ខេត្ត​ព្រះ​សីហនុ​ រក​ឃើញ​អ្នក​ជំងឺ​កូវីដ-១៩​ប្រភេទ​ថ្មី​​លើក​​ដំបូង​​លើ​កុមារា​​ម្នាក់​​ទើប​មក​​ពី​​ថៃ

កុមារាដែលកំពុងធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ ក្រោយត្រឡប់ពីប្រទេសថៃតាមច្រកអន្តរជាតិខេត្តបន្ទាយមានជ័យ ត្រូវបានគ្រូពេទ្យយកសំណាកកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

ខេត្តព្រះសីហនុ បានប្រកាសរកឃើញករណីអ្នកវិជ្ជមាន​ជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ​ “ដែល​តា” (Delta) ជាលើកដំបូង លើកុមារាម្នាក់អាយុ៨ឆ្នាំដែលទើបធ្វើដំណើរមកពីប្រទេសថៃ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កុមារាវ័យ៨ឆ្នាំរូបនេះបាន​ធ្វើដំណើរមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាម​ច្រក​ឡែម ដោយបា​នធ្វើ​ចត្តាឡីស័ក​នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយបន្តធ្វើចត្តាឡីស័កនៅអគារព្យាបាល សាកាណា៣។

បន្ទាប់មក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់បញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយរហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩បំលែងថ្មីប្រភេទ Delta។

រដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ បានអំពាវនាវឱ្យសាធារណជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួង​សុខាភិបាល។

គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ​កម្ពុជារកឃើញអ្នកមានវិជ្ជមានកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta លើពលករដែលត្រលប់មកពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិក្នុងសហគមន៍សរុបចំនួនសរុប៤២៩នាក់ហើយ ក្នុងចំណោម១៨រាជធានី-ខេត្ត រួមទាំងខេត្តព្រះសីហនុផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ