មន្រ្តី​ថា​ជន​មាន​​ពិការភាព​​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដូច​មនុស្ស​ទូទៅ​ដោយ​គ្មាន​ការ​រើសអើង

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ យោធិនពិការ ព្រមទាំងក្រុមគ្រួសារ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ប្រភេទ Astrazeneca នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងភូមិតេជោ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានការបែងចែកជនមានពិការភាពនិងមិនពិការភាពឡើយក្នុងការទទួលបានឱកាសចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពោលគឺក្រុមជនមានពិការភាពមានឱកាសទទួលបានការចាក់វ៉ាក់សាំងដូចមនុស្សទូទៅ និងត្រូវបានយកចិត្តទុកដាក់​ខ្ពស់ថែមទៀតផង។  

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្នុងការចាក់វ៉ាក់សាំង ក្រសួង​​មិនមានការបែងចែករឿងពិការភាពនិងមិនពិការភាពឡើយ ពោលគឺមិនមានការរើសអើងឡើយ ត្បិតមនុស្សគ្រប់រូបមានឱកាសដូចគ្នា។

បន្ថែមពីនេះ លោកស្រីថា ការចាក់វ៉ាក់សាំងគឺផ្តល់អាទិភាពជានិច្ចទៅដល់ជនពិការ ចាស់ជរា និងស្ត្រីមានផ្ទៃពោះ ជាដើម ឱ្យ​តែគាត់ស្ម័គ្រចិត្តទៅចាក់។ ទោះជាបែបនេះក្តី លោកស្រីថា មានលក្ខខណ្ឌខ្លះដែរដែលជនមានពិការភាពមិនអាចចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩បាន។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «ជាទូទៅ ការចាក់វ៉ាក់សាំងតែងតែមានលក្ខខណ្ឌសុខភាពមួយចំនួនដែលមិនអាចចាក់បាន។ បើយើងនិយាយទៅលើតែភាពពិការរបស់គាត់ មិនមែនជាលក្ខខណ្ឌដែលគាត់មិនអាចចាក់វ៉ាក់សាំងបានទេ។ តែប្រហែលជាពួកគាត់មានបញ្ហាសុខភាពមួយចំនួនដែលក្រុមគ្រូពេទ្យពិនិត្យទៅឃើញថា គាត់មិនអាចចាក់បាន។ សំខាន់លើកត្តាសុខភាពរបស់គាត់ទេ បើបុគ្គលមានសុខភាពមិនល្អ ក៏យើងមិនទាន់ចាក់ឱ្យគាត់ដែរ ដើម្បីចៀសវាងហេតុការណ៍ណាមួយដែលកើតឡើងដោយយថាហេតុ»។

នាយិកាអង្គការជនពិការកម្ពុជា អ្នកស្រី ម៉ាក់ ម៉ូនីកា ប្រាប់ វីអូឌី​ ថាបច្ចុប្បន្ន​ ជនមានពិការភាពសរុបចំនួន៣២នាក់​ក្នុងអង្គការរបស់អ្នកស្រី បានទទួលការចាក់វ៉ាក់សាំងរួចរាល់អស់ហើយ។ អ្នកស្រីថា ក្រោយចាក់វ៉ាក់សាំងរួច មិនទាន់មានបុគ្គលណាម្នាក់ក្នុងចំណោមនោះមានបញ្ហាអ្វីនៅឡើយទេ។ អ្នកស្រីថា នៅពេលទៅចាក់វ៉ាក់សាំង ខាងក្រសួងសុខាភិបាលបានផ្តល់អាទិភាពឱ្យ​ជនមានពិការភាពខ្ពស់ជាងមនុស្សធម្មតាទៀតផង។

អ្នកស្រីថា៖ «ជនមានពិការភាពនៅក្នុងអង្គការយើង មានបំណងចង់ចាក់វ៉ាក់សាំងឱ្យ​គ្រប់៣ដងតាមគោលការណ៍របស់រដ្ឋាភិបាល។ យើង​នៅ​តែលើក​ទឹកចិត្តឱ្យ​​ជនមានពិការភាពទៅទទួលការចាក់វ៉ាក់សាំង គោរពតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ទាំងអស់គ្នា»។

យ៉ាងណា អ្នកស្រីបានបន្ថែមថា ករណីដែលជនពិការមិនអាចចាក់វ៉ាក់សាំងបាន មិនមែនមកពីពិការភាពរបស់ពួកគាត់ទេ ប៉ុន្តែមកពីករណីបុគ្គលនោះមានជំងឺប្រចាំកាយដែលជាលក្ខខណ្ឌជាប់បម្រាមរបស់ក្រសួងសុខាភិបាល។

លោក ស្រៀង គឹមស្រ៊ុន មានពិការភាពដៃ ជើង និងសរសៃទាញ មានប្រសាសន៍ថា លោកបានទៅសុំចាក់វ៉ាក់សាំងនៅសាលារៀនមួយក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ តាំងពីខែឧសភា ឆ្នាំ២០២១ ប៉ុន្តែកាលនោះ គ្រូពេទ្យនៅ​ទីនោះបានបដិសេធ​ចាក់វ៉ាក់សាំងជូនលោក។

លោកថា៖ «ខ្ញុំអត់ទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅឡើយទេ! ពេទ្យថា ចាក់ទៅខ្លាចមានបញ្ហាអី អត់មានអ្នកទទួលខុសត្រូវ អ៊ឹចឹង​គេមិនហ៊ានចាក់ឱ្យ​។ ​ខ្ញុំសង្ឃឹមថា នឹងមានការចាក់វ៉ាក់សាំងឱ្យ​ជនពិការដែរ ព្រោះអីបើសិនអត់បានចាក់វ៉ាក់សាំង គេមិនឱ្យ​ធ្វើការងារអី។ វាពិបាកដែរ ឥលូវកូវីដ-១៩ គេឱ្យ​ចាក់វ៉ាក់សាំងកាពារ»។

បែបនេះក្តី ជនមានពិការភាពវ័យ២៦ឆ្នាំរូបនេះ អះអាងថា លោកនៅតែចិញ្ចឹមចិត្តចង់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ។ លោក​ថា បើអត់ចាក់វ៉ាក់សាំង លោកបារម្ភខ្លាចកន្លែងការងារ​គេមិនឱ្យ​ធ្វើ​ ម៉្យាងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩កំពុងស្ថិតនៅក្នុងក្តីបារម្ភនៅឡើយ​ ខណៈបច្ចុប្បន្ន លោកស្ទើរតែមិនហ៊ានចេញទៅណាមកណាឡើយ។

លោក ស្រៀង គឹមស្រ៊ុន បន្តថា៖ «ខ្ញុំខ្លាច មិនហ៊ានចេញទៅណាផង វាមានការលំបាកច្រើន មិនទៅណាបាន។ មានផលពិបាកច្រើន មានគេរើសអើងច្រើន ដោយសារយើងមិនបានចាក់វ៉ាក់សាំង។ តែបើគេមិនឱ្យចាក់ដើម្បីការពារជីវិតដែលមានពិការភាព យើងកុំចាក់ក៏បាន»។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល​ គិតមកទល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ប្រជាជនវ័យ១៨ឆ្នាំឡើងទៅចំនួនជាង៨លាននាក់នៅទូទាំងប្រទេស រាប់ទាំងជនមានពិការភាព មនុស្សចាស់ ចាស់ជរា ស្រ្តីបំបៅកូន ជាដើម បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ