អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពន្យារពេល​ដាក់​បម្រាម​គោច​រ​រយៈ​ពេល​៧​ថ្ងៃ​បន្ថែមទៀត​

យប់ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២១​ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ ចុះអនុវត្តត្រួតពិនិត្យបម្រាមគោចរដែលកំណត់ចាប់ពីម៉ោង​៩យប់ដល់ម៉ោង​៣នាទីទៀបភ្លឺ​ រយៈពេល១៤ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី២៩​ ខែកក្កដា​ រហូតដល់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចពន្យារពេលដាក់បម្រាមគោចររយៈពេល៧ថ្ងៃបន្ថែមទៀត ខណៈសកម្មភាពការងារ មុខរបរ ឬអាជីវកម្មផ្សេងៗត្រូវបន្តផ្អាករហូតដល់ថ្ងៃទី២៦ ខែសីហា។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែសីហានេះ បានពន្យារពេលការអនុវត្តបម្រាមគោចររយៈពេល៧ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា។ បម្រាមគោចរលើកនេះ គឺអនុវត្តចាប់ពីវេលាម៉ោង១០យប់ ​ដល់ម៉ោង៣ទៀបភ្លឺ។

ក្រៅពីនេះ អាជ្ញាធររាជធានីភ្នំពេញក៏​បាន​បន្ត​ផ្អាក​សកម្មភាពការងារ មុខរបរ ឬ​អាជីវកម្មផ្សេងៗ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៦ ខែសីហា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

រដ្ឋបាលរាជធានីភ្នំពេញ បន្តថា នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន​ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬ​ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនលើសពី១៥នាក់។ មិនតែប៉ុណ្ណោះ សាលារៀន អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីយ​ដ្ឋាន សារមន្ទីរ សួនកុមារ អាជីវកម្មម៉ាស្សា សូណា និងស្ទីម ហាងលក់និងសេពគ្រឿងស្រវឹង រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នបន្តទៀតផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានដាក់វិធានការរដ្ឋបាលនិងបម្រាមគោចរលើកទី១ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់យប់ថ្ងៃទី១៣ ខែសីហានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ