កូរ៉េ​ខាងត្បូង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​​​​ការពារ​​កូវីដ-១៩​ដល់​មនុស្ស​ពេញ​វ័យ

សកម្មភាពត្រួតពិនិត្យនៅមជ្ឈមណ្ឌលមួយក្នុងក្រុងយ៉ាងសាន (Yangsan) ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ (Government of Yangsan)

ប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមបើកយុទ្ធនា​ការ​ចាក់វ៉ាក់សាំង​​ការពារ​​ជំ​ងឺកូវីដ-១៩ដល់មនុស្សពេញវ័យ​ទាំងអស់​ដែលមានអាយុចាប់ពី១៨ឆ្នាំជាលើកដំបូង នៅថ្ងៃចន្ទនេះ ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺរាតត្បាតដែលភាគច្រើនឆ្លង​ក្នុងចំណោមប្រជាជនវ័យក្មេងមិនទាន់បានចាក់វ៉ាក់សាំង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters

កូរ៉េខាងត្បូង ត្រូវបានចាត់ទុកថាជាប្រទេសមួយដែលគ្រប់គ្រងករណីជំងឺកូវីដ-១៩បាន​យ៉ាងល្អក្នុង​អំឡុង​ពេល​មាន​ការរីករាលដាលនៃជំងឺរាតត្បាតដំបូង តាមរយៈការតាមដាននិងធ្វើតេស្តយ៉ាងហ្មត់​ចត់។ ទោះជាយ៉ាងណា​ ភាពយឺតយ៉ាវក្នុងការផ្ដល់វ៉ាក់សាំងរបស់ប្រទេសនេះបានបណ្ដាលឱ្យ​​មាន​ការកើនឡើង​នៃការឆ្លងជាច្រើនបង្កដោយវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី។

គិតត្រឹមយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងចំនួន៥២​លាននាក់ ក្នុងនោះមានចំនួន៤៥%ទទួលបានការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ យ៉ាងហោចណាស់ដូសទីមួយ និង ១៥%ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស។

ជាមួយគ្នានេះផងដែរ ប្រទេសកូរ៉េខាងត្បូងក៏មានគោលបំណងក្នុងការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ដល់ប្រជាជនរបស់ខ្លួនឱ្យ​​បានជាង៧០% ត្រឹមខែកញ្ញាខាងមុខនេះ សម្រាប់អ្នកដែលមានអាយុពី១៨ឆ្នាំ ដល់​៤៩ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំង​របស់​​ក្រុម​ហ៊ុន​ Moderna ក្រុមហ៊ុនអាមេរិក​​ Pfizer និងមន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech។

ទីភ្នាក់ងារ​គ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ (KDCA) ក៏បានរាយការណ៍ពីការឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន១ ៤៩២ករណីផងដែរកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលធ្វើឱ្យ​​តួលេខឆ្លងសរុបនៅក្នុងប្រទេសឈានដល់ចំនួន២១២ ៤៤៨ករណី និងអ្នកស្លាប់ចំនួន២ ១២៥នាក់ គិតចាប់តាំងពីការផ្ទុះឡើងដំបូងនៃជំងឺរាតត្បាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ