ឥណ្ឌូ​នេស៊ី​ពង្រីក​វិធាន​ការ​ទប់​ស្កាត់​វីរុស​កូវីដ-១៩​ ខណៈ​ការ​ឆ្លង​រាល​ដាល​ក្នុង​តំបន់​កើន​ឡើង

ពលរដ្ឋឥណ្ឌូនេស៊ីពាក់ម៉ាស់ការពារការឆ្លងកូវីដ១៩។ (ADB)

ប្រទេសឥណ្ឌូនេស៊ី បានពង្រីកវិធានការទប់ស្កាត់វីរុសកូវីដ-១៩របស់ខ្លួនបន្ថែមទៀតនៅលើកោះជ្វា (Java) និង​កោះបាលី (Bali) រហូតដល់ថ្ងៃទី១៦ ខែសីហា។

ខណៈដែលឥណ្ឌូនេស៊ីត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងតំបន់អាស៊ីដែលរងផលប៉ះពាល់ធ្ងន់​ធ្ងរ​ដោយ​សារ​ជំងឺរាតត្បាតកូវីដ-១៩នោះ អាជ្ញាធរប្រទេសនេះបានសម្រេចរឹតបន្តឹង​ការធ្វើដំណើរ​បម្លាស់ទីរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ដែលឆ្លងខ្លាំងនៅកោះជ្វា និងកោះបាលី នៅដើមខែកក្កដា។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ប្រទេសឥណ្ឌូនេស៊ី លោក Luhut Pandjaitan ដែលបានថ្លែងកាលពីល្ងាចថ្ងៃចន្ទថា៖ «សូមកុំបណ្តោយឱ្យកិច្ចខិតខំប្រឹងប្រែងដែលយើងសម្រេចបានដោយលំបាកបាត់បង់ទៅវិញឱ្យ​សោះ»

លោកបន្ថែមថា ទីតាំងផ្សារទំនើបមួយចំនួន​នឹងបើកដំណើរការឡើងវិញ សម្រាប់អ្នកដែលបានចាក់​វ៉ាក់​សាំង​រួច​រាល់ លើក​លែង​តែ​កុមារនិងមនុស្សចាស់ ខណៈដែលពួកគេតម្រូវឱ្យ​បង្ហាញ​លិខិតបញ្ជាក់​អំពីការចាក់វ៉ាក់សាំងរបស់ពួកគេផងដែរ។

ជាមួយគ្នានេះដែរ​ វិធានការរឹតត្បិតនៅក្នុងតំប​ន់ខាងក្រៅកោះជ្វា និងកោះបាលី ក៏នឹងត្រូវបន្តរហូតដល់ថ្ងៃទី​២៣ ខែសីហា ខណៈករណីឆ្លងបានកើនឡើងចំនួន១,២%។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា នៅក្នុងទីក្រុងហ្សាកាតា ការឆ្លងវីរុសកូវីដ-១៩ថ្មីមានចំនួន៧២៧ករណីនៅថ្ងៃចន្ទម្សិលមិញនេះ។

គួរបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនឥណ្ឌូនេស៊ីជាង៥០លាននាក់ទទួលបានការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ យ៉ាងហោចណាស់ដូសទីមួយ ខណៈដែលជាង២៣លាននាក់ផ្សេងទៀតទទួលបានចាក់វ៉ាក់សាំងគ្រប់ដូស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ