បង់ក្លាដែស​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ-១៩​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា

មន្ត្រីក្រោមគម្រោងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដោយមានគាំទ្រពី UK Aid បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋក្រីក្រក្នុងប្រទេសបង់ក្លាដែស អំឡុងពេលរាតត្បាតកូវីដ-១៩ក្នុងប្រទេសនេះ។ (UNDP Bangladesh/Fahad Kaizer)

ក្រុមមន្ត្រីបានឱ្យ​ដឹងថា ប្រទេសបង់ក្លាដែសបានចាប់ផ្តើមចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ដល់ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា​រាប់ពាន់នាក់ នៅថ្ងៃអង្គារនេះ ស្របពេលដែលមានការកើនឡើងធ្ងន់ធ្ងរនៃការឆ្លងជំងឺ​កូវីដ-១៩នៅក្នុងប្រទេសនេះ។

លោក Mahbubur Rahman ប្រធានមន្រ្តីសុខាភិបាលនៅក្នុងតំបន់ Cox’Bazar ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters យកមកចុះផ្សាយថា៖ «ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាប្រមាណ​ជា៤៨ ០០០នាក់ដែលមានអាយុចាប់ពី៥៥ឆ្នាំ​ឡើងទៅ នឹងត្រូវទទួលបានវ៉ាក់សាំង​ការ​ពារ​​ជំ​ងឺកូវីដ-១៩ នៅចន្លោះថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយ​មាន​ជំនួយ​ពី​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ»។

លោក Mahbubur Rahman បានថ្លែងប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters តាមរយៈទូរសព្ទពីទីតាំង​ចាក់វ៉ាក់សាំងមួយកន្លែងថា៖ «សកម្មភាពនេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើមដំបូងប៉ុណ្ណោះ ខណៈដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពេញវ័យទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំង​ជាដំណាក់កាល»។

គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែសបាននិងកំពុងប្រយុទ្ធប្រឆាំង​នឹងការកើនឡើង​នៃ​ការឆ្លងនិងស្លាប់​ដែល​បង្កដោយជំងឺរាតត្បាតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះ ខណៈ​ប្រទេសនេះមានការឆ្លង​សរុបជាង១លានករណី និងស្លាប់បាត់បង់ជីវិតចំនួន២២ ៨៩៧នាក់។

ប្រធានសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ប្រចាំនៅក្នុងតំបន់ Cox’Bazar លោក Hrusikesh Harichandan ក៏បានថ្លែង​ដែរថា៖ «ប្រជាជននៅក្នុងជុំរុំទាំងនេះកំពុងតែរស់នៅដោយប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺរាតត្បាតខ្ពស់។ ការចាក់វ៉ាក់សាំងគឺពិតជាមានសារៈសំខាន់ ដើម្បីការពារការឆ្លងមេរោគដ៏សាហាវនេះ»។

លោកបន្ថែមថា៖ «យើងត្រូវការកិច្ចប្រឹងប្រែងរួមគ្នាដោយទីភ្នាក់ងារជាតិនិងអង្គការអន្តរជាតិនានា ដើម្បីជួយចាក់វ៉ាក់សាំង​ដល់មនុស្សពេញវ័យទាំងអស់នៅក្នុងជុំរុំនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ