គ្នា។ ឆ្នេរ​សមុទ្រ Chantaburi គឺជាតំបន់មួយដែលមានបញ្ហាសំណឹក​យ៉ាងធ្ងន់ធ្ងរ ខណៈដែលឆ្នេរសមុទ្រមួយចំនួនទៀតបានសឹក​ចុះដល់​ជម្រៅ១គីឡូម៉ែត្រ ក្នុងរយៈពេល១០​ឆ្នាំ។

បើទោះបី​ជាអ្នក​ឯកទេស និងអ្នករស់នៅតាមតំបន់ឆ្នេរនានា ជឿជាក់ថា គ្រោះ​ធម្មជាតិ​ដែល​មានដូចជា រលកធំៗ និងខ្យល់មូសុង ជាមូលហេតុចម្បង​នៃបញ្ហាសំណឹកនេះក៏ដោយ លោកស្រីវេជ្ជបណ្ឌិត Pornsri Suthanaruk អគ្គនាយករងនៃនាយកដ្ឋានដែនសមុទ្រ និងធនធានឆ្នេរនៃប្រទេសថៃ (DMCR) បានលើកឡើងថា មូលហេតុដែលពាក់ព័ន្ធភាគច្រើន គឺដោយសារតែរបៀបដែលមនុស្សប្រើប្រាស់ដី និងធ្វើការផ្លាស់ប្តូរផ្ទៃរបស់វា​ ដែលមានដូចជា ការសាងសង់ស្រះចិញ្ចឹមបង្កង ឬសត្វសមុទ្រ​ដែលអាចនាំឱ្យប៉ះពាល់ដល់ស្ថិរភាពដី។

លោកស្រីបានបន្ថែមថា នាយកដ្ឋានដែនសមុទ្រ និងធនធានឆ្នេរ កំពុងតែដំណើរការគម្រោងសាងសង់របងឬស្សី ដើម្បីកាត់បន្ថយសំណឹកនៅក្នុងព្រៃកោងកាង។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន A24 News អ្នកភូមិ Ko Perd លោកស្រី Nuanchan Boonlua ថ្លែងថា៖ «យើងបានរស់នៅទីនេះ ហើយសមុទ្រមានចម្ងាយឆ្ងាយ មិនមែនជិតដូចពេលនេះទេ។ យើង​បាន​ធ្វើការ​រុះរើផ្ទះនេះ​កាលពី២ទៅ៣សប្តាហ៍មុន ពីព្រោះយើង​មិនអាចរស់នៅទីនេះ​បាន​ទៀត​ទេ។ រលកធំៗនៅតែបន្តកើនឡើង ដែលបង្កឱ្យ​​​មានជាកម្រិត​ផ្សេងៗ។ កាលពីពេលកន្លងទៅ វាមិនមែនជាភក់ដូចពេលនេះទេ វាធ្លាប់ជាដីរឹងដែលយើង​អាច​ដើរលើវា ដើម្បីចាប់ត្រីនិងក្តាមបាន និងមានដើមឈើមួយចំនួន»។

អ្នកភូមិ Ko Perd មួយរូបទៀត លោកស្រី Kanitha Suadech បានឱ្យ​ដឹងថា៖ «ទីតាំងនេះនឹងលែងមាន​តទៅទៀតហើយ។ កាលពីពេលកន្លងទៅ វាសម្បូរទៅដោយស្រះត្រី និងក្តាមជាច្រើន។ ខ្ញុំរស់នៅទីនេះតាំងពីខ្ញុំនៅក្មេង។ ខ្ញុំកើតនៅទីនេះ យើងមានបណ្ណកម្មសិទ្ធិស្របច្បាប់ ហើយ​យើង​បង់ពន្ធ​ដីធ្លី​ជារៀងរាល់​ឆ្នាំ។ មានពេលមួយ ដីបានលាតសន្ធឹងក្នុងប្រវែងមួយគីឡូម៉ែត្រ ហើយដើមឈើបានចាប់ផ្តើមដុះលូតលាស់»។

ជាមួយគ្នានេះផងដែរ នាយក​ប្រតិបត្តិអង្គការ Ko Perd Subdistrict Administrative Organization លោក Booncherd Udomlerdwanasin ថ្លែងថា៖ «បញ្ហានេះបណ្តាលមកពីគ្រោះធម្មជាតិ ដូចជា រលក​ធំៗ ខ្យល់មូសុង។ល។ ម្យ៉ាងទៀត សកម្មភាពដែលទីភ្នាក់ងាររដ្ឋាភិបាលបិទផ្លូវទឹក​ដោយ​ប្រើប្រាស់ឈើ និងទំនប់នៅទីនេះ អាចមានផលប៉ះពាល់ដល់តំបន់ដែលមិនមានការបិទ។ មានភ្នាក់​ងារ​មួយ​ចំនួន ដូចជា នាយកដ្ឋានដែនសមុទ្រ និងធនធានឆ្នេរ បានមកកាន់ទីនេះ។ យើងបានរៀបចំកិច្ចប្រជុំមួយ។ ហើយភូមិ Ko Perd ត្រូវបានដាក់ចំណាត់ថ្នាក់លេខ​៥ សម្រាប់បញ្ហាសំណឹក។ យើងបានដាក់ស្នើការស៊ើបអង្កេត ហើយនាយកដ្ឋានដែនសមុទ្រ និងធនធានឆ្នេរ បានសាងសង់របងឬស្សី។ ប៉ុន្តែដូចអ្វីដែលយើងបានដឹងហើយថា ឫស្សីមិនអាចជាប់រឹងមាំក្នុងរយៈពេលលើសពី២ឆ្នាំនោះទេ»។

លោកស្រីវេជ្ជបណ្ឌិត Pornsri Suthanaruk អគ្គនាយករងនៃនាយកដ្ឋានដែនសមុទ្រ និងធនធានឆ្នេរ នៃប្រទេសថៃ ថ្លែងថា៖ «អ្វីដែលសំខាន់បំផុតនោះ គឺស្ថិរភាពនៃដីនៅជុំវិញព្រៃកោងកាងត្រូវបានបំផ្លាញ។ វាអាចកើតឡើងដោយសារតែសកម្មភាពរបស់មនុស្សដែលប្រើប្រាស់ប្រើដីជាស្រះចិញ្ចឹមបង្គាឬសត្វសមុទ្រនានា ហើយការផ្លាស់ប្តូរផ្ទៃដីបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រ។ ដូចអ្វីដែលខ្ញុំបានលើកឡើង យើងបានធ្វើសកម្មភាពលើសពីដែនកំណត់របស់យើងហើយ ដូច្នេះ សំណឹកឆ្នេរសមុទ្រអាចកើតឡើងយ៉ាងងាយស្រួល»។

លោកស្រីបន្តថា៖ «នាយកដ្ឋានដែនសមុទ្រ និងធនធានឆ្នេរ ដើរតួនាទីស្ដារឡើងវិញនូវធនធានដែលខូចខាត។ ទីភ្នាក់ងាររបស់យើងធ្វើការរួមគ្នា ហើយបច្ចុប្បន្ននេះ យើងកំពុងតែដំណើរការគម្រោងសាងសង់របងឫស្សី ដើម្បីកាត់បន្ថយសំណឹកធ្ងន់ធ្ងរនៃព្រៃកោងកាង»។

លោកស្រី Pornsri Suthanaruk បន្ថែមថា៖ «ការសាងសង់របងឫស្សីនេះបានចំណាយរយៈពេល៣ឆ្នាំ ខណៈដែលយើងមិនអាចធ្វើអ្វីផ្សេងបាននោះទេ ក្រៅពីសាងសង់របងឫស្សី ហើយមើលថែទាំវា។ សកម្មភាពនេះបង្ហាញឱ្យ​ឃើញយ៉ាងច្បាស់ថា ការប្រតិបត្តិរបស់យើងមានប្រសិទ្ធភាពទាក់ទងនឹងការបង្កើនព្រៃឈើ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ