សង្គម​ស៊ីវិល​​បង្ហាញ​ក្តី​បារម្ភ​ទាក់ទិន​ភាសា​បន្តុះ​​បង្អាប់​នៅ​កម្ពុជា​ក្នុង​​សម័យ​អនឡាញ​

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

អង្គការសង្គមស៊ីវិល​មួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងស្ត្រី បង្ហាញពីក្តីបារម្ភចំពោះការប្រើប្រាស់​ភាសា​បន្តុះ​បង្អាប់​វាយ​​ប្រហារគ្នាដោយ​ពាក្យ​សម្តី​​​​​​នៅ​លើ​​បណ្តាញ​សង្គម ខណៈ​សកម្ម​ភាព​នេះផ្តល់​គំរូ​មិន​ល្អ​ក្នុង​សង្គមនិង​ប៉ះពាល់ដល់សតិអារម្មណ៍ជនរងគ្រោះ ដែលពិបាកនឹងប៉ាន់ស្មានពីទំហំនៃផលវិបាកនោះបាន។

ការបន្តុះបង្អាប់ ឬ (Bully) ត្រូវបានគេ​ឱ្យ​និយមន័យថា ជាការប្រើពាក្យពេចន៍ប្រមាថ គំរាមកំហែងដល់សតិអាម្មណ៍ ឬធ្វើឱ្យមានអារម្មណ៍ថាគ្មានផាសុកភាព។

អ្នកជំនាញជារឿយៗបានលើកឡើងថា ការបន្តុះបង្អាប់តាមបណ្តាញសង្គមបានបង្កឱ្យ​មាន​ផល​អវិជ្ជមានទាំង​ផ្ទាល់និងប្រយោលច្រើន​ណាស់ ជាពិសេសការ​បន្តុះបន្អាប់​ទៅ​លើស្ត្រី។ ការរិះគន់ខ្លះ​ធ្វើឡើងដោយផ្ទាល់ឬប្រយោលផ្តោតលើរូបរាងកាយ សម្រស់ និងរសនិយមជាដើម ហើយអ្នកប្រព្រឹត្តនឹងស្តែងចេញតាមរយៈការវាយប្រហារបុគ្គលផ្សេងទៅតាមរូបភាពផ្សេងៗគ្នា។

អគ្គលេខាធិការរបស់ក្រុមគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា អិន.ជី.អូ ស៊ីដ (NGO CEDAW) អ្នកស្រី ជឹម ចាន់នាង មាន​ប្រសាសន៍​នៅថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២១ ថាគ្រប់ទម្រង់ទាំងអស់នៃការបន្តុះបង្អាប់ (Bully) ឬការបំពានតាមអនឡាញ សុទ្ធ​តែផ្តល់នូវផលប៉ះពាល់ ហើយមានតែបុគ្គលដែលរងគ្រោះប៉ុណ្ណោះ​ទើបដឹងពី​ទំហំនៃផល​ប៉ះពាល់​នេះ។

អ្នកស្រីមាន​ប្រសាសន៍ថា៖ «ការិះគន់បន្សល់ជាស្លាកស្នាមដិតដាមនៅជាប់សតិអារម្មណ៍។ មានជនរងគ្រោះមួយចំនួនដោយសារត្រូវគេរិះគន់ពីរូបរាងកាយរបស់ខ្លួន បានសម្រេចចិត្តកែសម្ផស្សដើម្បីតម្រូវចិត្តមនុស្សជុំវិញខ្លួន ប៉ុន្តែនៅតែមិនត្រូវចិត្តគេ។ ការរកសេវាខ្លះបង្កគ្រោះថ្នាក់ដល់សុខភាពក្រោយកែសម្ផស្សជាដើម។ ចំណែកអ្នកខ្លះទៀត តូចចិត្តដល់ថ្នាក់សម្រេចចិត្តធ្វើអត្តឃាតក៏មាន នេះជាផលប៉ះពាល់ផ្ទាល់ដល់ជនរងគ្រោះ»។ ​​

អ្នកស្រីមើលឃើញថា ការប្រើប្រាស់បណ្តាញសង្គមសព្វថ្ងៃ​ហាក់មានលក្ខណៈទូលំទូលាយខ្លាំង ដោយ​សារ​​អ្នក​ប្រើ​ប្រាស់​មួយចំនួនមិន​បានដឹងពីរបៀបប្រើ ខណៈការយល់ដឹងរបស់គាត់នៅមានកម្រិត ពោលគឺ​​ចូលទៅ​ផ្តល់​មតិ​ ឬខំមិន (Comment) ចែកចាយឬស៊ែរ (Share) ឬកាត់តរូបអ្នកដទៃយកទៅបង្ហោះនៅលើបណ្តាញ​សង្គម ដោយមិនដឹងថា ទង្វើដែលប្រព្រឹត្តអាចប៉ះពាល់អ្វីខ្លះដល់បុគ្គលទាំងនោះ​​ទេ។

អ្នកស្រី ជឹម ចាន់នាង អះអាងថា ការបន្តុះបង្អាប់ (Bully) មិនមែនជារឿងសាមញ្ញឡើយ ហើយ​ការបន្តឱ្យ​មានសកម្មភាពនេះ​អាចធ្វើឱ្យ​ប៉ះពាល់ដល់​ស្ថិរភាព​សង្គម​ទាំង​មូល​ដោយ​មិនអាចស្មានដឹង។ អ្នកស្រីថា ស្ថាប័នរដ្ឋាភិបាលដែលមានជំនាញ គួរចាប់ផ្តើមតាមដាននិងស្រាវជ្រាវរកឫសគល់នៃបញ្ហា រួចធ្វើការ​​ដោះស្រាយ និង​ផ្សព្វផ្សាយឱ្យ​បាន​ទូលាយ ពីផលវិបាកនៃសកម្មភាពបន្តុះបង្អាប់ (Bully) នៅលើអនឡាញនេះ។

នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) អ្នកស្រី រស់ សុភាព បានលើក​ឡើងស្រដៀងគ្នាថា ការបន្តុះបង្អាប់តាមបណ្តាញសង្គមបច្ចុប្បន្នកាន់តែងាយស្រួលនិងខ្លាំងជាងមុន ដែលធ្វើឱ្យមនុស្សលែងគោរព​សិទ្ធិគ្នា ព្រមទាំងបង្ហាញពីភាពខ្វះសីលធម៌នៅក្នុងសង្គមផងដែរ។

អ្នកស្រីថែ្លងថា៖ «តាំងពីមានបណ្តាញសង្គមមក ការបន្តុះបង្អាប់កាន់តែខ្លាំងក្លានិងងាយស្រួល។ មនុស្សមិនស្គាល់គ្នាសោះ ក៏អាចបន្តុះបង្អាប់​បាន ទាំងដែលអ្នកបន្តុះបង្អាប់និងអ្នករងគ្រោះមើលមុខគ្នាមិនឃើញ។ វាធ្វើឱ្យ​​មនុស្សលែងគោរពគ្នា រំលោភសិទ្ធិមនុស្ស និងសង្គមបាត់បង់ក្រមសីលធម៌។ អ្នកខ្លះបាក់ស្បាត ខូចសុខភាពផ្លូវចិត្ត បាត់បង់ភាពក្លាហាន លែងចង់បញ្ចេញមតិយោបល់ ឬមិនចង់ទៅណាមកណាទៀតផង។ ខ្ញុំមានអារម្មណ៍ថា សោកស្តាយនិងព្រួយបារម្ភណាស់លើអ្នកប្រើបណ្តាញសង្គមមួយសព្វថ្ងៃ»។

អ្នកស្រី រស់ សុភាព បន្ត​​ថា​ ការបញ្ចេញមតិជាសេរីភាពពិតមែន តែត្រូវស្ថិតក្រោមក្រមសីលធម៌។ អ្នកស្រីថា មនុស្សគ្រប់រូបមានសិទ្ធិនិយាយ តែបើនិយាយប៉ះពាល់ដល់អ្នកដទៃ នោះ​មានន័យថា រំលោភសិទ្ធិរបស់​អ្នក​ដទៃ។ ជាដំណោះស្រាយ អ្នកស្រីថា ប្រព័ន្ធផ្សព្វផ្សាយគួរមាននាទីសម្រាប់​ផ្សព្វផ្សាយពី​សីលធម៌និង​វប្បធម៌ ដើម្បីពង្រឹងនិងអភិវឌ្ឍការគិតរបស់មនុស្ស ហើយ​កម្មវិធីសិក្សា​គួរមាន​នាទី​វប្បធម៌និងពង្រឹងការអនុវត្តផងដែរ។

នាយិកាប្រតិបត្តិនៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ អ្នកស្រី ប៉ុក បញ្ញាវិចិត្រ មានប្រសាសន៍ថា រូបរាងខាង​ក្រៅរបស់ស្ត្រី​អាចនឹងត្រូវបានគេរិះគន់និង​បន្តុះបង្អាប់ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​មិនអាចធ្វើអ្វីមួយឱ្យ​គេពេញចិត្តទាំង​អស់​ឡើយ។ អ្នកស្រីបន្តថា ស្ត្រីអាចរក្សាជំហររឹងមាំលើចំណេះដឹងនិងសមត្ថភាពរបស់ខ្លួន ជាជាងគិត​តែ​រូបរាង​​ខាង​ក្រៅ ដោយធ្វើយ៉ាងណាឱ្យ​សង្គមទទួលយកឱ្យ​បាន។

អ្នកស្រីថ្លែងថា៖ «អ្នកទិតៀនស្ត្រី ជាមនុស្សមិនយល់ដឹងពីសង្គម មិនយល់ពីតម្លៃស្រ្តី។ បើយកសម្តីអ្នកដទៃមកបន្ទាបតម្លៃរបស់ខ្លួនឯង នោះយើងមិនមែនជាស្រ្តីជើងខ្លាំងដែលចង់កែប្រែសង្គមទេ»។

ទាក់ទងនឹងការបន្តុះបង្អាប់នៅលើបណ្តាញអ៊ីនធឺណិត អ្នកស្រី បញ្ញាវិចិត្រ សង្កេត​​ឃើញ​ថា មាន​ទាំងទៅលើបុរសនិងស្រ្តី តែ​ស្រ្តីរងគ្រោះពីការរិះគន់នេះខ្លាំងជាងបុរស។​

អ្នកស្រីបន្តថា​៖ «ផលប៉ះពាល់ទៅលើបុរសខុសពីស្ត្រី។ ឧទាហរណ៍ និយាយឱ្យ​អស់ បុរសទោះបីមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ ក៏នៅតែរកភរិយាបាន តែស្ត្រីវិញបើជួបប្រទះការវាយកម្ទេចខ្លាំង គឺជីវិតរបស់នាងនឹងចុះតែម្តង ជាពិសេសនៅលើអនឡាញ។ អាវុធហ្វេសប៊ុក​ជាអាវុធដ៏ខ្លាំងក្លាបំផុត​ សឹងតែស្មើនឹងអាវុធនុយក្លេអ៊ែរ។ អ៊ឹចឹងបានជាខ្ញុំចង់ឱ្យ​សេរីភាពនៃការបញ្ចេញមតិរបស់មនុស្សម្នាក់ៗនៅលើសង្គមហ្វេសប៊ុក សូមឱ្យ​ពិចារណាថាតើវាមានផលលំបាកអ្វីនិងចំណេញអ្វី»។

អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត បានទទួលស្គាល់ថា ការបន្តុះបង្អាប់រូបរាងកាយស្ត្រី ជាទង្វើដែលមិនអាចទទួលយកបានទាល់តែសោះ។ អ្នកស្រីបន្តថា អ្នកដែលបញ្ចេញមតិរិះគន់និងបន្តុះបង្អាប់អ្នកដទៃនៅលើបណ្តាញសង្គម​ បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍និងផ្លូវចិត្តរបស់អ្នកទទួល។ ​បញ្ហានេះ អ្នកស្រីទាមទារឱ្យបុគ្គលម្នាក់ៗចូលរួមទប់ស្កាត់ទាំងអស់គ្នា។

អ្នកស្រី ស ស៊ីណែត៖ «យើងត្រូវស្គាល់ពីតម្លៃរបស់បុគ្គលម្នាក់ៗនិងសមត្ថភាពរបស់គេ ដោយមិនត្រូវជាន់ឈ្លីអ្នកដទៃឡើយ។ ដើម្បីកាត់បន្ថយការបៀតបៀនតាមអនឡាញ យើងត្រូវចាប់ផ្តើមពីបុគ្គល ពោលគឺម្ចាស់គណនីបណ្តាញសង្គមខ្លួនឯងម្នាក់ៗត្រូវចៀសវាងការបន្ទុចបង្អាក់អ្នកដទៃ និងកុំប្រៀបធៀបលើកតម្កើងខ្លួនឯងហើយបន្ទាបតម្លៃអ្នកដទៃឱ្យសោះ»។

លោក អ៊ូ ទេពច័ន្ទណារឹទ្ធ អ្នកបង្កើតមាតិកា​ (Content creator) ឯករាជ្យ​​មួយរូបដែលធ្លាប់រងនូវការ​បន្តុះបង្អាប់នៅ​លើ​បណ្តាញសង្គម មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​​ថា លោកពិបាក​នឹងទទួលយកណាស់​នៅពេលដែលលោក​កំពុង​ធ្វើការ​ផ្សាយផ្ទា​ល់តាម​រយៈ​គេហទំព័រ​ផ្លូវការឱ្យ​ក្រុមហ៊ុនផ្សេងៗ ស្រាប់តែឃើញការបញ្ចេញមតិ​រិះគន់បន្តុះបង្អាប់​ពីរូបរាង​របស់​លោក ជាជាងសមត្ថភាពការងាររបស់លោក។

លោកថា បញ្ហាបន្តុះបង្អាប់នេះបានប៉ះពាល់អារម្មណ៍លោកជាខ្លាំង ហើយស្ត្រីកាន់តែរងផលប៉ះពាល់ធ្ងន់ធ្ងរជាងបុរសថែមទៀត។

លោកលើកឡើងថា៖ «ខ្ញុំកំពុងផ្សាយផ្ទាល់ ទទួលការងារពីក្រុមហ៊ុនផ្សេងៗ ពេលកំពុងធ្វើការស្រាប់តែគេចូលខំមិន[បញ្ចេញមតិលើហ្វេសប៊ុក]ថា ធ្មេញខ្ញុំអាក្រក់ ស្ញេញ​ស្ញាញ​ដូចខ្មោច ដូចព្រាយបិសាច។ ឃើញខំមិនរិះគន់ពីរូបរាងខាងក្រៅអីអស់ហ្នឹង វាប៉ះពាល់អារម្មណ៍ខ្ញុំខ្លាំងមែនទែន។ ខ្ញុំចង់រំលង​ខំមិន​ហ្នឹងណាស់ តែវាបានកន្ត្រាក់អារម្មណ៍ខ្ញុំរួចទៅហើយ។ វាជាចំណុចខ្សោយរបស់យើង វាជាកង្វះខាតរបស់យើង តែធ្វើម៉េចបើធម្មជាតិបានតែប៉ុណ្ណឹង។ វាធ្វើឱ្យ​ខ្ញុំអស់ជំនឿចិត្ត ហើយចង់តែសម្ងំស្ងៀមម្នាក់ឯង។ ពាក្យពិតខ្លះវាត្រឹមត្រូវ តែមិនគួរឱ្យ​និយាយចេញទាល់តែសោះ។ ខ្ញុំជាបុរស ខ្ញុំរឹងប៉ឹងបានបុណ្ណឹង ចុះទម្រាំបងប្អូនជានារី តើគាត់បាត់បង់ការជឿជាក់ប៉ុណ្ណា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ