ពលរដ្ឋរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ ទទូចឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនផ្តល់សំណង

ទឹកលិចផ្ទះពលរដ្ឋនៅភូមិស្រែគរ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ (Newsroomcambodia/ ជា សុខនី)

ប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារ ដែលស្ថិតនៅក្នុងភូមិក្បាលរមាស និងភូមិស្រែគរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បន្តទាមទារជាថ្មីទៀតឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនផ្តល់សំណងដល់ពួកគេ ខណៈរបាយការណ៍អង្គការអន្តរជាតិថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោង «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន បានបង្កជាមហន្តរាយផ្នែកសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋម្នាក់នៅភូមិស្រែគរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ហ្វុត ធឿន បានប្រាប់ វីអូឌី ថាប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកជិត​៥០គ្រួសារនៅមិនទាន់ទទួលបានសំណងពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២នៅឡើយទេ ចាប់តាំងពីគម្រោងនេះបានដំណើរការនៅឆ្នាំ២០១៧មក។

លោកថា អ្នកភូមិរបស់លោកជិត៥០គ្រួសារបានបដិសេធទៅរស់នៅភូមិថ្មីដែលរៀបចំដោយក្រុមហ៊ុន ដោយពួកគាត់ទទូចសុំអភិវឌ្ឍន៍នៅនឹងកន្លែង គឺស្ថិតនៅលើទួលព្រៃកប់ខ្មោចមួយកន្លែងដែលមានចម្ងាយជាង១គីឡូម៉ែត្រពីភូមិចាស់ដែលលិចលង់ដោយសារអាងទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។

លោក ហ្វុត ឃឿន បានថ្លែងយ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៧ហ្នឹង គឺពួកខ្ញុំបានចេញមក អត់មានបានអី! គឺស្រូវក្នុងស្រែបាត់បង់មួយចំនួនធំ ហើយស្រូវកំពុងពេញផ្លែ រកដាក់ផ្លែ! ហើយពេលឡើងមកទីទួលសុវត្ថិភាពហ្នឹង ពួកខ្ញុំបានចាយលុយខ្លះៗទៅទិញមកទុកហូប ហើយទ្រាំរស់នៅទាំងអ៊ីចឹងហើយ។ ប៉ុន្តែដឹងហើយថា គម្រោងអភិវឌ្ឍន៍ហ្នឹងមួយចំនួនតូចគឺប៉ះពាល់ដល់សិទ្ធិការរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួនតូចដែរ»។

ចំណែកពលរដ្ឋម្នាក់ទៀត លោក ហុង សារិន អតីតអ្នកភូមិក្បាលរមាសដែលយល់ព្រមផ្លាស់ប្តូរទីលំនៅទៅភូមិថ្មី នៅតែទទូចឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនអភិវឌ្ឍភូមិថ្មីឱ្យមានហេដ្ឋារចនាសម្ព័ន្ធ និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋផងដែរ។ លោកថា រយៈពេលជិត៦ឆ្នាំក្រោយទៅតាំងលំនៅថ្មីដែលរៀបចំដោយអាជ្ញាធរនិងក្រុមហ៊ុននោះ មិនទាន់មានការអភិវឌ្ឍជូនប្រជាពលរដ្ឋដូចការអះអាងរបស់អាជ្ញាធរនោះទេ។

លោក ហុង សារិន បានថ្លែងយ៉ាងដូច្នេះថា៖ «ពួកខ្ញុំនៅភូមិថ្មីហ្នឹង ព្រមទទួលហើយ! ប៉ុន្តែសំខាន់ចង់ឃើញការអភិវឌ្ឍនៅហ្នឹង ហើយសិទ្ធិដីធ្លីអីហ្នឹងអត់ទាន់មានច្បាស់លាស់ព្រំត្រឹមណាៗ ឱ្យប្រជាពលរដ្ឋឬមេភូមិគ្រប់គ្រងត្រឹមណាៗ គឺអត់ទាន់ច្បាស់លាស់នៅឡើយ។ ធម្មតា ភូមិមួយមានព្រំប្រទល់ពីភូមិមួយទៅភូមិមួយ អត់ទាន់មាន»។

ការទាមទាររបស់ប្រជាពលរដ្ឋនេះបានធ្វើឡើងស្របពេលដែលអង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញផ្សាយរបាយការណ៍មួយថា ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាគម្រោង «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន ដែលបង្កជាគ្រោះមហន្តរាយផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ ជនជាតិដើមភាគតិច និងក្រុមជនជាតិភាគតិចផ្សេងៗ ត្រូវបានបង្ខំឱ្យចាកចេញដោយមានសំណងតិចតួច។

របាយការណ៍ដែលមានកម្រាស់១៣៨ទំព័រ មានចំណងជើង នៅក្រោមផ្ទៃទឹក៖ ផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សនៃគម្រោង «ខ្សែក្រវាត់ និងផ្លូវ» ឬ «Belt & Road Initiative (BRI)» របស់ប្រទេសចិននៅកម្ពុជា បានរៀបចំចងក្រងជាឯកសារ ស្តីពី ការរំលោភសិទ្ធិសេដ្ឋកិច្ច សង្គម និងសិទ្ធិវប្បធម៌ ពីការធ្វើបម្លាស់លំនៅរបស់មនុស្សជិត៥០០០នាក់ក្រោមគម្រោងទំនប់សេសានក្រោម​២ ដែលគ្រួសាររបស់ពួកគេបានរស់នៅទីនោះរាប់ជំនាន់មកហើយ និងបង្កផលប៉ះពាល់មុខរបររបស់ប្រជាជនរាប់ពាន់នាក់ផ្សេងទៀតដែលរស់នៅទាំងផ្នែកខាងក្រោមនិងផ្នែកខាងលើនៃទន្លេ។

របាយការណ៍នេះបានលើកឡើងថា អាជ្ញាធរកម្ពុជានិងមន្រ្តីក្រុមហ៊ុនបានពិគ្រោះយោបល់តិចតួចជាមួយសហគមន៍រងផលប៉ះពាល់មុនចាប់ផ្តើមគម្រោង ហើយមិនបានយកចិត្តទុកដាក់រាល់ការលើកឡើងពីក្តីកង្វល់របស់ពួកគេនោះទេ។ ពួកគេជាច្រើនត្រូវបានបង្ខំឱ្យទទួលយកសំណងមិនសមរម្យចំពោះការបាត់បង់ទ្រព្យសម្បត្តិនិងប្រាក់ចំណូលរបស់ខ្លួន ហើយសំណងជាលំនៅដ្ឋាននិងការផ្តល់សេវាដែលមិនសមរម្យត្រូវបានផ្តល់ជូននៅមណ្ឌលតាំងលំនៅថ្មី និងមិនមានការបណ្តុះបណ្តាលឬជំនួយគាំទ្រណាមួយសម្រាប់ការប្រកបមុខ​របរថ្មីទេ។ សហគមន៍រងផលប៉ះពាល់ផ្សេងទៀតនៅផ្នែកខាងលើនិងខាងក្រោមនៃទំនប់ មិនទទួលបានសំណងឬជំនួយឧបត្ថម្ភណាមួយឡើយ។

នាយកផ្នែកតស៊ូមតិប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) លោក John Sifton បានលើកឡើងថា ទំនប់វារីអគ្គិសនីសេសានក្រោម​២ បានធ្វើឱ្យបាត់បង់ទាំងស្រុងនូវមុខរបររបស់សហគមន៍ជនជាតិដើមភាគតិច និងជនជាតិភាគតិចផ្សេងៗ ដែលធ្លាប់រស់នៅជាសហគមន៍ និងភាគច្រើនមានស្វ័យភាពមុខរបរនេសាទ ការប្រមូលអនុផលព្រៃឈើ និងកសិកម្ម។

លោកបានបន្ថែមថា អាជ្ញាធរកម្ពុជាចាំបាច់ត្រូវពិនិត្យមើលឡើងវិញជាបន្ទាន់នូវការផ្តល់សំណងរបស់គម្រោងការតាំងលំនៅដ្ឋានថ្មី របៀបស្តារមុខរបរ និងត្រូវធានាថាគម្រោងទៅអនាគតនឹងមិនមានការរំលោភបំពានស្រដៀងគ្នានេះទេ។

វីអូឌី នៅមិនទាន់អាចទាក់​ទងអភិបាលខេត្តស្ទឹងត្រែង លោក ម៉ម សារឿន និង តំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានទេ នៅថ្ងៃទី១០ ខែសីហា។  

នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេ៣ លោក លាង ប៊ុនលាភ បានថ្លែងថា គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ នៅមានប្រជាពលរដ្ឋពីរភូមិ គឺភូមិក្បាលរមាស និងភូមិស្រែគរ ប្រមាណជិត១០០គ្រួសារនៅមិនទាន់ទទួលយកសំណងរបស់រដ្ឋាភិបាលនិងក្រុមហ៊ុន ជាថ្នូរនឹងការចាកចេញពីភូមិចាស់ដែលកំពុងលិចលង់នៅក្រោមទឹកនោះនៅឡើយទេ។

លោកបន្តថា បច្ចុប្បន្ន មានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានលិចលង់នៅក្រោមទឹកដោយមិនទាន់រុះរើនោះឡើយ។ លោកក៏បានគាំទ្រការលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិដែរថា ទំនប់វារីអគ្គិសនីសេសានក្រោម២ បានបង្កឱ្យមានការរំលោភសិទ្ធិមនុស្សនិងសិទ្ធិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

លោក លាង ប៊ុនលាភ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ៊ីចឹងការបង្ខំឱ្យអ្នកមិនទាន់ចង់ចេញ ឱ្យគាត់ចេញមក គឺជាការរំលោភលើសិទ្ធិរស់រានមានជីវិតរបស់គាត់ ខ្ញុំសូមឯកភាពកន្លែងហ្នឹង! ហើយរឿងមួយទៀត រឿងអ្នករស់នៅ”ក្បាលរមាស”នោះទទួលឱ្យតាំងទីលំនៅ ឯអ្នក[ភូមិ]ស្រែគរ អត់ទទួលបានការតាំងទីលំនៅ នៅមាត់ទឹកហ្នឹងទេ។ អ៊ីចឹងការដែលយើងអនុញ្ញាតឱ្យគាត់ ឬក៏ប្រសិនបើមានការបណ្តេញគាត់ពីកន្លែងហ្នឹងទៅកន្លែងផ្សេងណាមួយទៀត ឬក៏ក្រុមហ៊ុនគាត់ថាដឹងតែអនុម័តឱ្យគាត់ទៅតាំងទីកន្លែងថ្មីហ្នឹងឯង។ អានេះគឺជាការបង្ខិតបង្ខំឱ្យគាត់ចេញទៅទាំងគាត់មិនចង់ ព្រោះពួកគាត់មួយចំនួនធំ គឺគាត់បបួលគ្នាសុំនៅមាត់អាងទឹក»។

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងដែរថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់រដ្ឋាភិបាលចិន ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធពហុជាតិដ៏ធំសម្បើមមួយ តាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) កាលពីឆ្នាំ២០១៣។ បណ្តាគម្រោងទាំងនេះជាច្រើននៅអាស៊ី និងនៅផ្នែកផ្សេងទៀតនៃពិភពលោក តែងរងនូវការរិះគន់ថាកង្វះតម្លាភាព មិនបានយកចិត្តទុកដាក់លើក្តីកង្វល់របស់សហគមន៍ និងបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន។

ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង មានទំហំថាមពល៤០០មេហ្គាវ៉ាត់ និងត្រូវបាន សាងសង់ដោយក្រុមហ៊ុនចិន។ ទំនប់នេះមានភាគហ៊ុនអភិវឌ្ឍន៍ដោយក្រុមហ៊ុនចំនួន៣ ក្នុងនោះមាន ភាគហ៊ុនពីក្រុមហ៊ុនចិនដែលមានភាគហ៊ុន៥១%  ក្រៅពីនោះជាភាគហ៊ុនរបស់ក្រុមហ៊ុនខ្មែរ និងវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ