ប៉ូលិស​ថៃ​ថា​ការ​ប្រើប្រាស់​កង​កម្លាំង​មាន​ភាព​ចាំបាច់​ក្នុង​ការ​ទប់​ស្កាត់​ក្រុម​អ្នក​តវ៉ា

ក្រុមបាតុករអហិង្សាកំពុងប្រឈមនឹងក្រុមប៉ូលិសថៃក្នុងអំឡុងពេលធ្វើបាតុកម្មទម្លាក់លោក ប្រាយុទ្ធ ចេញពីតំណែង នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ (Twitter of TLHR / ศูนย์ทนายความเพื่อสิทธิมนุษยชน)

ប៉ូលិសថៃបានចាត់ទុកការប្រើប្រាស់កងកម្លាំងរបស់ពួកគេប្រឆាំងនឹងក្រុមអ្នកតវ៉ាថាជាវិធានការសុវត្ថិភាពសាធារណៈដ៏ចាំបាច់មួយ ខណៈដែលបាតុកម្មបានបន្តកើតមានឡើងបន្ថែមទៀតក្នុងទីក្រុងបាងកក នៅថ្ងៃពុធនេះ ដើម្បីទាមទារសារជាថ្មីឱ្យនាយករដ្ឋមន្ត្រីរបស់ខ្លួនចុះចេញពីតំណែង ជុំវិញការដោះស្រាយករណីវីរុសកូវីដ-១៩មិនបានល្អ។

ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក កាណុង​បាញ់​ទឹក និងគ្រាប់​កាំភ្លើងកៅស៊ូ កាលពីថ្ងៃអង្គារ ដើម្បីបំបែកក្រុមអ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នានៅជិតគេហដ្ឋានរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេចំពោះករណីផ្ទុះឡើងនៃជំងឺរាតត្បាតដែលបានធ្វើឱ្យ​តួលេខស្លាប់បាត់បង់ជីវិតកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្រុមបាតុកររាប់ពាន់នាក់បានធ្វើដំណើរតាមក្បួនរថយន្តនិងម៉ូតូឆ្លងកាត់ទីក្រុងបាងកក ដោយឈប់​នៅទីតាំងទាំងឡាយណាដែលមានជាប់ទំនាក់ទំនងជាមួយសមាជិកគណៈរដ្ឋមន្ត្រីឬអ្នកគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ដែលបានការពារយុទ្ធសាស្ត្ររបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។

ប៉ូលិសថៃបានឱ្យ​ដឹងទៀត​​ថា នៅក្នុងហេតុការណ៍នោះ កងកម្លាំងសមត្ថកិច្ចចំនួន៩នាក់បានរងរបួសដោយសារគ្រាប់បែកប៉េងប៉ុង ដុំថ្ម និងផាវ ដែលបាតុករបានប្រើប្រាស់ ខណៈដែលទ្រព្យសម្បត្តិសាធារណៈផ្សេងទៀតក៏រងការខូចខាតផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអធិការប៉ូលិសក្រុងបាងកក លោក Pakapong Pongpetra យកមកចុះផ្សាយថា៖ «ប៉ូលិសបានសម្រេចចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុង​បាញ់​ទឹក និងគ្រាប់​កាំភ្លើងកៅស៊ូ ពីព្រោះយើងគិតថា បើយើងមិនធ្វើដូច្នេះទេ វានឹងបង្កឱ្យ​មានជាការខូចខាតច្រើនជាងនេះ»។

លោកបន្តថា នៅក្នុងហេតុការណ៍នោះ ក៏មានការឃាត់ខ្លួនមនុស្សចំនួន៤៨នាក់ ក្នុងនោះមានយុវជន១៥នាក់ ខណៈដែលម៉ូតូចំនួន១២២គ្រឿងត្រូវបានរឹបអូស។

គួរបញ្ជាក់ថា ការតវ៉ាតាមដងផ្លូវប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ទាក់ទងទៅនឹងការដោះស្រាយវិបត្តិកូវីដ-១៩មិនបានល្អ និងការខូចខាតដល់សេដ្ឋកិច្ចដែលបង្កដោយជំងឺ​រាតត្បាត ខណៈដែលតួលេខឆ្លងសរុបនៅក្នុងប្រទេសមានចំនួនជាង៧៨ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង៦ពាន់នាក់ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ