គណបក្ស​ភ្លើងទៀន​ ពន្យារពេល​ធ្វើ​សមាជ​ដោយ​សារ​កូវីដ-១៩​បំប្លែង​ថ្មី​ឆ្លង​ច្រើន

លោក ទាវ វណ្ណុល ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្តពោធិ៍សាត់។ (វេបសាយ៖ pursat.org.kh)

គណបក្សភ្លើងទៀន បានប្រកាសពន្យារពេលការធ្វើសមាជសាមញ្ញគណបក្សដែលគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ដោយលើកហេតុផលបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រភេទថ្មី Delta។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃនេះ បានឱ្យដឹងថា គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​គណបក្សបានសម្រេចពន្យារពេលធ្វើសមាជនៅថ្ងៃទី២២ ខែសីហានេះ បន្ទាប់​ពី​បាន​ឃើញ​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩​បំប្លែងថ្មីកំពុង​រីករាលដាលគួរឱ្យ​ព្រួយបារម្ភ។

ម្យ៉ាងទៀត គណបក្សនេះថា ជំងឺកូវីដ-១៩បំប្លែងថ្មីនេះមានលក្ខណៈសាហាវនិងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ា​ងឆាប់រហ័ស ទើបគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស​បាន​ប្រជុំស​ម្រេចនៅថ្ងៃនេះ លើកពេលធ្វើសមាជសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី២២ ខែសីហា រហូតដល់មានការជូនដំណឹងជាថ្មី។

សូមជម្រាបថា គម្រោងធ្វើសមាជសាមញ្ញរបស់«គណបក្សភ្លើងទៀន»ដែលមានដើមកំណើតមកពីគណបក្ស សម រង្ស៊ីនោះ គឺដើម្បីពិភាក្សាទៅលើការធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស និងរៀបចំជ្រើសរើសថ្នាក់ដឹកនាំគណបក្សសម្រាប់អាណត្តិថ្មី ព្រមទាំង​កំណត់យុទ្ធសាស្រ្តនយោបាយរបស់គណបក្សផងដែរ។

គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ចំនួន៣៨៥នាក់។

កាលពីថ្ងៃទី៨ ខែសីហា ក្រសួង​សុខាភិបាលបានប្រកាសថា វីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta កំពុងពង្រីកខ្លួនយ៉ាងលឿនដល់ជិត២០រាជធានី-ខេត្ត​ហើយ ដែល​តម្រូវឱ្យពលរដ្ឋបន្តចូលរួមគោរពវិធានសុខាភិបាលឱ្យ​បានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់រលកចម្លង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ