យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នៅ​បង់ក្លាដែស

ពលរដ្ឋឈរតម្រង់ជួរទទួលយកការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅមជ្ឈមណ្ឌលមួយក្នុងប្រទេសបង់ក្លាដែស។ (A24 News)

ប្រទេសបង់ក្លាដែស បានទទួលវ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ចំនួន៥,៦​លានដូសពី​សហរដ្ឋអាមេរិក​ ​ក្រោមក្របខណ្ឌ​របស់​​កូវ៉ាក់ (COVAX) ខណៈប្រទេសនេះបានទិញវ៉ាក់សាំងរបស់​មន្ទីរពិសោធន៍​​​ចិន Sinopharm ចំនួន២​លានដូសបន្ថែមទៀតពីទីក្រុងប៉េកាំងផងដែរ។

ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស លោក Abul Kalam Abdul Momen មាន​​សុទិដ្ឋិនិយមថា បញ្ហាកង្វះវ៉ាក់សាំង​​ការពារ​ជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលទីក្រុងដាកា រំពឹងថា នឹងមានការផ្គត់ផ្គង់​វ៉ាក់សាំងពីប្រភពផ្សេងៗគ្នាជាច្រើនទៀត។

វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ជាច្រើនដូសបន្ថែមទៀតពីសហរដ្ឋអាមេរិកនឹងទៅ​ដល់ប្រទេស​បង់​ក្លាដែសក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបង់ក្លាដែសក៏បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចិន​ចំនួន១៥លានដូសបន្ថែមទៀត​​ផងដែរ។

ប្រទេសបង់ក្លាដែស កាលពីខែកក្កដាកន្លងទៅ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ក្នុងទ្រង់ទ្រាយធំឡើងវិញ បន្ទាប់ពីមានការផ្អាកដែលបណ្តាលមកពីកង្វះការផ្គត់ផ្គង់វ៉ាក់សាំង។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន A24 News លោកវេជ្ជបណ្ឌិត Wahidur Rahman ជាបុគ្គលិក​សុខាភិបាលនៅមន្ទីរពេទ្យ Dhaka Medical College Hospital បានឱ្យ​​ដឹងថា៖ «ដូច​អ្វី​ដែលយើង​បាន​ឃើញ មនុស្សម្នាបានមកតម្រង់ជួរនៅខាងក្រៅ ខណៈដែលយើងផ្ដល់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ដល់ប្រជាជនក្នុងតំបន់និងកម្មករចំណាកស្រុកប្រមាណជា១ ៥០០នាក់ជារៀងរាល់ថ្ងៃ។ ក្រៅពីមជ្ឈមណ្ឌលនេះ យើងក៏មានមជ្ឈមណ្ឌលវ៉ាក់សាំងដាច់ដោយឡែកមួយទៀត សម្រាប់តែ​និស្សិតពេទ្យផងដែរ។ កាលពីពេលកន្លងទៅ យើងត្រូវលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឱ្យមកចាក់​វ៉ាក់​សាំង ប៉ុន្តែ​សកម្មភាពនោះត្រូវបានផ្លាស់ប្តូរ។ ពលករចំណាកស្រុក នាពេលបច្ចុប្បន្ននេះ ចង់ទទួលបានវ៉ាក់សាំងក្នុងពេលឆាប់ៗ ដោយសារតែពួកគេត្រូវការវិញ្ញាបនបត្រចាក់វ៉ាក់សាំង ដើម្បីធ្វើដំណើរត្រឡប់ទៅវិញ»។

លោកឧត្តមសេនីយ៍ត្រី Nazmul Haque ប្រធានមន្ទីរពេទ្យ Dhaka Medical College Hospital បានថ្លែង​ថា៖ «មនុស្សគ្រប់រូបត្រូវតែចាក់វ៉ាក់សាំងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលពួកគេគ្មានជម្រើស​អ្វីផ្សេងនោះទេ ហើយរដ្ឋាភិបាលកំពុងតែធ្វើការលើករណីនេះ។ យើងបានជម្នះលើបញ្ហាកង្វះវ៉ាក់សាំង ដោយសារការផ្គត់ផ្គង់របស់ក្រុមហ៊ុន AstraZeneca មានការរំខាន ហើយបច្ចុប្បន្ននេះ យើងកំពុងតែព្យាយាមចាក់វ៉ាក់សាំងដល់ប្រជាជនភាគច្រើនឱ្យ​​បានឆាប់តាមដែលអាចធ្វើទៅបាន។ សង្ឃឹមថា ត្រឹមខែកក្កដា និងសីហានេះ យើងនឹង​សម្រេចបាននូវតួលេខចាក់វ៉ាក់សាំងគួរឱ្យកត់សម្គាល់មួយ។ បច្ចុប្បន្ន អាយុដែលត្រូវបានអនុញ្ញាតឱ្យ​​ចុះឈ្មោះចា​ក់វ៉ាក់សាំង គឺទាបបំផុត២៥ឆ្នាំ ហើយក្នុងពេលឆាប់ៗនេះ យើងនឹងបើកសម្រាប់អ្នករាល់គ្នា ដើម្បីឱ្យ​​ពួកគេទាំងអស់គ្នាអាចការ​ពារ​បាន»។

លោកសាស្រ្តាចារ្យ Nazmul Islam នាយកគ្រប់គ្រងជំងឺនៅអគ្គនាយកដ្ឋានសេវាសុខភាព (Directorate General of Health Service) ថ្លែងថា៖ «​កូវ៉ាក់នឹងផ្ដល់វ៉ាក់សាំងចំនួន៦០,៨​លានដូសដល់ប្រទេសបង់​ក្លាដែស ខណៈដែលយើងបានទទួលវ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Moderna ចំនួន៥,៥​លានដូស និងរបស់ក្រុមហ៊ុនអាមេរិក​​ Pfizer ជាង១លានដូស រួចទៅហើយកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ យើងក៏បានទទួលអំណោយជាវ៉ាក់សាំងពីប្រទេស​ចិន ហើយក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចិនចំនួន១៥​លានដូសបន្ថែមទៀតផងដែរ។ ទម្រង់បែបបទមួយចំនួននៃការទិញវ៉ាក់សាំង​ចំនួន៣០​លានដូសពីវិទ្យាស្ថាន Serum Institute ត្រូវបានបញ្ចប់រួចរាល់ហើយ ខណៈដែលគំនិតផ្តួចផ្តើម​មួយទៀតក្នុងការទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson ក៏ត្រូវបានធ្វើឡើងផងដែរ។ នៅពេលដែលការផ្គត់ផ្គង់វ៉ាក់សាំងពីប្រភពទាំងនោះត្រូវបានផ្ដល់ជូន យើងនឹងអាចបន្តការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ