វិធានការ​បិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន​នឹង​ចប់​នៅ​ថ្ងៃ​នេះ​ តែ​ការ​ពង្រឹង​វិធានការ​នេះ​នៅ​បន្ត​៧​ថ្ងៃ​ទៀត​

នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ច្រកទ្វារព្រំដែនអន្តរជាតិនៅខេត្តឧត្ដរមានជ័យត្រូវបានអាជ្ញាធរខេត្តផ្អាកដំណើរការបណ្ដោះអាសន្ន ក្រោយមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីបិទខ្ទប់ភូមិសាស្រ្តខេត្ត និងការផ្អាកការធ្វើដំណើរចេញ-ចូលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ “ដែលតា” (Delta)។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

រដ្ឋាភិបាលកម្ពុជាបានប្រកាសពន្យារពេលការអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩» នៅទូទាំងប្រទេស រយៈពេល៧ថ្ងៃបន្តទៀត ខណៈវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែន និងខេត្តសៀមរាប ត្រូវបញ្ចប់នៅថ្ងៃនេះ។

យោងតាមសេចក្តីប្រកាសលេខ០៤ របស់រដ្ឋាភិបាល ចុះថ្ងៃទី១១ ខែសីហា «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩» នៅទូទាំងប្រទេស នឹងបន្តរហូតដល់ថ្ងៃទី១៩ ខែសីហា។ ចំណែកវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនចំនួន​៧ និងខេត្តសៀមរាប នឹងត្រូវបញ្ចប់ចាប់ពីវេលាម៉ោង២៣និង​៥៩នាទី ថ្ងៃទី១២ ខែសីហានេះទៅ។

រដ្ឋាភិបាលបានទទួលស្គាល់ថា ការអនុវត្តវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែន និងខេត្តសៀមរាប និងយុទ្ធនាការថ្នាក់ជាតិរយៈពេល១៤ថ្ងៃកន្លងមកនេះ បានជួយដល់ការគ្រប់​គ្រងនិងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទ “ដែលតា” (Delta)។

ជាក់ស្តែង អត្រានៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រចាំថ្ងៃមានលក្ខណៈថេរ បើទោះជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា បានធ្លាយ​ចូលក្នុងសហគមន៍ ហើយបច្ចុប្បន្នបានរីករាលដាលរហូតទៅដល់​១៧រាជធានី-ខេត្តក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ