ភ្លៀង​ធ្លាក់​ខ្លាំង​កំពុង​វាយ​ប្រហារ​ទី​ប្រជុំជន​នៅ​តំបន់​​សមុទ្ទ​​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង

ស្ពានមួយកន្លែងរងការខូចខាតដោយទឹកជំនន់ ថតបានដោយផ្កាយរណបនៅថ្ងៃទី៣ ខែសីហា នៅទីក្រុងស៊ីនហុង (Sinhung) នៃប្រទេសកូរ៉េខាងជើង។ (KCTV)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្ត្រី​កូរ៉េខាង​ជើងបានចុះត្រួតពិនិត្យតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈ​ភ្លៀងធ្លាក់ខ្លាំងបាន​បន្តវាយប្រហារទីប្រជុំជន​នៅតាមបណ្តោយឆ្នេរសមុទ្រ​ភាគខាងកើត ដែលបង្កឱ្យ​មានការព្រួយបារម្ភអំពីការខូចខាត​ដំណាំនានា។

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង បានរាយការណ៍ថា នាយករដ្ឋមន្ត្រី​កូរ៉េខាង​ជើង លោក Kim Tok Hun បានធ្វើដំណើរទៅកាន់តំបន់នានានៃខេត្ត South Hamgyong ដោយបានថ្លែងទៅកាន់កងទ័ពនិងអ្នកជួយសង្គ្រោះបន្ទាន់ផ្សេងទៀតឱ្យ​​ជួយជួសជុលរាល់ការខូចខាតទាំងឡាយ។

ទីភ្នាក់ងារ​ព័ត៌មានដដែលបានឱ្យ​ដឹងថា៖ «ស្របពេលដែលស្វែងយល់ពីស្ថានភាពរស់នៅរបស់ជនរងគ្រោះដោយទឹកជំនន់ លោក Kim Tok Hun ក៏បានសង្កត់ធ្ងន់ពីតម្រូវការរបស់មន្រ្តីខេត្ត ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះឱ្យ​បានទាន់ពេលវេលាផងដែរ»។

កាលពីខែមិថុនាកន្លងទៅ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក Kim Jong Un បានថ្លែងថា ប្រទេស​នេះប្រឈម​មុខ​នឹងស្ថានភាពស្បៀងអាហារដ៏តានតឹង ខណៈលោកថា ​ការរីករាលដាលនៃជំងឺរាតត្បាត បញ្ហាព្យុះទីហ្វុងកាលពីឆ្នាំមុន និងរលកថ្មីនៃព្យុះ បានបង្កឱ្យមានការព្រួយបារម្ភអំពីកង្វះស្បៀងអាហារ។

កាលពីថ្ងៃអាទិត្យ លោកក៏បានរៀបចំទាហាន ដើម្បីអនុវត្តការងារជួយសង្គ្រោះនៅតំបន់ដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះផងដែរ។

យោងតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍ថា តំបន់មួយចំនួន​នៃ​ខេត្ត North Hamgyong ត្រូវបានវាយប្រហារដោយទឹកភ្លៀងសារជាថ្មី កាលពីថ្ងៃពុធ។

ប្រភពដដែលបានបន្តថា៖ «ជំនន់ទឹកភ្លៀងបានវាយប្រហារតំបន់ទាំងនេះ ដូច្នេះយើងចាំបាច់ត្រូវរៀបចំវិធានការទប់ស្កាត់ឱ្យ​បានហ្មត់ចត់»។

វិធានការនានាគឺត្រូវការចាំបាច់សម្រាប់ការពារផ្ទះ អគារ ដំណាំ រោងចក្រថាមពល ផ្លូវថ្នល់ ផ្លូវដែក និងច្រាំងទន្លេ ជាពិសេសការខូចខាតពីការបាក់ដីដែលបណ្តាលមកពីទឹកជំនន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ