ក្រសួង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​កូវីដ-១៩​ប្រភេទ ដែលតា​ សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​ឡើយ​

មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងប្រភេទ ចនសុន-ចនសុន (Johnson & Johnson) ពីរដ្ឋាភិបាលនិងប្រជាជននៃសហរដ្ឋអាមេរិក ជូនរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យអ្នកជំងឺ​កូវីដ-១៩បំប្លែង​ថ្មី​ប្រភេទ “​ដែល​តា (Delta)” សម្រាក​ព្យាបាលជំងឺនៅតាមផ្ទះនោះឡើយ។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាល​ពីថ្ងៃទី​៩ ខែសីហា ឱ្យដឹង​ថា ដោយផ្អែកទៅតាមទិន្នន័យផ្នែកអេពីដេមីសាស្ត្រនៃការឆ្លងរាលដាលវីរុស​កូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta Variant) ព្រមទាំងការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែង​ខ្លួន​ថ្មី​នេះ ក្រសួងមិនអនុញ្ញាតឱ្យ​អ្នកជំងឺ​កូវីដ-១៩បំប្លែងថ្មីប្រភេទ “ដែលតា (Delta)” សម្រាកព្យាបាលនៅតាមផ្ទះនោះឡើយ។

ក្រសួងបន្តថា ការសម្រាក​ព្យាបាលគឺតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាល​ជំងឺកូវីដ-១៩ដែលបានកំណត់អាស្រ័យទៅតាមកត្តាសុខ​ភាពជាក់ស្តែងរបស់អ្នកជំងឺ។ ការហាមឃាត់នេះ គឺអនុវត្តទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីឆ្លងនៅក្នុងសហគមន៍។

កាលពីថ្ងៃទី៨ ខែសីហា ក្រសួងសុខាភិបាលបានប្រកាសដែរថា វីរុសកូវីដ-១៩បំប្លែង​ថ្មីប្រភេទ Delta កំពុងពង្រីកខ្លួនយ៉ាងលឿនដល់ជិត២០​​រាជធានី-ខេត្តហើយ ដែលតម្រូវឱ្យពលរដ្ឋបន្តចូលរួមគោរពវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់រលកចម្លង។

តាមសេចក្តីជូនដំណឹងរបស់ក្រសួង​សុខាភិបាល ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១​ ឱ្យដឹងថា លទ្ធ​ផល​នៃការ​ធ្វើវិភាគដោយ​វិទ្យាស្ថាន​​ប៉ាស្ទ័រ ចុះ​ថ្ងៃទី៧ ខែ​សីហា បាន​បង្ហាញពីការ​​រកឃើញករណីឆ្លងវីរុស​កូវីដ-១៩បំប្លែងថ្មី ប្រភេទ Delta ចំនួន៥៨ករណី​បន្ថែម​ទៀត ក្នុង​នោះ វីរុស​នេះបានវាយលុកចូ​លក្នុង​សហគមន៍ ជាពិសេស​នៅ​ខេត្ត​ឧត្ដរ​មាន​ជ័យ រាជធានីភ្នំពេញ ខេត្ត​សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និង​បណ្តាខេត្តមួយចំនួនទៀត។

បើគិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែ​សីហា ឆ្នាំ២០២១ ពោ​ល​គឺរយៈពេល​ជាង៤ខែប៉ុណ្ណោះ កម្ពុជា​បានរកឃើញវីរុសបំប្លែងថ្មី Delta នេះ ចំនួន៣៨៥​នាក់ ក្នុងនោះ​មាន​ស្រី្ត១៨៧​នាក់ ដែលឆ្លង​លើពលរដ្ឋ​ខ្មែរ​ត្រ​ឡប់ពីប្រទេសថៃ បុគ្គលិក​សុខាភិបាល ពលរដ្ឋក្នុងសហគមន៍ និងអ្នកដំណើរតាមជើងហោះហើរចូលកម្ពុជា ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ