មួយ​​សប្តាហ៍​អាជ្ញាធរ​ឃាត់​យាន​យន្ត​ដែល​ល្មើស​បម្រាម​គោចរ​បាន​ជិត​២​ពាន់​គ្រឿង

យប់ថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២១​ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ ចុះអនុវត្តត្រួតពិនិត្យបម្រាមគោចរដែលកំណត់ចាប់ពីម៉ោង​៩យប់ដល់ម៉ោង​៣នាទីទៀបភ្លឺ​ រយៈពេល១៤ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី២៩​ ខែកក្កដា​ រហូតដល់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អាជ្ញាធររាជធានីភ្នំពេញ បានឃាត់យានយន្តដែលល្មើសបម្រាមគោចរក្នុងរយៈពេល​១សប្តាហ៍​នេះ​បានជិត២ ០០០​គ្រឿង ខណៈមនុស្សជិត៣០នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី១០ ខែសីហានេះ អាជ្ញាធររាជធានី​ភ្នំពេញបានឃាត់យានយន្តដែលល្មើសបម្រាមគោចរចំនួន១ ៧៩៨គ្រឿ​ង ក្នុងនោះមានរថយន្តចំនួន៥៥២គ្រឿង ខណៈយានយន្តចំនួន៤៦៣គ្រឿងបានផាកពិន័យរួចរាល់។ បើតាមការកត់សម្គាល់របស់អ្នកនាំពាក្យរូបនេះ មួយរយៈពេលចុងក្រោយនេះ អ្នកល្មើសបម្រាមគោចរនៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះ។

ដោយឡែក យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល​អនុវត្តវិធានការច្បាប់​ចំពោះបុគ្គល​ដែល​ល្មើស​នឹង​វិធាន​ការ​សុខាភិបាលនិងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី​១០​​ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានចុះអនុវត្តវិធានការច្បាប់ចំនួន៩៤១​ករណី ឃាត់ខ្លួន (អប់រំនិងពិន័យ) ចំនួន១ ៦៨២នាក់ ឃាត់យានយន្តចំនួន​៨១១គ្រឿង និងពិន័យជាប្រាក់ ចំនួន៤៦ ១០០ ០០០រៀល។ ប៉ុន្តែមិនមានករណីបញ្ជូនទៅតុលាការទេ។

គួរជម្រាបថា ការអនុវត្តបម្រាមគោចរដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ បាន​អនុវត្តចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ហើយនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១២ ខែ​សីហា ស្អែក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ